ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ណែនាំដល់សិក្ខាកាមកងយោធពលខេមរភូមិន្ទគ្រប់ៗរូប ពាំនាំយកចំណេះដឹងដើម្បីយកមកបម្រើប្រជាពលរដ្ឋ និងការពារជាតិមាតុភូមិយើង
ភ្នំពេញ៖ ក្នុងឱកាសស្នាក់អាស្រ័យបំពេញទស្សនកិច្ចការងារនៅប្រទេសអូស្ត្រាលី ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក បានអនុញ្ញាតឱ្យក្រុមសិក្ខាកាមកងយោធពលខេមរភូមិន្ទកម្ពុជាដែលកំពុងបំពេញកម្មសិក្សា នៅប្រទេសអូស្ត្រាលី ដឹកនាំដោយ វរសេនីយ៍ឯក ម៉ន ខ័នឫទ្ធី សេនានុពន្ធ័កម្ពុជាប្រចាំនៅប្រទេសអូស្ត្រាលី ចចូលជួបសំដែងការគួរសម។ ឯកឧត្តម ហ៊ុន ម៉ាណែត បានផ្តល់ដំបូន្មានក៏ដូចជាចែករំលែកបទពិសោធន៍ល្អៗ ដោយផ្តោតសំខាន់សម្រាប់ក្រុមសិក្ខាកាមឲ្យត្រូវចេះយកចិត្តទុកដាក់ថែរក្សាសុខភាពស្រលាញរាប់អានគ្នាបង្កើនសាមគ្គីផ្ទៃក្នុង ជាពិសេស ឯកឧត្តម បានផ្តាំផ្ញើរឲ្យក្រុមសិក្ខាកាមយើងឲ្យបន្តប្រកាន់ភ្ជាប់នូវការខិតខំតស៊ូប្រឹងប្រែងសិក្សារៀនសូត្រ ហ្វឹកហាត់ ប្រកាន់ភ្ជាប់នូវ វិន័យ សីលធម៌ សេចក្ដីថ្លៃថ្នូរ ដូចដែលបានប្រតិបត្តិនាពេលកន្លងមក ដើម្បីឈានទៅរកជោគជ័យក្នុងបេសសកម្មហ្វឹកហ្វឺននៅក្រៅប្រទេស ក៏ដូចជាពាំនាំនូវកិត្តិយសដល់ប្រទេសជាតិនាឆាកអន្តរជាតិផងដែរ ដែលសិក្ខាកាមកងយោធពលខេមរភូមិន្ទគ្រប់ៗរូប ទាំងក្នុង និងក្រៅប្រទេសនេះហើយដែលនឹងពាំនាំយកចំណេះដឹងទាំងនោះ ដើម្បីយកមកបម្រើប្រជាពលរដ្ឋ និងការពារជាតិមាតុភូមិយើងក្រោយពេលបញ្ចប់ការសិក្សា ក្លាយទៅជានាយទាហានដ៏មានសមត្ថភាព ប្រកបទៅដោយគុណភាព ដែលជាអនាគតសសរទ្រូងនៃវិស័យការពារជាតិរបស់ព្រះរាជាណាចក្រកម្ពុជាយើង៕ សម្រួលដោយ ទៀង បុណ្ណរី