រដ្ឋបាលរាជធានីភ្នំពេញជួសជុលគ្រឹះ និងអ៊ុតកៅស៊ូ(AC) កំណាត់ផ្លូវជាតិលេខ២ ប្រវែងជិត៥គីឡូម៉ែត្រ នឹងបញ្ចប់នៅបំណាច់ខែកញ្ញានេះ

ក្រុមការងារ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ អនុវត្តទៅតាមការណែនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាននិងកំពុងជួសជុលគ្រឹះនិងអ៊ុតកៅស៊ូ (AC) កំណាត់ផ្លូវជាតិលេខ២ ប្រវែងជិត៥គីឡូម៉ែត្រ ដើម្បីសម្រួលការធ្វើចរាចរ របស់បងប្អូនប្រជាពលរដ្ឋ ខណៈកំណាត់ផ្លូវនេះមានការខូចខាត ពិបាកក្នុងការធ្វើដំណើរ ហើយក៏ដើម្បីជាការលើកសោភណ្ឌភាពរាជធានីភ្នំពេញ ផងដែរ។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃ៦រោច ខែភទ្របទឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃសុក្រ ទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះថា អនុវត្តតាមការណែនាំពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាល ពីពេលថ្មីៗនេះ ក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បាននិងកំពុងបើកការរដ្ឋានជួសជុលគ្រឹះ និងអ៊ុតកៅស៊ូ (AC) កំណាត់ផ្លូវជាតិលេខ២ ដែលមានប្រវែងជិត៥គីឡូម៉ែត្រ ទទឹង១៨ម៉ែត្រ ដោយចាប់ពីស្ពានអាកាសក្បាលថ្នល់ ដល់រង្វង់មូលព្រះនរាយ៍ (ព្រំប្រទល់ភ្នំពេញ និងខេត្តកណ្ដាល) ។ លោកសាំ ពិសិដ្ឋ បានបញ្ជាក់ថា ការដ្ឋាននេះបានចាប់ផ្តើមដំណើរការ កាលពីថ្ងៃទី០១ ខែ កញ្ញា ឆ្នាំ២០២២ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ពោលគឺប្រើប្រាស់ពេលវេលា១ខែគត់ ដើម្បីធ្វើឱ្យកំណាត់ផ្លូវនេះ មានសោភណ្ឌភាព និងធ្វើឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរបានស្រួល។ សូមបញ្ជាក់ថា អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង កាលពីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២កន្លងទៅនេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែលដី ចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងពិនិត្យមើលស្ថានភាពផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់សង្រែលើ និងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានន័យ ហើយកាលនោះឯកឧត្តមអភិបាលរាជធានីភ្នំបេញ បានធ្វើការណែនាំឱ្យមន្ត្រីជំនាញ និងអាជ្ញាធរដែលដី រៀបចំសណ្តាប់ធ្នាប់សាធារណៈ ផ្លូជាតិលេខ២នេះឱ្យបានល្អ ដោយមិនឱ្យមានការលក់ដូររំលោភយកចិញ្ចើមផ្លូវសាធារណៈ និងជួសជុលមើលថែផ្លូវ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរបានស្រួល៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង