ឃុំខ្លួនបុរសម្នាក់នៅពន្ធនាគារខេត្តករណីលួចរថយន្តមន្ត្រីអាវុធហត្ត ក្រុងស្ទឹងត្រែង
ខេត្តស្ទឹងត្រែង: បុរសកូនមួយម្នាក់ត្រូវបានមន្ត្រីអាវុធហត្ថក្រុងស្ទឹងត្រែងចាប់បញ្ជូនយកទៅឃុំខ្លួននៅពន្ធនាគារខេត្តនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២នេះ ក្នុងករណីបានធ្វើសកម្មភាពលួចរថយន្ត របស់មន្ត្រីកងរាជអាវុធហត្ថក្រុងស្ទឹងត្រែងម្នាក់ ដោយបើករត់គេចចេញពីមុខស្នាក់ការអាវុធហត្ថក្រុង។ មន្ត្រីកងរាជអាវុធហត្ថបានឲ្យដឹងថា នៅវេលាម៉ោង12និង20នាទី ថ្ងៃទី04 ខែ តុលា ឆ្នាំ2022 ស្ថិតនៅចំណុចទល់មុខមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្ទឹងត្រែង ភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង មានករណីចោរលួចរថយន្តមួយគ្រឿង ម៉ាកកាមរីឆ្លាម ពណ៌ខ្មៅ សេរីឆ្នាំ1998 ពាក់ស្លាកលេខភ្នំពេញ2L .5038 ដែលជារបស់មន្ត្រីកងរាជអាវុធហត្ថក្រុងម្នាក់ឈ្មោះអុល សៀងវុទ្ធី តួនាទីជានាយសេធិការកងរាជអាវុធហត្ថមូលដ្ឋានក្រុងស្ទឹងត្រែង មានទីលំនៅ រស់នៅក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
នៅមុនពេលបាត់ម្ចាស់បានឈប់ចតរថយន្តទុកនៅមុខបន្ទាយ រួចក៏បានដើរទៅទទួលទានអាហារពេលថ្ងៃ ខណៈពេលនោះ ជនសង្ស័យក៏បានឆ្លៀតឱកាសធ្វើសកម្មភាពលួចយករថយន្ត បើកទ្វាឡើងលើរថយន្ត បើកចេញពីកន្លែងចតនៅមុខស្នាក់ការបន្ទាយ កងរាជអាវុធក្រុងយកទៅបាត់ ដោយចតទុកម៉ូតូចាស់មួយគ្រឿងចោលជំនួស ម៉ូតូម៉ាកវេវ ពណ៌ខ្មៅ គ្មានស្លាកលេខ ជាម៉ូតូរបស់ជនសង្ស័យនៅកន្លែងកើតហេតុ។ មន្ត្រីអាវុធហត្ថបានបញ្ជាក់ថា ក្រោយពីបានដឹងថា បាត់រថយន្តខាងលើនោះភ្លាមៗ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្ទឹងត្រែង ដឹកនាំ ដោយលោកវរសេនីយ៍ទោ សៅ វុត្ថា មេបញ្ជាការ ក្រុងសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកថាឡាបរិវ៉ាត់ រួមនឹងនគរបាលចរាចរណ៍ប្រចាំគោលដៅផ្លូវជាតិលេខ9 ចំណុចភូមិស្រែឬស្សី តាមដេញស្ទាក់ រហូតឈានដល់ចាប់ឃាត់ខ្លួនបានជនសង្ស័យនិងរថយន្តនៅហួសគោលដៅចរចរាណ៍បន្តិច នៅត្រង់ចំណុចអូរឫស្សីស្ថិតក្នុងភូមិស្រែឫស្សី ឃុំស្រែឫស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។ អាវុធហត្ថនោះបញ្ជាក់បន្ថែមថាជនសង្ស័យមានឈ្មោះប៊ុន ទុំ ភេទប្រុស អាយុ32ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករក្រុមហ៊ុនចម្ការចេក មានទីលំនៅ នៅភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
បច្ចុប្បន្នជនសង្ស័យត្រូវបានមន្ត្រីនៃការិយាល័យជំនាញកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនខ្លួនយកទៅឃុំឃាំងនៅពន្ធនាគារខេត្តហើយ។ សូមបញ្ជាក់ថា ខណៈពេលចាប់ខ្លួនជនសង្ស័យបាន គឺមានកូនក្មេងតូចម្នាក់ទៀតនៅជាមួយ ដែលត្រូវជាកូនប្រុសរបស់ជនសង្ស័យ តែក្រោយមកអាវុធហត្ថបានហៅសាច់ញាតិឲ្យមកទទួលយកទៅវិញ។ ដោយឡែក លោក សាយ កុសលអភិបាលក្រុងស្ទឹងត្រែងនិង លោកសៅ វុត្ថា មេបញ្ជាការរដ្ឋានកងរាជអាវុធហត្ថក្រុងស្ទឹងត្រែង បានឧបត្ថម្ភជាសម្ភារនិងថវិកាមួយចំនួនផងដែរ ជួយដល់ក្រុមគ្រួសារជនសង្ស័យ៕ (ដោយសហការី tnm ស្ទឹងត្រែង) សម្រួលដោយ ទៀង បុណ្ណរី