កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ សង្គម-វប្បធម៌អាស៊ានលើកទី២៨ ប្រារព្វបើកនៅព្រឹកនេះ នឹងពិនិត្យមើលអំពីវឌ្ឍនភាពវិស័យអាទិភាពដែលសម្រេចបានក្នុងឆ្នាំ២០២២

 សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំក្រុម ប្រឹក្សាសហគមន៍ សង្គម-វប្បធម៌អាស៊ានលើកទី២៨ នៅព្រឹកថ្ងៃទី ១៣ខែតុលាឆ្នាំ ២០២២នេះ នៅសណ្ឋាគារសុខាភ្នំពេញ ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី សំណាក់រដ្ឋមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ាន, អគ្គលេខាធិការអាស៊ាន រដ្ឋមន្ត្រីស្ថាប័នក្រោមវិស័យសហគមន៍សង្គម-វប្បធម៌អាស៊ាន ឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ាន, ឧត្តមមន្ត្រីវិស័យក្រោមសហគមន៍សង្គម-វប្បធម៌អាស៊ាន, អគ្គលេខាធិការរងអាស៊ាន, តំណាងអចិន្ត្រៃយ៍សហគមន៍សង្គម-វប្បធម៌អាស៊ាន, ប្រតិភូអម និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងប្រធានក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន នឹងដឹកនាំកិច្ចប្រជុំក្រុម ប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី២៨ (28th ASCC Council Meeting)។ កិច្ចប្រជុំនេះដែរ នឹងមានព្រឹត្តិការណ៍អមចំនួន២ គឺកម្មវិធីប្រកួតជជែកដេញដោលយុវជនអាស៊ាន ឆ្នាំ២០២២ ដែលប្រព្រឹត្តទៅនៅវេលាពេលព្រឹក នៅមជ្ឈមណ្ឌលម៉ានី (អគារ Kampus) និងពិធីសម្ពោធមជ្ឈមណ្ឌលសិក្សាអាស៊ីអាគ្នេយ៍ ដែលប្រព្រឹត្តទៅកាលពីពេល រសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។    កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍ សង្គម-វប្បធម៌អាស៊ានលើកទី២៨ នឹងពិនិត្យមើលអំពីវឌ្ឍនភាពវិស័យអាទិភាពដែលសម្រេចបានក្នុងឆ្នាំ២០២២ នៃកិច្ចប្រជុំឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី៣៣ និងបញ្ហាប្រឈមនានា ដើម្បីចូល រួមដោះស្រាយ សម្រាប់ដាក់ជូនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ នាពេលខាងមុខ។    ក្នុងនាមជាប្រធានក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន ឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន នឹងជម្រាបជូនអង្គប្រជុំអំពីសមិទ្ធផលសំខាន់ៗ, អាទិភាព, ព្រឹត្តការណ៍អម និងឯកសារដែលត្រូវអនុម័ត រួមមាន៖ សេចក្ដីប្រកាសទាក់ទងទៅនឹងការងារកីឡា, អត្តសញ្ញាណអាស៊ាន, វប្បធម៌, ពលករចំណាកស្រុក, សហគ្រិនភាពរបស់ស្ត្រី, ការលើកកម្ពស់ស្ត្រី សន្តិភាព និងសន្តិសុខ។    កិច្ចប្រជុំនឹងចេញសេចក្តីថ្លែងការណ៍រួមទាក់ទងទៅនឹងការបម្រែបម្រួលអាកាស ធាតុ និងការកំណត់ឆ្នាំ២០២២ គឺជាឆ្នាំនៃយុវជនអាស៊ាន ៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង