អ្នកសារព័ត៌មានមកពីបណ្ដាប្រទេសនានាក្នុងទី្វបអាស៊ី ទស្សនកិច្ចសិក្សានៅប្រទេសសិង្ហបុរី ក្រោមកម្មវិធីអាហារូបករណ៍សារព័ត៌មានអាស៊ី
អ្នកសារព័ត៌មានចំនួន ២៧នាក់ មកពីបណ្តាប្រទេសនានានៅក្នុងទ្វីបអាស៊ីកំពុងទស្សនកិច្ចសិក្សានៅក្នុងប្រទេសសិង្ហបុរីរយៈពេល ២សប្តាហ៍ ក្រោមកម្មវិធីអាហាររូបករណ៍សារព័ត៌មានអាស៊ី (AJF)។ ក្នុងចំណោមសារព័ត៌មានអាស៊ីទាំងនោះ ក៏រួមមានអ្នកសារព័ត៌មានកម្ពុជាមួយរូបផងដែរ គឺលោក យា ចិន្តាខន្តី ជាអ្នកសារព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៃក្រសួងព័ត៌មាន ដោយលោកត្រូវបានជ្រើសរើសសម្រាប់កម្មវិធី AJF កាលពីឆ្នាំ២០២១។ កម្មវិធី AJF ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០៩ ដោយវិទ្យាស្ថានសិក្សាគោលនយោបាយ (IPS) នៃសាលាគោលនយោបាយលីក្វាន់យូនៃសាកលវិទ្យាល័យជាតិសិង្ហបុរី ដោយមានការឧបត្ថម្ភដោយមូលនិធិ Tamasek។ លោក អាលែន ចន នាយកកម្មវិធី AJF បានបញ្ជាក់ថា «កម្មវិធី AJF ប្រមូលផ្តុំអ្នកសារព័ត៌មានដែលមានបទពិសោធន៍ពីមជ្ឈដ្ឋានផ្សេងៗគ្នា និងធ្វើការក្នុងកាលៈទេសៈខុសៗគ្នាយ៉ាងទូលំទូលាយ ដើម្បីរៀន និងធ្វើការជាមួយគ្នា។ លោកបានថ្លែងថា៖ «អស់រយៈពេល ១១ឆ្នាំកន្លងមកនេះ កម្មវិធី AJF បានបណ្តុះបណ្តាលដល់អ្នកសារព័ត៌មានអាស៊ីចំនួន ១៧៣នាក់ ហើយ ដោយបានពង្រឹងសមត្ថភាពបុគ្គល និងកសាងស្ពានមិត្តភាពឆ្លងកាត់ព្រំដែនដ៏យូរអង្វែងរបស់ទ្វីបដ៏ធំមួយនេះ»។ លោកបានបន្ថែមថា ក្នុងរយៈពេល ២សប្តាហ៍នេះ អ្នកសារព័ត៌មានមកពីបណ្ដាប្រទេសនានាក្នុងតំបន់អាស៊ីចំនួន ២៧នាក់នឹងធ្វើទស្សនកិច្ចនៅតាមបណ្តាក្រុមហ៊ុនធំៗមួយចំនួននៅក្នុងប្រទេសសិង្ហបុរី ដែលរួមមានក្រុមហ៊ុនហ្គូដហ្គល ក្រុមហ៊ុនមេតាវើស (ហ្វេសប៊ុក) ប្រព័ន្ធផ្សព្វផ្សាយមេឌាខប (Mediacorp) ប្រព័ន្ធផ្សព្វផ្សាយអេសភីអេចមេឌាត្រាស់ (The Straight Times) មូលនិធិ Tamasek គម្រោងលំនៅឋានសាធារណៈ HDB Hub និងការចូលជួបសន្ទនាជាមួយរដ្ឋមន្រ្តីក្រសួងទំនាក់ទំនង និងព័ត៌មានសិង្ហបុរី និងអនុរដ្ឋមន្រ្តីទីពីរនៃក្រសួងមហាផ្ទៃសិង្ហបុរីផងដែរ៕សម្រួលដោយ ទៀត បុណ្ណរី