រថយន្ត​ឡិច​ស៊ីស “lexus” 570 របស់លោក​អភិបាលខេត្ត​មណ្ឌលគិរី បើក​បុក​មនុស្ស​២​នាក់​ស្លាប់ យ៉ាង​អាណោច​អាធ័ម

ត្បូងឃ្មុំ ៖ មនុស្ស​២​នាក់​បាន​ស្លាប់​បាត់បង់ជីវិត​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៨ ករណី​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​រថយន្ត​ម៉ាក​ឡិច​ស៊ីស (lexus) 570 បើក​បុក​យ៉ាង​ពេញទំហឹង ក្នុង​ដំណើរ​បើកបរ​បញ្ច្រាស​ទិស​គ្នា បណ្តាលឱ្យ​ផ្លោង​មនុស្ស​ចេញពី​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក់។ គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅវេលា​ថ្ងៃត្រង់ ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២២ ចំណុច​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១៤៥/១៤៦ ស្ថិតនៅ​ភូមិ​ពោធិ៍​ស្រុក ឃុំ​កោង​កាង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។ រថយន្ត​បង្ក​បាន​ជ្រុល​ធ្លាក់​ចូលទៅ​ក្នុងព្រៃ ហើយ​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់ស្រមោល​តែម្តង។ តាម​ប្រភពពី​ប្រពល​រដ្ឋ​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា រថយន្ត​ម៉ាក LEXUS LX570 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AQ.2225 ជា​រថយន្ត​របស់​ឯក​ឧ​ត្ត​ម ថង សាវុន ជា អភិបាលខេត្ត​មណ្ឌលគិរី បាន​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន មិនអាច​គ្រប់គ្រង​ស្ថានការណ៍​បាន ហើយ​បាន​បុក ពេញទំហឹង ហើយ​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​នោះទេ។ ប្រភព​បាន​បន្ត​ឱ្យដឹងទៀតថា ហេតុការណ៍​ខាងលើនេះ បានកើត​ឡើង រវាង រថយន្ត និង​ម៉ូតូ បាន​បើកបរ​បញ្ច្រាស់ទិស​គ្នា ដោយ​ម៉ូតូ​សណ្តោង​រ៉ឺម៉ក់​បើកបរ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​កន្លែងកើតហេតុ បាន​បត់​ឆ្វេង​ឆ្លងផ្លូវ ធ្វើអោយ​រថយន្ត​ដែល​បើក​ត្រង់​ពី​ត្បូង​ទៅ​ជើង បាន​បើក​មក​បុក​ពេញទំហឹង​តែម្ដង បណ្តាលឱ្យ​អ្នកបើក​ម៉ូតូ​រ៉ឺម៉ក់​ទាំង​២​នាក់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​តែម្តង ចំណែក​អ្នកបើករថយន្ត​វិញ បើក​រត់​គេចខ្លួនបាត់​ស្រមោល​តែម្តងទៅ ។​ ក្រោយពេល​កើតហេតុ សព​ជនរងគ្រោះ​ទាំង​២​នាក់ ត្រូវបាន​ជំនាញ​ធ្វើ​កំណត់ហេតុ រួច​ប្រគល់​សព​ជនរងគ្រោះ​អោយ​ក្រុមគ្រួសា​យកទៅ​ធ្វើបុណ្យ​តាម​លក្ខណៈ​ប្រពៃណី ។ ចំណែក​រថយន្ត​ឡិច​ស៊ីស “lexus” 570 និង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក់ ត្រូវបាន​មន្ត្រី​ជំនាញ​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាក្រែក​ជា​បណ្ដោះអាសន្ន ដើម្បី​ធ្វើការ​ស៊ើបអង្កេត និង​ស្រាវជ្រាវ​បន្តទៀត​ឈានទៅ​ដោះស្រាយ​តាម​នីតិ​វិធី៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង