រដ្ឋបាលខេត្តបាត់ដំបង រៀបចំប្រណាំងទូក បណ្ដែតប្រទីប នាថ្ងៃចេញព្រះវស្សា

រដ្ឋបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃអាទិត្យ ទី០៩ ខែតុលា ឆ្នាំ២០២២ បានរៀបចំចាប់ផ្តើមបើកឱ្យដំណើរការ នៃការរៀបចំប្រណាំងទូក បណ្ដែតប្រទីប នាថ្ងៃចេញព្រះវស្សាឡើងវិញ ដើម្បីផ្តល់នូវភាពសប្បាយរីករាយ ជូនដល់ប្រជាពលរដ្ឋ បន្ទាប់ពីបានខកខានអស់ពេលពីរឆ្នាំ ដោយសារតែវិបត្តិនៃជំងឺកូវីដ-១៩ ។ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានប្រសាសន៍ថា ពិធីបើកការប្រណាំងទូក និងបណ្តែតប្រទីប ដែលប្រារព្ធធ្វើនៅតាមបណ្តោយដងស្ទឹងសង្កែ ក្រុងបាត់ដំបង ក្នុងថ្ងៃចេញព្រះវស្សា ដែលមានរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ នាឱកាសនេះ ដើម្បីបើកឱកាសជូនប្រជាពលរដ្ឋ នៅក្នុងខេត្តបាត់ដំបង ក៏ដូចជាប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តផ្សេងៗ បានកម្សាន្តសប្បាយរីករាយ និងចូលរួមថែរក្សានូវប្រពៃណីជាតិ ដែលជាប់ទាក់ទងទៅនឹងប្រវត្តិសមយុទ្ធ នៃកម្លាំងសាមគ្គីកងទ័ពជើងទឹករបស់ខ្មែរយើង។ ឯកឧត្តម អភិបាលខេត្តបាត់ដំបង បានបញ្ជាក់ដែរថា ជាទូទៅពិធីប្រណាំងទូកនៅខេត្តបាត់ដំបង តែងតែរៀបចំត្រូវនឹងថ្ងៃចេញព្រះវស្សា គឺថ្ងៃ១៤-១៥កើត ខែអស្សុជ ដើម្បីផ្សាភ្ជាប់ទៅតាមទំនៀមទម្លាប់ប្រពៃណី និង វប្បធម៌របស់ប្រជាពលរដ្ឋក្នុងខេត្តបាត់ដំបង ។ នៅក្នុងព្រឹត្តិការណ៍បុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ខេត្តបាត់ដំបងឆ្នាំនេះ គណៈកម្មការខេត្ត បានរៀបចំឱ្យមានកម្មវិធីមួយចំនួនរួមមាន៖ ការប្រណាំងទូក បណ្តែតប្រទីប បង្ហោះគោម បាញ់កាំជ្រួច ការតាំងពិព័រណ៍ផលិតផល ការប្រគំតន្រ្តីកម្សាន្តជាដើម ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-ភ្ញៀវទេសចរបរទេស និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន មកទស្សនាកម្សាន្ត រួមទាំងទស្សនានូវសមិទ្ធផលនានា នៅក្នុងក្រុងបាត់ដំបង ដែលកំពុងមានការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់ ។ ក្នុងឆ្នាំនេះ មានទូកចូលរួមប្រណាំងចំនួន៣៥ទូក និងកីឡាករ កីលាការិនី សរុបចំនួន ១ ២០៣នាក់ កីឡាករពេញសិទ្ធិចំនួន ៨៩៥នាក់ កីឡាករបម្រុង ៣០៨នាក់ ក្នុងនោះមានកីឡាការិនីចំនួន ៦០នាក់ បម្រុង២០នាក់ ដែលចែកចេញជាប្រភេទទូកផ្កាចារ ទូកង ចំណុះ ៦នាក់ មាន០៨ទូក ទូកខ្នាតអន្តរជាតិចំណុះ២២នាក់ នារីមាន ០១ទូក ៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង