ប្រជាពលរដ្ឋចំនួន២០០គ្រួសារ រស់នៅក្នុងក្រុងស្ទឹងសែន ទទួលបានស្បៀងពីសម្តេចតេជោ ហ៊ុន សែន

 កំពង់ធំ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២– ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំមានប្រសាសន៍ថា ទោះបីជាប្រជាពលរដ្ឋគ្រប់រូប មានលំនៅឋានឆ្ងាយពីសម្តេចតេជោ ហ៊ុន សែន យ៉ាងណាក្តី តែបេះដូងសម្តេចនៅក្បែរប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ។ ការថ្លែងដូច្នេះក្នុងឱកាសឯកឧត្តម និងមន្ត្រីក្រោមឱវាទជាច្រើនរូប បាននាំយកស្បៀងអាហាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន២០០គ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់នារសៀលថ្ងៃ១៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃច័ន្ទ ទី១០ ខែតុលា ឆ្នាំ២០២២ នៅសាលាក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍បន្តថា ស្បៀងអាហារទាំងអស់នេះវាមានទំហំតិចតួចយ៉ាងណាក្តី ក៏អាចដោះស្រាយជីវភាពរបស់បងប្អូនបានមួយគ្រាផងដែរ។ ស្បៀងទាំងនេះគឺរដ្ឋបាលខេត្តកំពង់ធំ មិនបានចែកជូនដល់ប្រជាពលរដ្ឋបានគ្រប់ៗគ្នាឡើយ គឺអាជ្ញាធរជ្រើសរើស តែប្រជាពលរដ្ឋណារងគ្រោះដោយសារទឹកជំនន់ ដែលជីវភាពខ្វះខាតជាចម្បងសិន ដូច្នេះសូមប្រជាពលរដ្ឋដែលមិនទាន់បានស្បៀងសូមកុំប្រកាន់ ឬគិតថាបក្សពួកនិយមឱ្យ សោះ គឺរដ្ឋបាលខេត្តដោះស្រាយជាមុន ចំពោះប្រជាពលរដ្ឋកំពុងខ្វះខាត់ប៉ុណ្ណោះ។ អាជ្ញាធរក្រុងស្ទឹងបានឱ្យដឹងថា ស្ថានភាពទឹកជំនន់ និងស្ថានភាពទឹកស្ទឹងសែន បន្ដឡើងដល់កម្ពស់ ១៤,០៩ម៉ែត្រ លើសការប្រកាសអាសន្ន០,៥៩ម៉ែត្រ ធ្វើឱ្យប្រជាពលរដ្ឋក្នុងក្រុងស្ទឹងសែន រងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៣ ១៧៩គ្រួសារ។ ចំពោះការបង្កបង្កើនផលស្រូវ គឺប៉ះពាល់ចំនួន ១ ៨១៤ហិកតា  ស្មើ៨៩៣គ្រួសារ និងខូចខាត់ចំនួន ៤៥១ហិកតា ស្មើ ១៤៦គ្រួសារ។ គួរបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋចំនួន២០០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ បានទទួលស្បៀងពីរដ្ឋបាលខេត្តកំពង់ធំ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ, មី, ត្រីខកំប៉ុង, ទឹកស៊ីអ៊ីវ, ទឹកត្រី, ទឹកសុទ្ធ, និងអំបិលអីយ៉ូតលីលីដា ផងដែរ ៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង