រាជធានីភ្នំពេញជំរុញការជួសជុលផ្លូវ អ៊ុតកៅស៊ូ លាបគំនូសចរាចរណ៍ ជាមួយនឹងការតុបតែងលម្អសោភ័ណ ភាពដើម្បីស្វាគមន៍គណៈ ប្រតិភូអាស៊ាន និងការប្រកួតកីទ្បាស៊ីហ្គេម
ភ្នំពេញ៖ ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការតុបតែងលម្អ បំពាក់ភ្លើងពណ៌ ផ្កាភ្ញី តាមបង្គោលភ្លើង សួនច្បារ និងដងផ្លូវសំខាន់ៗក្នុងរាជធានីភ្នំពេញ លាបថ្នាំខឿនចែកទ្រូងផ្លូវ ព្រមទាំងជួសជុលផ្លូវសំបុកមាន់ រៀបការ៉ូឡា ដាក់លូនៅទីតាំងមួយចំនួនដែលរងការខូចខាត ពិសេសរៀបចំ ឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធមហាវិថីឈ្នះឈ្នះ និងកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញរហូតដល់ព្រំប្រទល់ខេត្តកណ្ដាល ជាមួយនឹងការ ណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ចូលរួមសហការ ខណៈដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងការប្រកួតកីទ្បាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ។ ការណែនាំបែបនេះបានធ្វើ ឡើងនារសៀលថ្ងៃទី០៦ ខែ តុលា ឆ្នាំ២០២២នេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យត្រៀមសហការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២ និងការប្រកួតកីទ្បាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដោយមានការចូលរួមពីអាជ្ញាធរខណ្ឌទាំង១៤និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមឃួង ស្រេង បានមាន ប្រសាសន៍លើកឡើងថា៖ ក្រោយបញ្ចប់រដូវវស្សាយើងតែងតែធ្វើការជួសជុលផ្លូវឡើងវិញ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ តែសម្រាប់ឆ្នាំនេះវាពិសេសថែមទៀត នោះគឺយើងត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងការប្រកួតកីទ្បាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ថែមទៀត ដែលការងារនេះយើងត្រូវតែយក ចិត្តទុកដាក់ឱ្យបានខ្ពស់។ ឯកឧត្ដមឃួង ស្រេង បន្ថែមថា ការងារមួយនេះមិនមែនពឹងតែលើមន្ទីរសាធារណការនិងដឹក ជញ្ជូនរាជធានីភ្នំពេញនោះទេ ដាច់ខាតត្រូវតែមានការចូល រួមពីអាជ្ញាធរខណ្ឌទាំង១៤ សហការនិងចូលរួម ទើបការងារនេះដំណើរការទៅដោយរលូន ដូចជាត្រូវត្រួត ពិនិត្យមើល ផ្លូវ លូ អំពូលភ្លើងដែលខូច របាំងថ្មពុះចែកទ្រូងផ្លូវ ដើម្បីរាយការណ៍ឱ្យមានការជួសជុលឡើងវិញ ។ ឯកឧត្ដមឃួង ស្រេង បានបញ្ជាក់ថា៖ យើងមានព្រឹត្តិការណ៍ធំៗជាច្រើន ដោយកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល និងត្រូវធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីទ្បាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ថែមទៀត ។ ដូច្នេះការងារដែលយើងត្រូវអនុវត្តនោះ គឺរួមគ្នាធ្វើយ៉ាងណាឱ្យភ្នំពេញមានសោភ័ណភាពស្រស់ស្អាត ដើម្បីទទួលប្រតិភូ ដល់ជាង៤០ប្រទេសដែលត្រូវមកប្រជុំនៅរាជធានីភ្នំពេញ។ គួរបញ្ជាក់ថា កំណាត់ផ្លូវចំនួន៥៦ខ្សែ ដែលរដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងជួសជុលកែលម្អឱ្យប្រសើរឡើង ក្នុងនោះសម្រាប់ មហាវិថីធំៗ ដែលបាននិងកំពុងជួសជុល មានដូចជាផ្លូវស៊ីសុវត្ថិ ផ្លូវ៤៧ សហព័ន្ធរុស្ស៊ី ផ្លូវជាតិ៦អា និងផ្លូវមេគង្គជាដើម ហើយការងារនឹងត្រូវបញ្ចប់១០០% ចុងខែនេះហើយ។ សម្រាប់ការងារតុបតែងផ្កា សួនច្បារ ភ្លើងបំភ្លឺ ក៏ជាការងារចម្បងដែលត្រូវអនុវត្តឱ្យបានប្រសើរឡើងផងដែរ ៕សម្រួលដោយ ទៀង បុណ្ណរី