ការបង្ហូរទឹកកខ្វក់ សំរាម កាកសំណល់ប្លាស្ទិចចូលទៅក្នុងប្រឡាយជប៉ុននៅមុខបុរីពិភពថ្មី គួរស្រូវ៣ ពុំទាន់ឃើញមានអាជ្ញាធរសង្កាត់ ខណ្ឌ រាជធានី ក្រសួងណាមានវិធានក្ដៅនៅឡើយនោះទេ!
ភ្នំពេញ៖ តើអ្វីទៅជាបរិស្ថាន? បរិស្ថានមានន័យថា អ្វីៗដែលនៅជុំវិញខ្លួនយើង និងខ្លួនយើងផងដែរ រាប់ទាំងភាវៈមានជីវិត និងគ្មានជីវិតទាំងអស់នៅលើផែនដីមានទំនាក់ទំនងនិងគ្នាទៅវិញទៅមក ហើយអាចជះឥទ្ធិពលពីគ្នាទៅវិញទៅមកដោយផ្ទាល់ និងដោយប្រយោល។ តើអ្វីជាការបំពុលខ្យល់? ការបំពុលខ្យល់ គឺជាបញ្ហាគ្រោះថ្នាក់មួយ ដែលខ្យល់មិនបរិសុទ្ធ និងមានសារធាតុពុល គំរាមកំហែងដល់ជីវិតមនុស្ស។ យោងតាម សន្ទស្សន៍ការអនុវត្តបរិស្ថាន ប្រទេសកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់ទី១៦២ លើ១៧៨ ប្រទេសផ្អែកលើគុណភាពខ្យល់ នៅក្នុងឆ្នាំ២០១៤។ តើអ្វីជាការបំពុលទឹកហើយធ្វើឱ្យមានការប៉ះពាល់ដល់អ្វីខ្លះ? ការបំពុលទឹក ធ្វើឱ្យមានការប៉ះពាល់ដោយផ្ទាល់ដល់បរិស្ថាន ហើយវាក៏ប៉ះពាល់ទាំងដោយផ្ទាល់ និងដោយប្រយោលដល់មនុស្សនិងសត្វផងដែរ។ ការប្រើប្រាស់ទឹកស្អាត និងប្រកបដោយនិរន្តរភាព នៅតែជាបញ្ហាប្រឈមមួយ ជាពិសេសគ្រួសារនៅតាមជនបទ។ គួរឱ្យកត់សម្គាល់ផងដែរ ទឹកទន្លេ ដែលរងការបំពុល នៅតែជាប្រភពទឹកសំខាន់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាជន ដោយហេតុថា ហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខាទឹក នៅមានកម្រិតនៅឡើយ។ ទឹកកខ្វក់ ឬរងការបំពុល ជាលទ្ធផលបណ្តាលមកពី ឧស្សាហកម្មរ៉ែ និងសកម្មភាពឧស្សាហកម្មផ្សេងៗទៀត ដែលនាំឱ្យមានគ្រោះថ្នាក់ដល់សុខភាពមនុស្ស។ យ៉ាងណាមិញ បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋល្អបានឲ្យភ្នាក់ងារព័ត៌មាន ដឹងនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២នេះថា សំរាម និងកាកសំណល់ប្លាស្ទិចជាច្រើនបានកំពុងអណ្ដែតលើផ្ទៃទឹកប្រឡាយជប៉ុនមួយខ្សែ ស្ថិតនៅមុខបុរីពិភពថ្មី គួរស្រូវ៣ ក្នុងភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលទឹកមានពណ៌ខ្មៅ ក្លិនស្អុយយ៉ាងខ្លាំង ជាហេតុធ្វើឱ្យមានការប៉ះពាល់ដោយផ្ទាល់ដល់បរិស្ថាន ហើយក៏ប៉ះពាល់ទាំងដោយផ្ទាល់ និងដោយប្រយោលដល់មនុស្សនិងសត្វ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងនោះ។ បើយោងតាមប្រជាពលរដ្ឋរស់នៅក្បែរនោះបានឲ្យដឹងនៅថ្ងៃនេះថា មូលហេតុដែលទឹកក្នុងប្រឡាយពណ៌ខ្មៅ និងមានក្លិនស្អុយយ៉ាងខ្លាំងដូច្នេះដោយសារមានអ្នករស់នៅជាប់ប្រឡាយនោះ បង្ហូរទឹកស្អុយ បោះសំរាមចូល ព្រោះថានៅម្ដុំនោះអត់មានលូសម្រាប់បង្ហូរទឹកចេញនេះទេ មានតែបង្ហូរចូលប្រឡាយនេះ។ ជាក់ស្តែងនៅរសៀលនេះ ភ្នាក់ងារព័ត៌មាន បានចុះទៅដល់ទីតាំងបានសង្កេតឃើញថា ទឹកក្នុងប្រឡាយជប៉ុនខាងលើនេះពិតមានសំរាម កាកសំណល់ប្លាស្ទិច អណ្តែតពាសពេញទឹក ហើយទឹកមានក្លិនស្អុយយ៉ាងខ្លាំងរហូតដល់យើងសឹងទប់មិនឲ្យក្អួតសឹងមិនបាន។ មួយទៀតពេលចុះដល់ខ្យល់ដែលមកប៉ះមុខនិងខ្លួនយើង បានធ្វើឲ្យរមាស់ ក្លិនស្អុយជាប់ច្រមុះនិងសម្លៀកបំពាក់ទៀតផង។ ជាងនេះទៅទៀត គេក៏បានសង្កេតឃើញទៀតថា ពិតជាមានការបង្ហូរទឹកកខ្វក់ចេញពីផ្ទះជួល និងរោងចក្រភ្នំពេញប្លាស្ទិចប្រូដាក់និងរោងចក្រកែច្នៃផ្សេងទៀតប្រាកដមែន។ ជុំវិញករណីខាងលើនេះ ប្រជាពលរដ្ឋក៏បានស្នើសុំដល់លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន មេត្តាចាត់វិធានការទប់ស្កាត់ឲ្យបានលឿនរហ័សបំផុត និងចាត់មន្ត្រីជំនាញមកត្រួតពិនិត្យ និងធ្វើការផាកពិន័យឲ្យបានតឹងរ៉ឹងបំផុតចំពោះថៅកែរោងចក្រនិងម្ចាស់ផ្ទះជួលឲ្យកម្មករទាំងនោះ បើសិនរកឃើញថាពិតជាបានលួចបង្ហូរទឹកកខ្វក់ ទឹកស្អុយ សំរាមនិងកាកសំណល់ចូលទៅក្នុងប្រឡាយខាងលើពិតប្រាកដមែន៕សម្រួលដោយ ទៀង បុណ្ណរី