រដ្ឋបាលខេត្តព្រះសីហនុប្រកាសបិទការចេញចូលខេត្ត លើកលែងតែដឹកទំនិញ និងរថយន្តសង្រ្គោះបន្ទាន់
TNM(ខេត្តព្រះសីហនុ) ៖ រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសនាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ទៅក្នុងសហគមន៍ រដ្ឋបាលខេត្ត បានផ្អាកការធ្វើដំណើរចេញចូលខេត្តព្រះសីហនុជាបណ្តោះអាសន្ន លើកលែងតែរថយន្តដឹកទំនិញ និងរថយន្តសង្រ្គោះបន្ទាន់ (ត្រូវឆ្លងកាត់លក្ខខណ្ឌនៃការត្រួតពិនិត្យត្រឹមត្រូវ) ដើម្បីទុកលទ្ធភាពឱ្យរដ្ឋបាលខេត្តគ្រប់គ្រង់បាននូវអ្នកឆ្លងជំងឺកូវីដ-១៩ អ្នកមានការពាក់ព័ន្ធជាមួយនឹងអ្នកជំងឺ និងទីតាំងដែលមានការពាក់ព័ន្ធ ដើម្បីកំណត់ជាមណ្ឌលចត្តាឡីស័កឱ្យបានចប់សព្វគ្រប់សិន។
ការផ្អាកនេះ ដោយសារក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មានករណីឆ្លងជំងឺកូវីដ-១៩ ដល់មនុស្សដែលកំពុងរស់នៅ ធ្វើការ ប្រកបអាជីវកម្មនៅខេត្តព្រះសីហនុក្នុងចំនួនមួយគួរឱ្យព្រួយបារម្ភ។
បច្ចុប្បន្នភាពគិតត្រឹមម៉ោងនេះ បានយកវត្ថុសំណាកសរុបចំនួន៩៩៧០នាក់ ស្រី៤២៣៨ នាក់ ក្នុងនោះអ្នកវិជ្ជមានកូវីដ-១៩ សរុបចំនួន ៨០នាក់៕