ទិវាអូហ្សូនពិភពលោក ១៦ កញ្ញា! ឯកឧត្តម សាយ សំអាល់ មានជំនឿថា ការចូលរួមរបស់ប្រជាជាតិទាំងអស់ ស្រទាប់អូហ្សូនអាចនឹងវិលត្រឡប់មករកស្ថានភាពដើមវិញនៅពាក់កណ្តាលសតវត្សរ៍ទី២១


ភ្នំពេញ៖ តាមរយៈសារលិខិតអបអរសាទរ ទិវាអូហ្សូនពិភពលោក ១៦ កញ្ញា ឆ្នាំ២០២២ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចាត់ទុកថា «ទិវាអូហ្សូនពិភពលោក» ជាព្រឹត្តិការណ៍ប្រកបដោយ អត្ថន័យយ៉ាងជ្រាលជ្រៅ សម្រាប់លើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីភាពចាំបាច់ និងសារៈប្រយោជន៍នៃការចូលរួមថែរក្សាការពារស្រទាប់អូហ្សូន ដែលជារបាំងការពារភពផែនដី ពីកាំរស្មីពណ៌ស្វាយដ៏គ្រោះថ្នាក់ និងមានជំនឿយ៉ាងមុតមាំថា តាមរយៈការចូលរួមយ៉ាងសកម្មរបស់ប្រជាជាតិទាំងអស់ ស្រទាប់​អូហ្សូនអាចនឹងវិលត្រឡប់មករកស្ថានភាពដើមវិញ នៅពាក់កណ្តាលសតវត្សរ៍ទី២១នេះ។
ទិវាអូហ្សូនពិភពលោក ១៦ កញ្ញា ឆ្នាំ២០២២នេះ ជាខួបលើកទី៣៧ នៃ «អនុសញ្ញា ទីក្រុងវីយ៉ែន ស្ដីពីកិច្ចកាពារស្រទាប់អូហ្សូន» ឆ្នាំ១៩៨៥ និងជាខួបលើកទី៣៥ នៃ «ពិធីសារម៉ុងរ៉េអាល់ ស្តីពី «សារធាតុបំផ្លាញស្រទាប់អូហ្សូន» ឆ្នាំ១៩៨៧ ។ ចាប់តាំងពីឆ្នាំ១៩៩៥មក លេខាធិការដ្ឋានអូហ្សូន នៃអង្គការកម្មវិធីបរិស្ថានសហប្រជាជាតិ បានកំណត់យកថ្ងៃទី១៦ ខែកញ្ញា រៀងរាល់ឆ្នាំ ជាថ្ងៃប្រារព្ធខួប «ទិវាអូហ្សូនពិភពលោក» ដើម្បីរំលឹកដល់ថ្ងៃបង្កើត ពិធីសារម៉ុងរ៉េអាល់ ក៏ដូចជាអរសាទរដល់សមិទ្ធផល និងវឌ្ឍនភាព​ជាបន្តបន្ទាប់ដែលយើងរួមគ្នាសម្រេចបានសំដៅឆ្ពោះទៅការពារស្រទាប់អូហ្សូន។
ជំនួសមុខឱ្យវាដរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តម សាយ សំអាល់ សូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅជាមួយប្រជាជាតិទាំងអស់ ដែលកំពុងរួមគ្នាប្រារព្ធទិវាអូហ្សូនពិភពលោកឆ្នាំនេះ ក្រោមប្រធានបទ «ខួប៣៥ឆ្នាំនៃពិធីសារម៉ុងរ៉េអាល់ ៖ សហប្រតិបត្តិការជាសាកល ការពារជីវិតនៅលើផែនដី» (Montreal Protocol@35: global cooperation protecting life on earth) ដើម្បីបំផុសប្រជាជនគ្រប់មជ្ឈដ្ឋាន​ឱ្យយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់នៃស្រទាប់អូហ្សូន សម្រាប់ជីវិតលើភពផែនដី និងបន្តចូលរួមឱ្យកាន់តែខ្លាំងក្លាន្ថែមទៀត សំដៅថែរក្សាការពារស្រទាប់អូហ្សូន និងកាត់បន្ថយការកើនកម្ដៅភពផែនដី។
តាមរយៈសារលិខិតដដែល ឯកឧត្តមរដ្ឋមន្ត្រីបរិស្ថានកម្ពុជា បានឱ្យដឹងថា កន្លងមកស្រទាប់អូហ្សូន ត្រូវបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ និងប្រឈមទៅនឹងការធ្លុះធ្លាយ ដែលបង្កឡើងដោយសារធាតុបំផ្លាញស្រទាប់អូហ្សូន។ សារធាតុបំផ្លាញស្រទាប់អូហ្សូន គឺជាសធាតុគីមីផ្សេងៗ ដែលត្រូវបានប្រើប្រាស់នៅក្នុងកំប៉ុងស្ព្រៃ និងបរិក្ខារត្រជាក់ជំនាន់មុន ក្នុងនោះរួមមាន៖ សារធាតុក្លរ៉ូភ្លុយអរ៉ូកាបូន (CIC) និងសារធាតុ​ហាយដ្រូក្លរ៉ូភ្លុយ​អ​រ៉ូកាបូន (HIC)។ សារធាតុទាំងនេះ ក៏មានសក្តានុពលធ្វើឱ្យកើនកម្ដៅខ្ពស់ផងដែរ។
ជាមួយគ្នានេះដែរ ឯកឧត្តម សាយ សំអាល បានបន្តថា «តាមរយៈកិច្ចប្រឹងប្រែងរួមគ្នាជាសកលក្នុងការអនុវត្តពិធីសារម៉ុងរ៉េអាល់ យើងបានកាត់បន្ថយ និងឈានទៅលុបបំបាត់សារធាតុបំផ្លាញស្រទាប់រូបខ្លួន ដើម្បីទប់ស្កាត់ការបំផ្លាញស្រទាប់អូហ្សូន ដែលជាការគំរាមកំហែងដ៏ធំបំផុតចំពោះមនុស្សជាតិ។ ជាក់ស្ដែងក្នុងន្លោះឆ្នាំ១៩៩០ ដល់ ២០១០ ពិភពលោកបានរួមគ្នាកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកទៅក្នុងបរិយាកាស ប្រមាណ ១៣៥ពាន់លានតោន ក្រោមការអនុវត្តពិធីសារម៉ុងរ៉េអាល់។ ជាលទ្ធផលចាប់ពីឆ្នាំ២០០០ ស្រទាប់អូហ្សូន បានភ្ជិតឡើងវិញ ក្នុងអត្រាប្រមាណពី១ ទៅ ៣% ក្នុងមួយឆ្នាំ ដែលការភ្ជិតទាំងស្រុងនឹងអាចកើតមានឡើងនៅក្នុងឆ្នាំ២០៣០ សម្រាប់ប៉ូលខាងជើង និងក្នុងឆ្នាំ២០៥០ សម្រាប់ប៉ូលខាងត្បូង។ ទន្ទឹមនឹងការភ្ជិតមកវិញនៃស្រទាប់អូហ្សូន យើងក៏សង្ឃឹមថានឹងអាចទប់ស្កាត់ការកើនកម្ដៅភពផែនដី តាមរយៈការអនុវត្តវិសោធនកម្ម ទីក្រុងគីហ្គាលី នៃពិធីសារម៉ុងរ៉េអាល់ផងដែរ»។
ឯកឧត្តមបានថ្លែងថា ដោយសារកិច្ចសហប្រតិបត្តិការពហុភាគីជាសកលដ៏មានប្រសិទ្ធភាពនេះ បច្ចុប្បន្នស្រទាប់អូហ្សូន កំពុងមានសភាពល្អប្រសើរឡើងវិញជាបន្តបន្ទាប់ ហើយអាចបំពេញតួនាទីស្នូលក្នុងការជួយការពារមនុស្សជាតិពីកាំរស្មីអ៊ុលត្រាវីយូឡេដ៍ របស់ព្រះអាទិត្យ ជាពិសេសការពារមនុស្សរាប់លាននាក់ពីជំងឺមហារីកស្បែក និងជំងឺភ្នែកឡើងបាយ។
ជារួមការអនុវត្តពិធីសារម៉ុងរ៉េអាល់ និងវិសោធនកម្មនានា មិនត្រឹមតែបានជួយការពារស្រទាប់អូហ្សូនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយធ្វើឱ្យប្រសើឡើងនូវប្រព័ន្ធអេកូឡូស៊ីសំខាន់ៗ ដែលទ្រទ្រង់ជីវិតនៅលើភពផែនដី និងបានជួយកាត់បន្ថយល្បឿននៃការប្រែប្រួលអាកាសធាតុ។ ជាការពិតប្រសិនបើសារធាតុបំផ្លាញស្រទាប់អូហ្សូនមិនត្រូវបានហាមឃាត់នោះទេ កម្ដៅភពផែនដីប្រាកដជាមានការកើនឡើងបន្ថែមប្រមាណ ២,៥°C នៅចុងសតវត្សរ៍នេះ ដែលជាគ្រោះមហន្តរាយដ៏ធំធេងសម្រាប់ពិភពលោក។ ដោយសារពិធីសារម៉ុងរ៉េអាល់ ពិភពលោកបានរួមគ្នាបញ្ឈប់ការគំរាមកំហែងដ៏ធំបំផុតចំពោះមនុស្សជាតិ ពីការធ្លុះធ្លាយ​នៃស្រទាប់អូហ្សូន។ នេះគឺជាជោគជ័យដ៏ធំធេងបំផុតនៃសន្ធិសញ្ញាបរិស្ថានសកល ដែលផ្តល់ជាគំរូយ៉ាងប្រត្យក្សសម្រាប់កិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពជាអន្តរជាតិ ក្នុងការដោះស្រាយបញ្ហាប្រឈមជាសកលនានានៅក្នុងវិស័យបរិស្ថាន រាប់ទាំងការប្រែប្រួលអាកាសធាតុផងដែរ។
ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់ថា ក្នុងនាមជារដ្ឋភាគី ព្រះរាជាណាចក្រកម្ពុជា ចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចខិតខំប្រឹងប្រែងជាសកលនេះ ដោយបានបញ្ឈប់ការប្រើប្រាស់សារធាតុក្លរ៉ូភ្លុយអរ៉ូកាបូន (CFC) ទាំងស្រុងក្នុងឆ្នាំ២០១០ ហើយក៏កំពុងបន្តអនុវត្តផែនការគ្រប់គ្រងសារធាតុហាយដ្រូក្លរ៉ូភ្លុយអរ៉ូកាបូន (HCFC) ស្របតាមកាតព្វកិច្ច ដែលមានចែងក្នុងពិធីសារម៉ុងរ៉េអាល់។
ទន្ទឹមហ្នឹងនេះ រាជរដ្ឋាភិបាលក៏កំពុងត្រៀមរៀបចំផែនការគ្រប់គ្រងសារធាតុហាយដ្រូភ្លុយអរ៉ូកាបូន (HFCs) ក្នុងការអនុវត្តវិសោធនកម្មទីក្រុងគីហ្គាលី នៃពិធីសារម៉ុងរ៉េអាល់ ដែលកម្ពុជាបានផ្តល់សច្ចាប័ននៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ក្នុងក្តីសង្ឃឹមថា ការកើនកម្ដៅភពផែនដី អាចត្រូវបានកាត់បន្ថយរហូតដល់ ០,៤°C នៅចុងសតវត្សរ៍នេះ តាមរយៈការត្រួតពិនិត្យ និងកាត់បន្ថយ ការប្រើប្រាស់សារធាតុនេះ។ កម្ពុជា ប្តេជ្ញាបន្តចូលរួមជាមួយសហគមន៍ប្រជាជាតិ ក្នុងការអនុវត្តឱ្យបានជោគជ័យនូវរាល់កាតព្វកិច្ចរបស់ខ្លួន សំដៅធានាឱ្យបាននូវប្រសិទ្ធភាពនៃការកាត់បន្ថយ និងការលុបបំបាត់ការប្រើប្រាស់បណ្តាសារធាតុបំផ្លាញ ស្រទាប់អូហ្សូន និងសារធាតុដែលមានសក្តានុពលកម្ដៅសកលខ្ពស់។
ការកាត់បន្ថយនូវការប្រើប្រាស់សារធាតុ HFCs ក្រោមវិសោធនកម្មទីក្រុងគីហ្គាលី រួមជាមួយនឹងការផ្លាស់ប្តូរទៅប្រើប្រាស់បរិក្ខារត្រជាក់ដែលមានប្រសិទ្ធភាពថាមពលខ្ពស់នឹងផ្តល់អត្ថប្រយោជន៍ដល់ការកាត់បន្ថយ​ការកើនកម្ដៅភពផែនដីទ្វេដង ហើយក៏ផ្តល់អត្ថប្រយោជន៍ជាច្រើនផ្នែកសេដ្ឋកិច្ច-សង្គម និងបរិស្ថានផងដែរ។ នេះគឺជាយុទ្ធសាស្ត្រឈ្នះឈ្នះ សម្រាប់សេដ្ឋកិច្ចកម្ពុជាផង និងសម្រាប់ការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុសកលផង។
បន្ថែមពីនេះ ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ថា «ថ្វីត្បិតតែយើងបានចាត់វិធានការជាច្រើនរួចមកហើយក៏ដោយ ក៏នៅមានការងារជាច្រើនទៀតដែលត្រូវបន្តធ្វើដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងជំរុញលើកទឹកចិត្តដល់អ្នកប្រើប្រាស់ឱ្យងាកទៅប្រើឧបករណ៍ដែលមិនបំផ្លាញស្រទាប់អូហ្សូន និងមានសក្តានុពលកម្ដៅសកលទាប ឬសូន្យ។ ទន្ទឹមនេះយើងត្រូវរៀបចំបទប្បញ្ញត្តិផ្សេងៗទៀត ដើម្បីសម្រេចបាននូវការផ្លាស់ប្ដូរនេះឱ្យកាន់តែល្អប្រសើរ រួមមានការធ្វើឱ្យប្រសើរឡើងនូវកូដអគារស្តង់ដារប្រសិទ្ធភាពថាមពល និងដំណោះស្រាយបច្ចេកវិទ្យាត្រជាក់ប្រកបដោយប្រសិទ្ធភាពថាមពលខ្ពស់»។
ជាមួយគ្នានេះដែរ ឯកឧត្តម សាយ សំអាល់ ក៏បានបង្ហាញក្តីសង្ឃឹមថា “ស្មារតីនៃទិវាអូហ្សូនពិភពលោកនេះ ក្លាយជាក្តីសង្ឃឹមជាអមតៈ និងជាចលករជំរុញឱ្យប្រជាជាតិទាំងអស់ ក្នុងការបន្តចូលរួមទប់ស្កាត់ការបំផ្លាញ​ស្រទាប់អូហ្សូន ក៏ដូចជាដោះស្រាយបញ្ហាបរិស្ថានសកលនានា រាប់ទាំងការប្រែប្រួលអាកាសធាតុ​ផង សំដៅធានាឱ្យបាននូវគុណភាពបរិស្ថានល្អប្រសើរ សុវត្ថិភាពនៃប្រព័ន្ធអេកូឡូស៊ី និងការរស់នៅដោយ​ចីរភាព និងសុខដុមរមនា សម្រាប់មនុស្សជាតិគ្រប់ជំនាន់៕ អរគុណសន្តិភាព

អត្ថបទដែលជាប់ទាក់ទង