ឯកឧត្តម ណុប ចាន់ណារិន្ទ ៖ ការអនុវត្តច្បាប់ ការអនុវត្តលិខិតបទដ្ឋានគតិយុត្ត និងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលបានល្អ គឺជាប្រសិទ្ធភាពនៃការពង្រឹងនីតិរដ្ឋ

ឯកឧត្តម ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការធិការ និងជាអ្នកនាំពាក្យក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានលើកឡើងថា ការពង្រឹងនីតិរដ្ឋ មិនមែន យើងមានតែទ្រឹស្តីនោះទេ ជោគជ័យរបស់វាគឺស្ថិតលើប្រសិទ្ធភាព នៃការអនុវត្តជាក់ស្តែងចំ ទិសដៅតាមច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តនានា និងបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់ចេញឱ្យអនុវត្តន៍ ពិសេសកម្មវិធីនយោបាយ ផែនការ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ ជាតិជូនប្រជាពលរដ្ឋ ដែលជាគោលដៅនៃការធានាការដឹកនាំគ្រប់គ្រងរដ្ឋ និងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម។ ការអនុវត្តច្បាប់ ការអនុវត្តលិខិតបទដ្ឋានគតិយុត្ត និងបទបញ្ជារបស់ប្រមុខ រាជរដ្ឋាភិបាលបានល្អ គឺជាប្រសិទ្ធភាពនៃការពង្រឹងនីតិរដ្ឋ។ ឯកឧត្តម បានបញ្ជាក់ បែបនេះ នៅក្នុងដំណើរបេសកកម្មការងារអធិការកិច្ច នៅខេត្ដក្រចេះ កាលពីព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២។ ឯកឧត្តម ណុប ចាន់ណារិន្ទ បានបន្តថា ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច មានតួនាទីធ្វើជាសេនាធិការឱ្យរាជរដ្ឋាភិបាល ប្រៀបដូចជាកញ្ចក់ឆ្លុះបញ្ចាំង ពីសកម្មភាពអនុវត្តន៍ជាក់ស្តែងរបស់ស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ក៏ដូចជាផ្នែកមិនមែនរដ្ឋ តាមរយៈការចុះធ្វើអធិការកិច្ចលើគ្រប់វិស័យ ក្នុងគោលដៅពង្រឹងការអនុវត្តច្បាប់ ទប់ស្កាត់ និងប្រឆាំងអំពើពុករលួយ ការរំលោភដោយអំណាច និងបាតុភាពអសកម្មនានានៅក្នុងជួរ រដ្ឋបាលសាធារណៈ ដើម្បីធានាការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនៃថវិកា និងទ្រព្យ សម្បត្តិរដ្ឋ ការពារសុវត្ថិភាពសាធារណៈ និងការពារសិទ្ធិរបស់ប្រជាពលរដ្ឋ។ សូមបញ្ជាក់ថា យោងតាមលិខិតបេសកកម្ម ដែលប្រតិភូចុះបំពេញការងារខេត្ត ក្រចេះនាពេលនេះ គឺអនុវត្តន៍តាមផែនការសកម្មភាពការងារ ពិសេសការចង្អុលណែនាំពី លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដោយផ្តោតតាមកម្មវត្ថុពីរជាសំខាន់៖ ១-ត្រួតពិនិត្យ ឬធ្វើអធិការកិច្ច លើសេវាសាធារណៈ ព្រោះគុណភាពសេវាសាធារណៈ គឺជាប្រសិទ្ធភាព នៃការបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ។ ទី២-ត្រួតពិនិត្យកិច្ចលទ្ធិកម្មនៅក្នុងជួរ រដ្ឋបាល ដើម្បីលើកកម្ពស់ការគ្រប់គ្រងទ្រព្យសម្បតិ្តរដ្ឋ ប្រកបដោយប្រសិទ្ធភាពនៃថវិកា។ ឯកឧត្តម ណុប ចាន់ណារិន្ទ ក្នុងនាមលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងនូវការអរគុណចំពោះរដ្ឋបាលខេត្តក្រចេះ ដែលបានផ្តល់កិច្ចសហការឱ្យមានការ ចូលរួមពីគ្រប់វិស័យចំណុះឱ្យរដ្ឋបាលខេត្ត ដើម្បីប្រសិទ្ធភាពការងារជូនរាជរដ្ឋាភិបាល និងកាន់តែផ្តល់ជំនឿទុកចិត្តពីប្រជាជន។ ឯកឧត្តម ណុប ចាន់ណារិន្ទ បានបញ្ជាក់ទៀតថា ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច មានភារកិច្ចអប់រំ បង្ការទប់ស្កាត់ និងកែលម្អកំហុសខុសឆ្គង ដែលក្រសួង ស្ថាប័ន អង្គភាព ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិបានអនុវត្តន៍កន្លងមក ដើម្បីកែ លម្អ ជំរុញលើកកម្ពស់អភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណនៅគ្រប់ ដំណាក់កាល និងការចូលរួមឱ្យមានប្រសិទ្ធភាពតាមអភិក្រមទាំង៥ របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង