ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានញ្ជើញថ្លែងបាឋកថា ស្ដីពី ការគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិនៅកម្ពុជា ជូនដល់សិក្ខាកាមនៃក្រសួងការពារជាតិ

ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានញ្ជើញថ្លែងបាឋកថា ស្ដីពី ការគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិនៅកម្ពុជា ជូនដល់សិក្ខាកាមនៃក្រសួងការពារជាតិ ប្រមាណ៥០០នាក់ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ នាទីស្ដីការក្រសួងការពារជាតិ។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងនូវសារគន្លឹះស្ដីពីការ​គ្រប់គ្រង​បរិស្ថាន​និងធនធានធម្មជាតិ សម្រាប់ជាមូលដ្ឋានយល់ដឹងក្នុងវិស័យបរិស្ថាន។ ឯកឧត្តមបានមានប្រសាសន៍ថា កិច្ចការស្នូលជារួមរបស់ក្រសួងបរិស្ថានគឺ “កិច្ចគាំពារបរិស្ថាន និងការអភិរក្សធនធានធម្មជាតិ”។
ក្នុងក្របខណ្ឌនៃកិច្ចគាំពារបរិស្ថាន ការងារចម្បងរបស់ក្រសួងបរិស្ថាន គឺការគ្រប់គ្រប់សំរាម សំណល់រឹងទីប្រជុំជន។ ក្រោមកិច្ចខិតខំប្រែង ការដាក់ចេញនូវក្របខណ្ឌច្បាប់ ផែនការ​យុទ្ធសាស្រ្ត គោលនយោបាយ និងយន្តការច្បាស់លាស់ ស្ថានភាពនៃការគ្រប់គ្រងសំរាម​មានភាពកាន់តែប្រសើរឡើង។ ធាតុស្នូលបីមិនអាចខ្វះបាន ដើម្បីទទួលបានជោគជ័យ និងធានាបាននិរន្តរភាពនៃការដោះស្រាយបញ្ហាសំរាមគឺ “ប្រព័ន្ធប្រមូលសំរាម ទីលាន​ចាក់​សំរាម និងថ្លៃសេវាប្រមូលសំរាម” ដែលត្រូវធ្វើក្នុងពេលព្រមគ្នា។
ចំពោះការគ្រប់គ្រងធនធានធម្មជាតិ គឺត្រូវបានចាត់ទុកថាជាការងារយុទ្ធសាស្រ្ត ដែលមានតម្លៃ​ជា​សារវ័ន្តសម្រាប់ការរស់រាន ភាពសម្បូរបែប និងនិរន្តរភាពនៃជីវៈចម្រុះ(មនុស្ស សត្វ រុក្ខជាតិ​។ល។)។ ធនធនធម្មជាតិ ទាំងធនធានរូបសាស្ត្រ(ទឹក ដី ខ្យល់។ល។) និងធនធានជីវសាស្ត្រ(ព្រៃឈើ សត្វព្រៃ។ល។) បានផ្ដល់នូវអ្វីៗគ្រប់យ៉ាង មានដូចជាទីជម្រក ម្ហូបអាហារ ថ្នាំងព្យាបាលទឹកបរិភោគ និងខ្យល់ដកដង្ហើម។ ហេតុនេះ មនុស្សជាតិទាំងមូល មានភារកិច្ចរួមក្នុងការការពារ និងធានានិរន្តរភាពបរិស្ថាននិងធម្មជាតិ។ ក្រោមការដឹកនាំរបស់ក្រសួងបរិស្ថាន តំបន់ការពារធម្មជាតិននៅទូទាំងប្រទេសកម្ពុជា បាន​កើនពី ២៣កន្លែង នៅឆ្នាំ១៩៩៣ និងបច្ចុប្បន្នមានចំនួនដល់ទៅ ៧៦ កន្លែង គ្របដណ្ដប់លើ​ផ្ទៃដីប្រមាណ៤១%នៃផ្ទៃដីប្រទេសកម្ពុជា។
ដើម្បីអនុវត្តការងារគ្រប់គ្រងបរិស្ថាននិងធនធានធម្មជាតិនៅកម្ពុជា ក្រសួងមានអគ្គនាយកដ្ឋាន​ជំនាញចំនួន៦ គឺ៖
១)អគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ
២)អគ្គនាយកដ្ឋានគាំពារបរិស្ថាន
៣)អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ
៤)អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន
៥)អគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន និង
៦)អគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រ។ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង