ក្រសួងទេសចរណ៍ក្រើនរម្លឹកឱ្យមន្ទីរអង្គភាពនិងម្ចាស់បើកអាជីវកម្មពាក់ព័ន្ធនិងវិស័យទេសចរណ៍ជួយផ្តល់ឱកាសការងារជនមានពិការភាព
ក្រសួងទេសចរណ៍ក្រើនរម្លឹកដល់មន្ទីរអង្គភាពនិងម្ចាស់បើកអាជីវកម្មពាក់ ព័ន្ធនឹងវិស័យទេសចរណ៍ត្រូវផ្តល់ការងារដល់ជនពិការដើម្បីលើកស្ទួយសេចក្តីថ្លៃថ្នូរដល់ជនមានពិការភាព តាមរយៈការទទួលស្គាល់សមត្ថភាពជាជាងមើលឃើញតែភាពពិការរបស់ជនមានពិការភាព។ ក្នុងសិក្ខាសាលាស្តីពីការកាត់បន្ថយភាពក្រីក្ររបស់ជនមានពិការភាព តាមរយៈការលើកកម្ពស់កំណើនការងារក្នុងវិស័យទេសចរណ៍នៅខេត្តស្ទឹងត្រែងថ្ងៃទី១៦ កញ្ញាឆ្នាំ២០២២ ឯកឧត្តមហោសារុនរដ្ឋលេខាធិការក្រសួងទេសចរណ៍មានប្រសាសន៍ថា៖ការលើកកម្ពស់ការងារជូនជនមានពិការភាពដោយឥតរើសអើង គឺយើងបានចូលរួមជាមួយរាជរដ្ឋាភិបាលតាមរយៈទទួលស្គាល់សមត្ថភាពជនពិការ ជួយពួកគាត់ឱ្យមានការងារធ្វើ ទទួលបានប្រាក់កម្រៃសម្រាប់កែប្រែជីវភាពរស់នៅ។ ឯកឧត្តមមានប្រសាសន៍បន្តថា៖កន្លងមកក្រសួងទេសចរណ៍បានចេញសេចក្តីណែនាំរួមហើយ ឱ្យនៅតាមបណ្តាមន្ទីរ អង្គភាព អាហារដ្ឋាន ភោជនីយដ្ឋាន រមណីយដ្ឋាន រង្គសាល ខារ៉ាអូខេ ទីតាំងផ្សេងៗ ដែលប្រើប្រាស់កម្លាំងកម្មករច្រើននាក់ ត្រូវទទួលយកបងប្អូនជនពិការដែលមានសមត្ថភាពធ្វើការងារបាន (សំឡេង) គឺយើងជួយគាត់តាមរយៈលទ្ធភាព នៃអាជីវកម្មដែលមាន ឧទាហរណ៍ថា អាជីវកម្មផ្នែកខាងបៀរកាដិន ឬក៏ភោជនីយដ្ឋានដែលមាន ទីតាំងនៅក្នុងក្រុងក្នុងខេត្តនេះ មានបងប្អូនជនមានពិការភាពខ្លះ ដូចជាកាត់ពិការភ្នែកក៏ប៉ុន្តែគាត់អាចច្រៀងបាន ឬក៏គាត់អាចធ្វើអ្វីបាននៅក្នុង ភោជនីយដ្ឋានឬបៀរកាដិននិង អ៊ីចឹងគឺយើងស្នើសុំថា ឱ្យម្ចាស់រមណីយដ្ឋានហ្នឹងជួយសម្រួលបង្កលក្ខណៈឱ្យគាត់ ការបញ្ចេញសូរសព្ទជាបទ ចម្រៀងអីអ៊ីចឹងទៅគ្រាន់បានថវិកាខ្លះ នេះជាការដោះ ស្រាយនូវកម្រៃជីវភាពរបស់គាត់ក្នុងការរស់នៅ ហើយមន្ទីរទេសចរណ៍ជាសេនាធិ ការរបស់ក្រសួងនិងមន្ទីរពាក់ព័ន្ធដែលគាត់មកចូលរួមជាមួយនេះ។ លោកស្រីកែវ សាវឿន អភិបាលរងខេត្តស្ទឹងត្រែង បានបញ្ជាក់ថា៖កិច្ចការងារនេះកន្លងមករដ្ឋបាលខេត្តផ្សព្វផ្សាយបានទូលាយ ហើយមន្ទីរជំនាញក៏បានចុះណែនាំផ្ទាល់ផងដែរ ទៅគ្រប់ម្ចាស់អាជីវកម្មផ្សេងៗឱ្យអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងទេសចរណ៍ តែនៅខេត្តស្ទឹងត្រែងមានម្ចាស់អាជីវកម្មមួយចំនួនអនុវត្តបានល្អ មួយចំនួនទៀតមិនទាន់បានចូលរួមអនុវត្តនៅឡើយទេ។ លោកអ៊ន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបានបញ្ជាក់ថា៖ក្រោយពីសិក្ខាសាលានេះទៅមន្ទីរទេសចរណ៍នឹងចាត់ឱ្យមន្ត្រីជំនាញធ្វើការក្រើនរម្លឹកបន្ថែមទៅម្ចាស់អាជីវកម្មដែលប្រើប្រាស់កម្មករច្រើនគ្នា ត្រូវជួយជ្រើសរើសយកជនមានពិការភាព តែមានសមត្ថភាពអាចធ្វើការងារបានយកមកបម្រើការងារដើម្បីបានប្រាក់ ចំណូលជួយកែប្រែជីវភាព រស់នៅរបស់ពួកគាត់។ សូមបញ្ជាក់ថា៖នៅខេត្តស្ទឹងត្រែងជនមានពិការភាពមានចំនួន១.៣៦៦នាក់ ក្នុងនោះអ្នកមានប្រាក់ចំណូលចំនួន៤៩៦នាក់ អ្នកគ្មានប្រាក់ចំណូលចំនួន៥៨៦នាក់ និងជនពិការក្រោមអាយុ១៨ ឆ្នាំមានចំនួន២៨៤នាក់៕ សម្រួលដោយ ទៀង បុណ្ណរី