រដ្ឋមន្ត្រីក្រសួងសាធារណការ សំណូមពរឱ្យបងប្អូនប្រជា ពលរដ្ឋ ចូលរួមថែរក្សាផ្លូវថ្នល់ សម្អាតចិញ្ចើមផ្លូវមុខផ្ទះឱ្យបានស្អាត ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ

ភ្នំពេញ ៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាផ្លូវថ្នល់ សម្អាតចិញ្ចើមផ្លូវមុខផ្ទះឱ្យបានស្អាត ទុក ដាក់សំរាមឱ្យបានត្រឹមត្រូវ ខណៈដែលសំរាមអាចបង្កឱ្យមានការជន់លិច ហើយធ្វើឱ្យផ្លូវឆាប់ខូចមុនអាយុកាល។ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសា ធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារបច្ចេកទេសចុះត្រួតពិនិត្យហេដ្ឋារចនា សម្ព័ន្ធផ្លូវថ្នល់ និងប្រព័ន្ធលូនៅក្នុងក្រុងសៀមរាប ខេត្ត សៀមរាប ដោយមានការចូល រួមពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក និងមន្ត្រីជំនាញពាក់ព័ន្ធ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ។ ការចុះពិនិត្យនេះ មានការប្រើប្រាស់នូវម៉ាស៊ីនរ៉ូប៉ូតត្រួត ពិនិត្យប្រព័ន្ធលូ ដែលជាបច្ចេកវិទ្យាទំនើបមានភ្ជាប់ ជាមួយកាមេរ៉ា អាចមើល ឃើញស្ថានភាពជាក់ស្ដែងប្រព័ន្ធលូផ្ទៃខាងក្នុង ការកកស្ទះ ឬការខូចខាត ដើម្បីចាត់វិធានការដោះស្រាយបានទាន់ពេលវេលា។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានអញ្ជើញចុះពិនិត្យ និងចាត់ វិធានការដោះស្រាយ ក៏ដូចជាស្វែងរកមូលហេតុនៃការបង្កឱ្យមានជំនន់ទឹកភ្លៀង ជន់លិចបណ្តាផ្លូវមួយចំនួនក្នុងក្រុងសៀមរាប បង្កការបាក់ច្រាំងដងស្ទឹងសៀមរាប និងខូចខាតដល់ហេដ្ឋារចនា សម្ព័ន្ធមួយចំនួន កាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២២ កន្លងទៅ។ ថ្លែងក្នុងបទសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាននាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានផ្ដាំផ្ញើ និងសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាផ្លូវថ្នល់របស់យើងទាំងអស់គ្នា សម្អាតចិញ្ចើមផ្លូវមុខផ្ទះឱ្យបានស្អាត ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ពីព្រោះសំរាមជាប្រភពនាំមកនូវការកកស្ទះដល់ប្រព័ន្ធលូ ជាពិសេសកុំចាក់ដីខ្ពស់ជាងផ្លូវ ដែលអាចបង្កឱ្យមានការជន់លិច ធ្វើឱ្យផ្លូវឆាប់ខូចមុនអាយុកាល និងសូមចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង