អភិបាលខេត្តប៉ៃលិនចាត់ឱ្យមន្ត្រី និងក្រុមយុវជនជួយដកដំឡូងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង
ប៉ៃលិន ៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃរដ្ឋបាលខេត្ត, មន្ទីរអង្គភាពជុំវិញខេត្ត និងកង កម្លាំង បានសហការជាមួយ យុវជន ស.ស.យ.ក ខេត្ត, យុវជនកាកបាទក្រហមកម្ពុជាខេត្ត ចុះជួយដកដំឡូងរបស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ស្ថិតនៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២។ លោក សោរ សុវណ្ណ អភិបាលរងខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ក្រោមការចង្អុលបង្ហាញ និងណែនាំពីសំណាក់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃរដ្ឋបាលខេត្ត ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងកងកម្លាំង បានសហការជាមួយ យុវជន ស.ស.យ.ក ខេត្ត, យុវជនកាកបាទក្រហមកម្ពុជាខេត្ត ចំនួនជាង ២០០នាក់ ចុះជួយដកដំឡូងរបស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ហើយខ្វះកម្លាំងពលកម្ម នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ។ នៅក្នុងឱកាសនោះផងដែរ លោកអភិបាលរងខេត្ត ក៏បានមានប្រសាសន៍នាំមកនូវបណ្តាំផ្ញើរបស់លោកជំទាវអភិបាលខេត្ត ដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតំបន់រងគ្រោះដោយជំនន់ទឹកភ្លៀង សូមយកចិត្តទុក ដាក់ទៅលើបញ្ហាសុខភាព ដោយត្រូវរក្សាអនាម័យក្នុងការរស់នៅជាប្រចាំ ដូចជា៖ លាងដៃនឹងសាប៊ូ ហូបទឹកឆ្អិន និងដេកក្នុងមុងជានិច្ច ដើម្បីចៀសវាងការកើតមានជំងឺតម្កាត់ផ្សេងៗ ហើយបើមានបញ្ហាសុខភាព សូមប្រញាប់ប្រញាល់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលជិតបំផុត ដើម្បីទទួល ការព្យាបាលបានទាន់ពេលវេលា។ ឯកឧត្តម ឈុំ ឆុនលី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម បានកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំង និងក្រុមយុវជនទាំងអស់ ក្រោមការដឹកនាំរបស់លោកជំទាវ បាន ស្រីមុំ បានចុះមកជួយបងប្អូនប្រជាពលរដ្ឋ យ៉ាងសស្រាក់សស្រាំ និងទាន់ពេលវេលា ។ លោកពូ យ៉ាន់ យន់ និងភរិយា រស់នៅភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដែលជាម្ចាស់ដំឡូងមី ដែលលិចលង់ដោយសារជំនន់ទឹកភ្លៀង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងមន្រ្តីរាជការ កងកម្លាំង ក្រុមយុវជនស.ស.យ.ក និងក្រុមយុវជនកាកបាទក្រហមកម្ពុជាខេត្តទាំងអស់ ដែលបានចុះមកយ៉ាងសស្រាក់សស្រាំ ក្នុងការជួយសង្រ្គោះដំណាំដំឡូង មីរបស់គាត់បានទាន់ពេលវេលា។ លោកសាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន បានឱ្យដឹងថា៖ នៅឃុំស្ទឹងត្រង់ ដាំដុះដំណាំដំឡូងមី ចំនួន ៤០៦ហិកតា ក្នុងនោះរងការខូចខាតចំនួន ១០៦ហិកតា,ដំណាំពោតមានចំនួន ៣៩៧ហិកតា មិនទាន់មានរងការខូចខាតនៅឡើយទេ, ដំណាំស្រូវរងការប៉ះពាល់តិចតួច.ដំណាំរួមផ្សំ និងបន្លែបង្ការ មានចំនួន ២៣ហិកតា ក្នុងនោះរងការខូចខាតចំនួន ០៧ ហិកតា៕សម្រួលដោយ ទៀង បុណ្ណរី