សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជាបានកំណត់ប្រធានបទ «ការកសាងអនាគត ប្រកបដោយចីរភាព បរិយាបន្ន និងកាន់តែរឹងមាំ៖ បំផុសសហគ្រិនភាពរបស់ស្ត្រីនៅក្នុងអាស៊ាន»

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្លែងថា ក្នុងនាមជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំកំពូលស្ត្រីអាស៊ាន លើកទី ២ កម្ពុជា បានកំណត់ប្រធានបទ «ការកសាងអនាគត ប្រកបដោយចីរភាព បរិយាបន្ន និង កាន់តែរឹងមាំ៖ បំផុសសហគ្រិនភាពរបស់ស្ត្រីនៅក្នុងអាស៊ាន» ដើម្បីជំរុញកិច្ចសហការ និងការប្តេជ្ញាចិត្តរួមគ្នា ក្នុងការលើកកម្ពស់សហគ្រិនភាពរបស់ស្ត្រី ឱ្យក្លាយជាកម្លាំងចលករគន្លឹះប្រកបដោយចីរភាព និងកាន់តែរឹងមាំក្នុង ការស្តារ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឡើងវិញ ឆ្ពោះទៅរកការកសាងអនាគត និងវិបុលភាពរួមមួយ ។ ថ្លែងក្នុងពិធីបើកកិច្ចប្រជុំកំពូលស្រី្ដអាស៊ាន លើកទី ២ ដោយផ្ទាល់ផង និងតាមរយៈប្រព័ន្ធវីដេអូផង នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នៅវិមានសន្តិភាព សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា អាស៊ាន គឺជាតំបន់ ដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ និងការអភិវឌ្ឍយ៉ាងឆាប់រហ័ស ជាពិសេសដោយសារការចូលរួមដ៏សកម្មរបស់ស្ត្រី។ សេដ្ឋកិច្ចនៃបណ្តាប្រទេសក្នុងអាស៊ាន ពឹងផ្អែកខ្លាំង លើសហគ្រាសធុនមីក្រូ តូច និង មធ្យម ដែលដឹកនាំដោយស្ត្រី។ ជាក់ស្ដែង កម្ពុជាមានសហគ្រាស ធុនមីក្រូ តូច និង មធ្យម រហូតដល់ទៅ ៩៨ភាគរយ នៃចំនួនសហគ្រាសសរុប ដែលបានចូលរួមចំណែក ដល់សេដ្ឋកិច្ចជាតិប្រមាណ ៥៨ភាគរយ និង បានផ្តល់ការងារប្រមាណ ៧៣ភាគរយ នៃការងារសរុប ។ ក្នុងនោះ ស្ត្រី គឺជាអ្នកបង្កើត និងគ្រប់គ្រងប្រមាណ ៦១ភាគរយ នៃចំនួនសរុប នៃសហគ្រាសធុនមីក្រូ, តូច និង មធ្យម ។ សម្ដេចតេជោបានថ្លែងថា ការណ៍នេះ បានធ្វើឱ្យរាជរដ្ឋាភិបាលកម្ពុជា កំណត់ និងជំរុញការលើកតម្កើងស្រ្តីជាឆ្អឹងខ្នង នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនការវិនិយោគលើសមភាពយេនឌ័រ និង ការលើក កម្ពស់តួនាទីរបស់ស្ត្រី នៅក្នុងកិច្ចអភិវឌ្ឍនៅគ្រប់វិស័យ និង គ្រប់កម្រិត។ សម្ដេចតេជោគូសបញ្ជាក់ទៀតថា ក្នុងក្របខណ្ឌអាស៊ាន ទាំងបច្ចុប្បន្ន និងទៅអនាគត ស្ត្រី នឹងបន្តដើរតួនាទីជាតួអង្គដ៏សំខាន់ ជាពិសេសក្នុងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចអាស៊ានឡើងវិញ ប្រកបដោយចីរភាព បរិយាបន្ន និង ភាពរឹងមាំ ។ ការណ៍នេះ ទាមទារឱ្យមានការរួមសាមគ្គី និងសហការគ្នាបង្កើតប្រព័ន្ធអេកូឡូស៊ី ដែលអំណោយផលដល់ការរីកលូតលាស់របស់សហគ្រិនស្ត្រី និងការចូលរួមសហការដោះស្រាយ បញ្ហាប្រឈមផ្សេងៗ ។ ជាក់ស្ដែង, សហគ្រិនភាពរបស់ស្ត្រីនៅក្នុងតំបន់អាស៊ាន បាននិងកំពុង ប្រឈមនឹងឧបសគ្គជាច្រើន ក្នុងការអភិវឌ្ឍ និងការគ្រប់គ្រងសហគ្រាស ជាពិសេសនៅតាមតំបន់ទីជនបទ។ ម្យ៉ាងវិញទៀត ស្ត្រីភាគច្រើន ចាប់ផ្ដើមដំណើរការអាជីវកម្មនៅកម្រិតមីក្រូ កម្រិតតូចៗ និងស្ថិតនៅក្រៅប្រព័ន្ធ ដោយភាគច្រើនលើសលប់មិនទាន់បានចុះបញ្ជីអាជីវកម្មផ្លូវការនៅឡើយ ដែលអាចបង្កឱ្យមានការលំបាកដល់រដ្ឋាភិបាល ក្នុងការកំណត់ និងផ្ដល់ការគាំទ្រតាមការចាំបាច់។ សម្ដេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាកបន្ថែមថា ដើម្បីដោះស្រាយនូវបញ្ហាប្រឈមខាងលើ ក៏ដូចជាបំផុសសក្ដានុពលសហគ្រិនស្ត្រី និងបង្កភាពងាយស្រួលក្នុងការចាប់យកនូវកាលានុវត្តភាព និងសក្តានុពលថ្មីៗនានា យើងគួរពិនិត្យ និងផ្តល់ការយកចិត្តទុកដាក់លើកិច្ចការមួយចំនួន ដូចជា ទី១. រៀបចំប្រព័ន្ធអេកូឡូស៊ី (Ecosystem) ដែលឆ្លើយតបទៅនឹងតម្រូវការរបស់សហគ្រាសធុនមីក្រូ តូច និង មធ្យម និងសហគ្រិនស្ត្រី រួមទាំងការកែលម្អនូវក្របខណ្ឌគតិយុត្ត និងផ្នត់គំនិតសង្គមដែលរារាំងដល់សក្តានុពលរបស់ស្ត្រីនៅក្នុងវិស័យសេដ្ឋកិច្ច។ ទី២. ផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្ស តាមរយៈកម្មវិធីលើកកម្ពស់ជំនាញ (Upskilling) និង បណ្តុះបណ្តាលជំនាញថ្មី (Re-skilling) ដល់ស្ត្រី និង ក្មេងស្រី រួមទាំង កម្មវិធីអប់រំផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និគណិតវិទ្យា(STEM)។ ទី៣. លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និង ឌីជីថល សម្រាប់ស្ត្រី និង ក្មេងស្រី តាមរយៈការផ្ដល់នូវចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងឌីជីថល(Financial and Digital Literacy) និងការសម្រួលលទ្ធភាពទទួលឥណទាន ទីផ្សារ និង ព័ត៌មាន ក្នុងការចាប់ផ្តើម និង អភិវឌ្ឍន៍អាជីវកម្ម ។ ទី៤. ពង្រីកវិសាលភាពគ្របដណ្តប់នៃប្រព័ន្ធគាំពារសង្គម វិធានការគោលនយោបាយ នានាផ្នែកគាំពារសុខុមាលភាពគ្រួសារ និងការឆ្លើយតបលើការងារថែទាំគ្រួសារ និង ការងារផ្ទះរបស់ស្ត្រី ព្រមទាំងការវិនិយោគសាធារណៈលើវិស័យសេវាថែទាំ និងសុខុមាលភាពសង្គម។ សម្ដេចតេជោ ហ៊ុន សែន ថ្លែងសង្កត់ធ្ងន់ថា កិច្ចប្រជុំកំពូលស្ត្រីអាស៊ាន លើកទី ២ ដែលមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំកំពូល នៃបណ្តាប្រទេសអាស៊ាន និងប្រទេសជាដៃគូ គឺជាសក្ខីភាព ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការប្ដេជ្ញាចិត្តដ៏មុតមាំ ក្នុងការរួមសាមគ្គី និង សហការគ្នាលើកកម្ពស់សហគ្រិនភាពរបស់ស្ត្រី ហើយកិច្ចប្រជុំនាថ្ងៃនេះ នឹងពិភាក្សា និងផ្តល់យោបល់លើការរៀបចំ សេចក្តីថ្លែងការណ៍ ស្ដីពីការកសាងអនាគតប្រកបដោយចីរភាព បរិយាបន្ន និងកាន់តែរឹងមាំ ៖ បំផុសសហគ្រិនភាពរបស់ស្ត្រីនៅក្នុងអាស៊ាន។ សម្ដេចតេជោសង្ឃឹមថា ថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន និង ប្រទេសជាដៃគូ ទាំងអស់ នឹងផ្តល់ការគាំទ្រដល់សេចក្តីថ្លែងការណ៍នេះ៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង