កំណាត់ផ្លូវចំនួនពីរខ្សែក្នុងរាជធានីភ្នំពេញ បានជួសជុលគ្រឹះ និងអ៊ុតកៅស៊ូ (AC) រួចរាល់ហើយនៅថ្ងៃទី១៣ ខែតុលានេះ

រដ្ឋបាលរាជធានីភ្នំពេញ បានជួសជុលកំណាត់ផ្លូវចំនួន២ខ្សែ គឺកំណាត់ផ្លូវជាតិលេខ២ និងកំណាត់ផ្លូវស៊ីសុវត្ថិ រួចរាល់ហើយនៅថ្ងៃទី១៣ ខែតុលានេះ។ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃ១៣ ខែតុលា ឆ្នាំ២០២២នេះថា ដោយអនុវត្តន៍តាមការណែនាំពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពី ថ្ងៃទី០១ខែ តុលា កន្លងមកនេះ ក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ភ្នំពេញបានបើកការដ្ឋានជួសជុលគ្រឹះ និងអ៊ុតកៅស៊ូ(AC) លើកំណាត់ផ្លូវជាតិលេខ២ មាន ប្រវែង៤គីឡូម៉ែត្រកន្លះ ទទឹង១៨ម៉ែត្រ ដោយចាប់ពីស្ពានអាកាសក្បាលថ្នល់ ដល់រង្វង់មូល ព្រះនរាយ៍ (ព្រំប្រទល់ភ្នំពេញ និងខេត្តកណ្ដាល)។ ការដ្ឋាននេះ បានបញ្ចប់កាលពីថ្ងៃ៣០ ខែកញ្ញា ឆ្នាំ២០២២ ហើយពេលនេះក្រុមការងារ បាន និងកំពុងអ៊ុតគំនូសចរាចរណ៍។ ចំណែកកំណាត់ផ្លូវស៊ីសុវត្ថិវិញ បានអនុវត្តន៍ការងារចាប់ពីគល់ស្ពានជ្រោយចង្វារ ដល់រង្វង់ មូលសម្តេចសង្ឃជួនណាត ដោយធ្វើការជួសជុលគ្រឹះ និងអ៊ុតកៅស៊ូ(AC) ហើយការងារនេះ បានបញ្ចប់នៅថ្ងៃទី១៣ ខែតុលានេះហើយ។ មន្ត្រីដដែលបានបញ្ជាក់ផងដែរថា គម្រោងនៃការជួសជុលគ្រឹះ និងអ៊ុតកៅស៊ូ (AC) នៅលើកំណាត់ផ្លូវទាំង២ខ្សែនេះ គឺស្ថិតក្នុងគម្រោងជួសជុលផ្លូវទាំង៥៦ខ្សែរបស់ រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីសម្រួលការធ្វើចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋ និងដើម្បីជា ការលើកសោភណភាពរាជធានីភ្នំពេញឱ្យកាន់តែស្អាត និងមានភាពទាក់ទាញផងដែរ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះរៀបចំសណ្តាប់ ធ្នាប់សាធារណៈនិងពិនិត្យមើលស្ថានភាពផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើ និងអង្រែក្រោម ក្នុងខណ្ឌមានន័យ ហើយឯកឧត្តម បានណែនាំឱ្យមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ត្រូវរៀបចំសណ្តាប់ធ្នាប់សាធារណៈផ្លូវជាតិលេខ២នេះឱ្យបានល្អ ដោយមិនឱ្យមានការលក់ដូររំលោភលើចិញ្ចើមផ្លូវសាធារណៈឡើយ និងមើលថែជួសជុល ក្រឡុកសម្បុកមាន់នៅផ្លូវនេះឱ្យបានល្អ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរទៅ មកបានដោយស្រួល៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង