រដ្ឋមន្ត្រីក្រសួងអប់រំ ចែករំលែកបទពិសោធន៍ពីការរៀបចំគម្រោង និងពង្រឹងគុណភាពអប់រំនៅកម្ពុជា
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡាបានដឹកនាំគណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡាចូលរួមកិច្ចប្រជុំកំពូលស្តីពីបរិវត្តកម្មប្រព័ន្ធអប់រំ ក្រោមប្រធានបទ តួនាទីរបស់អ្នកផ្តល់មូលនិធិក្នុងការធ្វើបរិវត្តកម្មប្រព័ន្ធអប់រំ “Philanthropy’s Role in Transforming Education” ។ ការធ្វើបទបង្ហាញនេះ បានធ្វើឡើងនៅទីស្នាក់ការអង្គការសហប្រជាជាតិ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២។ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ហង់ជួន ណារ៉ុន បានធ្វើបទអន្តរាគមន៍ដោយលើកឡើងអំពីបទពិសោធន៍ដ៏មានសារៈសំខាន់ក្នុងការកសាងភាពជាដៃគូអប់រំជាមួយដៃគូអភិវឌ្ឍ អង្គការជាតិ អង្គការអន្តរជាតិសម្រាប់រៀបចំគម្រោង និងកម្មវិធីនានាដើម្បីលើកកម្ពស់គុណភាពអប់រំ តាមរយៈការបង្កើតសាលារៀនជំនាន់ថ្មី ការគ្រប់គ្រងតាមសាលារៀនមានប្រសិទ្ធភាព ដោយមានការប្តេជ្ញាចិត្តចូលរួមយ៉ាងសកម្មរបស់អាណាព្យាបាលសិស្ស គ្រូបង្រៀន និងសិស្សខ្លួនឯងផ្ទាល់។ ឯកឧត្តមបណ្ឌិតសភាចារ្យក៏បានបញ្ជាក់ថា ការរៀបចំគោលនយោបាយផ្អែកលើសក្ខីកម្មដើម្បីធ្វើបរិវត្តកម្មសាលារៀន តាមរយៈការអនុវត្តកម្មវិធីនានាតាមសាលារៀន ក្នុងគោលដៅបង្កើនគុណភាពអប់រំ ប្រកបដោយសមធម៌ និងបរិយាបន្ន។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យបានគូសបញ្ជាក់ថា ក្រសួងបានធ្វើសុខដុមនីយកម្មគោលនយោបាយអប់រំ និងកំណត់អាទិភាព សំខាន់ៗ ដើម្បីបង្ករឱកាសដល់ដៃគូអភិវឌ្ឍ អង្គការជាតិ អង្គការអន្តរជាតិ និងវិស័យឯកជន ចូលរួមគាំទ្រអាទិភាពដែលបានដាក់ចេញ។ លើសពីនេះទៀត ក្រសួងក៏បានប្រើប្រាស់យន្តការក្រុមការងារបច្ចេកទេសចម្រុះវិស័យអប់រំ (JTWG-Edu) ក្នុងការគៀរគរធនធាន ការពិនិត្យតាមដានរួមគ្នា និងការវាយតម្លៃសាលារៀន ការដាក់ចេញជាវិធានការគោលនយោបាយ ដើម្បីគាំទ្រសាលារៀនឱ្យមានដំណើរការល្អប្រសើរ។ ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ក៏បានស្នើឱ្យមូលនិធិភាពជាដៃគូសកលសម្រាប់ការអប់រំ (GPE) បន្តជួយគាំទ្រដល់អនុវិស័យអប់រំកុមារតូចផងដែរ៕ សម្រួលដោយ ទៀង បុណ្ណរី