ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ ១៦៣គ្រួសារ នៅស្រុកកំពង់លែង ទទួលអំណោយកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ អំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងសម្រាប់ជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ត្រូវបានឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំងនិង លោកជំទាវ កែវ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង នាំយកទៅចែកជូនដល់ប្រជាពលរដ្ឋ នៅឃុំផ្លូវទូកស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ ។ លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង បានមានប្រសាសន៍ឱ្យដឹងថា នៅរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នានេះ នៅស្រុកកំពង់លែង មានប្រជាពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់ បណ្តាលឱ្យលិចផ្ទះ ខូចខាតទ្រព្យសម្បត្តិ និង បង្កឱ្យមនុស្សស្លាប់ផងដែរ ។ នៅស្រុកកំពង់លែងមានឃុំចំនួន២ គឺឃុំសំរោងសែន និង ឃុំផ្លូវទូកបានរងផលប៉ះពាល់គ្រោះទឹកជំនន់នេះ នៅក្នុងពេលកន្លងមក ហើយអាជ្ញាធរស្រុក បានចុះសួរសុខទុក្ខ និង ជួយសង្រ្គោះប្រជាពលរដ្ឋផងដែរ ។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង បានគូសបញ្ជាក់ថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅនៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំ ដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសួរសុខទុក្ខដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ ។ ឯកឧត្តមបានបញ្ជាក់បន្ថែមទៀតថា៖កាកបាទក្រហមកម្ពុជា គឺជាស្ថាប័ននាំមុខគេក្នុងការងារមនុស្សធម៌ និងដើរតួនាទីយ៉ាងសំខាន់បំផុត មិនអាច ខ្វះបានឡើយ ជាជំនួយការឱ្យអាជ្ញាធរសាធារណៈ ជួយសម្រាលទុក្ខ លំបាក របស់បងប្អូន ប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងរងគ្រោះបំផុត ដោយគ្រោះមហន្ដរាយនានាគ្រប់ទីកន្លែង។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅក្បែរមាត់ទឹក សូមមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះក្មេងៗ មិនត្រូវឱ្យពួកគាត់លេងទឹក ដែលអាចនាំឱ្យមានគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ ពិសេសត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះសត្វអាសិរពិស នឹងត្រូវហូបស្អាត ផឹកស្អាត ប្រកបដោយអនាម័យខ្ពស់។ ជាងនេះទៅទៀត ឯកឧត្តម ក៏បានស្នើដល់អាជ្ញាធរមូលដ្ឋាន ត្រូវខិតខំយកចិត្តទុកដាក់ រក្សានូវសន្តិសុខ សុវត្ថិភាព ចំពោះប្រជាពលរដ្ឋដែល បានមករស់នៅលើទីទួលសុវត្ថិភាព និងប្រជាពលរដ្ឋដែលរស់នៅជាប់មាត់ទឹកផងដែរ ។ អំណោយដែលត្រូវចែកជូនដល់ប្រជាពលរដ្ឋនាពេលនេះក្នុងមួយគ្រួសារទទួលបាន អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រី ខ ១យួរ, ឃីត ១កញ្ចប់(មុង ១ ភួយ ១ សារុង ១ ក្រមា ១) និងថវិកាមួយចំនួនផងដែរ ៕ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង