ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានទទួលជួប ឯកឧត្តម W. PATRICK MURPHY ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដើម្បីពិភាក្សាការងារ

ភ្នំពេញ៖ នាថ្ងៃព្រហស្បតិ៍ ៣រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានទទួលជួប ឯកឧត្តម W. PATRICK MURPHY ឯកអគ្គរដ្ឋទូតសហរដ្ឋ​អាមេរិកប្រចាំកម្ពុជា ដើម្បីពិភាក្សាការងារមួយចំនួនពាក់ព័ន្ធនឹងករណីនាវា MT.COURAGEOUS និងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់រវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក។
នៅក្នុងជំនួបនេះ, ឯកឧត្តមរដ្ឋមន្រ្តី និង ឯកឧត្តមឯកអគ្គរដ្ឋទូត បានសំដែងនូវការអបអរសាទរ និងថ្លែងអំណរគុណគ្នាទៅវិញទៅមក អំពីជោគជ័យនៃកិច្ចសហប្រតិបត្តិការផ្នែកច្បាប់រវាងប្រទេសទាំងពីរ លើករណីនាវា MT.COURAGEOUS ដែលបំពាននឹងទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ និងដែលត្រូវបានរឹបអូសដោយសេចក្តីសម្រេចរបស់តុលាការសហរដ្ឋអាមេរិក និងសេចក្តីសម្រេចរបស់តុលាការកម្ពុជា។ លទ្ធផលជោគជ័យដែលកើតចេញពីកិច្ចសហប្រតិបត្តិការមួយនេះ ជាការបង្ហាញឱ្យឃើញអំពីកិច្ចសហប្រតិបត្តិការផ្នែកច្បាប់យ៉ាងល្អរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក និងជាការបង្ហាញអំពីការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជា ក្នុងការអនុវត្តសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ ជាពិសេស ការចូលរួមការប្រយុទ្ធប្រឆាំងនឹងការរីកសាយភាយអាវុធមហាប្រល័យ និងអំពើភេរវកម្មផងដែរ ដែលនេះគឺជាសក្ខីកម្មមួយដ៏ធំធេងដែលបានជួយលើកកម្ពស់មុខមាត់របស់កម្ពុជានៅលើឆាកអន្តរជាតិ ទាំងកម្រិតតំបន់ ទាំងកម្រិតសាកលលោក។
បន្ថែមពីនេះ, ឯកឧត្តមរដ្ឋមន្ត្រី និង ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាគ្នាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកច្បាប់រវាងប្រទេសទាំងពីរបន្ថែមទៀត ជាពិសេស កិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សនៅកម្ពុជា និងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនានា ជាអាទិ៍ ឧក្រិដ្ឋកម្មចំពោះកុមារ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់។
អត្ថបទដែលជាប់ទាក់ទង