អភិបាលរងរាជធានីភ្នំពេញ៖ ម្ចាស់អាជីវកម្ម ផ្ទះសំណាក់ សណ្ឋាគារ និងខុនដូ ត្រូវតែយកអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនសម្រាប់ភ្ញៀវគ្រប់រូប ដែលចូលស្នាក់នៅ
ឯកឧត្ដម ហួត ហៃ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានធ្វើការណែនាំឱ្យម្ចាស់អាជីវកម្មផ្ទះសំណាក់ សណ្ឋាគារ និងខុនដូទាំងអស់ នៅក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញត្រូវយកអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនសម្រាប់ភ្ញៀវគ្រប់រូប ដែលចូលស្នាក់នៅទីតាំងរបស់ខ្លួន ដើម្បីបង្ការទប់ស្កាត់បទល្មើសផ្សេងៗ។ ការណែនាំនេះបានធ្វើឡើងក្នុងកិច្ចប្រជុំ ស្តីពីការពង្រឹងសន្តិសុខ សុវត្ថិភាពនៅតាមបណ្តាមូលដា្ឋន អាជីវកម្ម សេវាកម្មស្នាក់នៅទេសចរណ៍ កាលពីរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ដោយមានអ្នកចូលមកពីម្ចាស់អាជីវកម្ម សេវាកម្ម ផ្នែកទេសចរណ៍ ខុនដូ ប្រមាណ ៣០០នាក់ នៅសាលារាជនីភ្នំពេញ។ឯកឧត្ដម ហួត ហៃ បានលើកឡើងថា ការជួបជុំជាមួយបងប្អូនជាម្ចាស់អាជីវកម្ម សេវាកម្ម ផ្នែកទេសចរណ៍ ខុនដូ មកនាពេលនេះ គឺរដ្ឋបាលរាជធានីភ្នំពេញមានគោលបំណងណែនាំឱ្យបងប្អូនចូលរួមអនុវត្តន៍ឱ្យបានត្រឹមត្រូវ ចំពោះច្បាប់ជាធរមាន ជាពិសេសត្រូវយកចិត្តទុកដាក់ ចំពោះភ្ញៀវដែលមកស្នាក់នៅផ្ទះសំណាក់ សណ្ឋាគារនិងខុនដូរបស់ខ្លួនឱ្យបានត្រឹមត្រូវ និងហ្ម៉ត់ចត់។ ឯកឧត្ដមបានបញ្ជាក់ថា ដោយសារថា កន្លងមកនេះ អ្នកដែលបានស្នាក់នៅមួយចំនួនបានធ្វើសកម្មភាពបង្កបទល្មើសផ្សេងៗនៅក្នុងទីតាំងដែលខ្លួនស្នាក់នៅ ។ ទន្ទឹមនេះ រដ្ឋបាលរាជធានីភ្នំពេញក៏ដូចជាកងកម្លាំងមានសមត្ថកិច្ច ជំរុញឱ្យម្ចាស់ទីតាំងទាំងអស់ត្រូវតែសុំអត្តសញ្ញាណប័ណ្ណ ឬ លិខិតឆ្លងដែន សម្រាប់ភ្ញៀវគ្រប់រូប ដែលចូលស្នាក់នៅទីតាំងរបស់ខ្លួន ដើម្បីបង្ការទប់ស្កាត់បទល្មើស។ ឯកឧត្ដមអភិបាលរងបានបន្ដថា ប្រសិនបើមានបទល្មើសផ្សេងៗកើតឡើង យើងមានអត្តសញ្ញាណជនសង្ស័យដែលអាចឱ្យយើងសាវជ្រាវឈានទៅដល់ការឃាត់ខ្លួនជនទាំងនោះមកដាក់ទោសតាមផ្លូវច្បាប់បាន។ ជាមួយគ្នានេះ ឯកឧត្ដម ហួត ហៃ ក៏បានជំរុញឱ្យម្ចាស់អាជីវកម្ម សេវាកម្ម ផ្នែកទេសចរណ៍ទាំងអស់ដែលមិនទាន់មានច្បាប់អនុញ្ញាត សូមមកសុំច្បាប់អាជីវកម្មរបស់ខ្លួនឱ្យបានត្រឹមត្រូវ តាមរយៈច្រកចេញ-ចូលតែមួយ នៅថ្នាក់ខណ្ឌ និងអង្គភាពច្រក ចេញ-ចូលតែ មួយនៅថ្នាក់រាជធានី។ យោងតាមសារាចរណែនាំរបស់ក្រសួងទេសចរណ៍ក្នុងឱកាស បុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិបានឱ្យដឹងថា ដើម្បីពង្រឹងគុណភាព ផលិតផលទេសចរណ៍ និងបន្តចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលអាចកើតមានជាយថាហេតុ នៅតាមរមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍នានាក្នុងឱកាស បុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ពីថ្ងៃ១៤-១៥រោច ខែភទ្របទ និងថ្ងៃ១កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៤-២៥-២៦ ខែកញ្ញា ឆ្នាំ២០២២។ ក្រសួងទេសចរណ៍សូមធ្វើការណែនាំដល់មន្ទីរទេសចរណ៍ រាជធានី ខេត្ត ត្រូវបន្តជំរុញការអនុវត្តឱ្យបានយ៉ាងខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់នូវវិធានការទាំងឡាយដែលបានដាក់ចេញ ដោយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពិសេសវិធានការ “៣ ការពារនិង “៣កុំ” ឱ្យបានខ្ជាប់ខ្ជួន ព្រមជាមួយការពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធី ស្តង់ដារប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី ដើម្បីរក្សាស្ថិរភាពអាជីវកម្ម និងធានា សុវត្ថិភាពជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ត្រូវបន្តជំរុញឱ្យម្ចាស់អាជីវកម្ម និងគោលដៅទេសចរណ៍នានា រៀបចំឱ្យមានកម្មវិធីលើកទឹកចិត្ត ចំពោះភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំង ខណៈដែលបុគ្គលិកបម្រើការទាំងអស់ ត្រូវទទួលបាន ការចាក់វ៉ាក់សាំងតាមការកំណត់របស់ក្រសួងសុខាភិបាល។ ត្រូវសហការជាមួយអាជីវករ និងប្រតិបត្តិករទេសចរណ៍ ក្នុងការពង្រឹងគុណភាព ផលិតផល ទេសចរណ៍ ថែរក្សាបរិស្ថាន អនាម័យ និងរក្សាតម្លៃផលិតផល និងសេវាឱ្យបានសមរម្យ។ រាល់តម្លៃស្នាក់នៅ ម្ហូបអាហារ និងសេវាផ្សេងៗត្រូវសរសេរឱ្យបានច្បាស់ដាក់ក្នុងតារាង ដើម្បីជម្រាប ជូនភ្ញៀវឱ្យបានដឹងជាមុន ជៀសវាងការកំណត់ថ្លៃខ្ពស់ហួសហេតុ។ ករណីមិនអនុវត្តន៍តាមតារាងដែល បានបិទផ្សាយ ម្ចាស់មូលដ្ឋានអាជីវកម្មត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ ត្រូវធ្វើការណែនាំម្ចាស់ទូកដ កាណូតទេសចរណ៍ និងមធ្យោបាយដឹកជញ្ជូនទេសចរណ៍តាមផ្លូវទឹកនានា ដែលធ្វើអាជីវកម្មដឹកភ្ញៀវទេសចរកាត់សមុទ្រ ទន្លេ ស្ទឹង និងបឹង មិនឱ្យផ្ទុកលើសចំណុះ និង ត្រូវបំពាក់នូវសម្ភារសង្គ្រោះចាំបាច់នានា៕សម្រួលដោយ ទៀង បុណ្ណរី