ឪពុកក្មេកផ្ដាចជីវិតកូនប្រសារខណៈផឹកស៊ីស្រវឹងឌឺដងដាក់គ្នា

TNM(ខេត្តស្ទឹងត្រែង): ករណីឃាតកម្មមួយបានកើតឡើង ដោយឪពុកក្មេកបានសម្លាប់កូនប្រសារប្រុស នៅខណៈពេលដែលផឹកស៊ីស្រវឹងស្រាឌឺដងដាក់គ្នាកើតជាជម្លោះ រហូតដល់ប្រើកាំបិតនិងដំបង។ករណីនេះបានកើតមាននៅចំណុចអូរឈើទាល ក្នុងភូមិកាំងដីស សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែងកាលពីវេលាម៉ោងជាង 11 យប់ ថ្ងៃទី 2 ខែមីនា ឆ្នាំ 2021។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ចាន់ ឆាយរ៉ាវណ្ណះ អាយុ36ឆ្នាំមានស្រុកកំណើត រស់នៅភូមិកាកាបខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ដោយមករកសុីនៅខេត្តស្ទឹងត្រែង ហើយក៏បានយកប្រពន្ធ នៅភូមិកាំងដីស ក្នុងសង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

យោងតាមប្រភពពីអ្នកផឹកស៊ីជាមួយជនរងគ្រោះខាងលើ បានប្រាប់ឲ្យសមត្ថកិច្ចដឹងថា នៅវេលាយប់កើតហេតុមានអ្នកចូលរួមផឹកស៊ីជាអ្នកជិតខាងកូនប្រសារនិងឪពុកក្មេក ឃើញថាជនរងគ្រោះដែលត្រូវជាកូនប្រសារបានផឹកស៊ីស្រវឹងស្រាតាំងពីក្រៅរួចមកហើយក៏បានជិះម៉ូតូមកដល់ផ្ទះឪពុកក្មេកដែលកំពុងជួបជុំផឹកស៊ីដែរ ពេលនោះឪពុកក្មេកឈ្មោះ ឆាន់ ជឿន មានវ័យចំណាស់ទៅហើយដោយគាត់មិនសូវពូកែផឹកស្រានោះទេ តែពិនពូកែខាងរអ៊ូនិយាយច្រើនដាក់កូន ។ ធ្វើឲ្យកូនប្រសារដែលជាជនរងគ្រោះបានខឹងនឹងឪពុកក្មេក ឈានដល់ទាស់សំដីគ្នារហូតមានការប្រតាយប្រតប់ម្ដងជាពីរដង ហើយក៏ត្រូវបានអ្នកចូលរួមផឹកស៊ីជាមួយចាប់ឃាត់ តែឃាត់មិនឈ្នះនោះទេបន្ទាប់មកកូនប្រសារចេះតែតាមរករឿងចង់វ៉ៃតបទៅលើឪពុកក្មេក។
ប្រភពដដែលបានបញ្ជាក់ថា កូនប្រសារទាញយកដំបងប្រុងចូលទៅវ៉ៃឪពុកក្មេកតែត្រូវបងប្អូនអ្នកចូលរួមផឹកស៊ីជាមួយចេះតែឃាត់ចាប់និងដកហូតយកកាំបិតនិងដំបងចេញពីភាគីទាំងសងខាង តែចំណែកខាងកូនប្រសារចេះតែតាមរករឿងរួចហើយក៏ស្ទុះទៅម្ដងជាពីរដងជាបន្តដោយភ្លាមៗនោះ ខាងឪពុកក្មេកក៏ទ្រាំមិនបាន បានយកវត្ថុមុតស្រួចដែលគេប្រើសម្រាប់ជាជ័រកៅស៊ូ ចាក់ទៅលើកូនប្រសា នៅពេលកូនប្រសារស្ទុះទៅវាយក៏បណ្ដាលឱ្យមុតត្រូវជាច្រើនកន្លែងហូរឈាមស្រោចពេញខ្លួន។ ក្រោយពេលកើតហេតុភ្លាមៗ ជនជនរងគ្រោះ ត្រូវបានសាច់ញាតិ ដឹកយកមកកាន់មន្ទីរពេទ្យបង្អែកខេត្ត តែអកុសលបានស្លាប់បាត់បង់ជីវិតនៅតាមផ្លូវមុនមកដល់មន្ទីរពេទ្យ ។ចំណែកឪពុកក្មេកក្រោយពេលកើតហេតុភ្លាមៗក៏បានរត់គេចខ្លួនបាត់។ រីឯសាកសពជនរងគ្រោះរយពេលសមត្ថកិច្ចបានត្រួតពិនិត្យធ្វើកោសល្យវិច័យរួចរាល់នៅឯមន្ទីរពេទ្យបង្អែកខេត្ត ក៏បានប្រគល់ជូនទៅក្រុមគ្រួសារ នៅព្រឹកថ្ងៃទី 3 ខែមីនា ឆ្នាំ 2021ដើម្បីយកសពទៅធ្វើបុណ្យតាមប្រពៃណី៕

(ពុទ្ធា ស្ទឹងត្រែង)

អត្ថបទដែលជាប់ទាក់ទង