អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាក្រើនរំលឹកអ្នកប្រើប្រាស់រថយន្តនិងម៉ូតូគ្មានពន្ធ ប៉ុន្តែមានស្លាកលេខ នឹងជួបការលំបាក ដោយប្រឈមមុខ ទៅនឹងផ្លូវច្បាប់

អគ្គនាយកដ្ឋានគយនិង រដ្ឋាករកម្ពុជា បានក្រើនរំលឹក អ្នកប្រើប្រាស់រថយន្ត និងម៉ូតូ គ្មានពន្ធ ប៉ុន្តែមានស្លាកលេខ នឹងជួបការលំបាកនៅពេលខាងមុខ ពិសេសប្រឈមមុខ ទៅនឹងផ្លូវច្បាប់   ដោយទាមទារឱ្យម្ចាស់ទាំងនោះមកបំពេញឯកសារតាមផ្លូវច្បាប់ឱ្យបានត្រឹមត្រូវ។    ថ្លែងក្នុងសន្និសីទសារព័ត៌មានរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដើម្បីបង្ហាញពីលទ្ធផល នៃការងារប្រមូលពន្ធអាករ លើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេស ដែលជាការអនុញ្ញាតលើកចុង ក្រោយរបស់រាជរដ្ឋាភិបាល ឲ្យម្ចាស់រថយន្តចង្កូតស្តាំគ្រប់ប្រភេទបង់ពន្ធនិងអាករដោយមិនតម្រូវឱ្យកែចង្កូត កាល ពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានមានប្រសាសន៍ថា បច្ចុប្បន្ននេះអគ្គនាយកដ្ឋានគយកំពុង រឹតបន្ដឹងរថយន្តនិងម៉ូតូលើការគេចពន្ធ ដើម្បីឱ្យបរិយាកាសធ្វើអាជីវកម្មមានភាពល្អប្រសើរ និងរក្សាបាន ចំណូល ខណៈចំពោះម៉ូតូទំនើប និងគ្មានពន្ធអាករជាកម្មវត្ថុនៃការបង្ក្រាប។ ឯកឧត្តមបន្ថែមថា ក្នុង១ខែៗ អគ្គនាយកដ្ឋានគយបានបង្រ្កាបរថយន្ដពិសេសម៉ូតូគ្មានពន្ធគឺមានចំនួនច្រើន  ដែលរត់ពន្ធឆ្លងកាត់ព្រំដែន តាមច្រករបៀងផ្សេងៗ។ ឯកឧត្តមបន្តថា បញ្ហានេះគឺត្រូវធ្វើជាជំហានៗ ដើម្បីឈានឱ្យមានអនុលោមភាព ក្នុងកម្រិតមួយទៀតស្របតាមការវិវត្តន៍របស់ប្រទេស ដូច្នោះការប្រើប្រាស់ឯកសារក្លែងក្លាយដូចជា ម៉ូតូមិនមានពន្ធ តែមានផ្លាកលេខ ម្ចាស់រថយន្ដនិងម្ចាស់ម៉ូតូដែលប្រថុយ ក្នុងការបន្លំភ្នែកសមត្ថកិច្ច ប្រើប្រាស់របស់ក្លែងក្លាយនេះ នឹងប្រឈមចំពោះមុខច្បាប់ មិនមែនតែច្បាប់គយប៉ុណ្ណោះទេ តែប្រឈម នឹងច្បាប់ព្រហ្មទណ្ឌជាដើម។ «ចំពោះការប្រើប្រាស់មុខទំនិញរថយន្តនិងម៉ូតូដែលគ្មានពន្ធ នៅពេលខាងមុខនឹងជួបការ លំបាក ពីព្រោះវាខុសពីការទិញទូរទស្សន៍ឬការទិញម៉ាស៊ីនត្រជាក់ ពេលដែលទិញចេញពីហាងទៅដល់ ក្នុងផ្ទះគឺចប់អត់មាននរណាទៅឆែកទៅដល់ក្នុងផ្ទះថាមានពន្ធឬអត់ ឡាននិងម៉ូតូ គឺត្រូវប្រើប្រាស់ប្រចាំ ថ្ងៃនៅតាមផ្លូវ ដោយមិនអាចយកទៅទុកនៅផ្ទះទេ។ អ៊ីចឹងហើយការប្រើប្រាស់ រថយន្តក្តី ម៉ូតូក្តីគ្មានពន្ធ ទៅថ្ងៃមុខគឺលំបាក ព្រោះយើងត្រូវអនុលោមភាពជាប់រហូត និងឈានដល់ដំណាក់កាលមួយ អនុវត្ត ច្បាប់តឹងតែងបំផុតផងដែរ។» សូមបញ្ជាក់ថា ត្រឹមរយៈពេល៩ខែឆ្នាំ២០២២នេះ ពោលគឺចាប់ពីខែមករា ដល់ខែកញ្ញា អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បង្ក្រាបរថយន្ដគ្មានពន្ធនៅទូទាំងប្រទេស បានចំនួនប្រមាណ ៥១០គ្រឿង៕ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង