ឯកឧត្ដ រដ្ឋមន្ដ្រី ខៀវ កាញារីទ្ធ ជួបពិភាក្សាការងារជាមួយប្រធានក្រុមហ៊ុន ខេមបូឌា ឌីជីថល ធីវី ខូអិលធីឌី និងតំណាងទូរទស្សន៍ ខេត្តយូណាន ប្រទេសចិន
(ភ្នំពេញ)៖ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ បានទទួលជួបពិភាក្សាការងារជាមួយ លោក HUANG JIANG ប្រធានក្រុមហ៊ុន ខេមបូឌា ឌីជីថល ធីវី ខូអិលធីឌី និងតំណាងទូរទស្សន៍ ខេត្តយូណាន ប្រទេសចិន។ ក្នុងជំនួបនោះភាគីចិន បានលើកឡើងពីគម្រោងការងារសំខាន់ៗមួយចំនួន ដែលត្រូវបន្តធ្វើកិច្ចសហការជាមួយក្រសួងព័ត៌មានកម្ពុជា ជាពិសេសជាមួយ ទូរទស្សន៍ជាតិកម្ពុជា។ ក្នុងរយៈពេលកន្លងមកនេះ ទូរទស្សន៍ខេត្តយូណាន ចង់ធ្វើកិច្ចសហការជាមួយក្រសួងព័ត៌មាន លើគម្រោងការថតផ្សាយ ទូរទស្សន៍ប្រភេទ HD 4K HK សម្រាប់កម្មវិធីកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ។ ទូរទស្សន៍យូណាន ប្រទេចិនក៏មានគម្រោងកិច្ចសហការជាមួយ ក្រសួងព័ត៌មាន ក្នុងវិស័យផ្សព្វផ្សាយគម្រោងប្រព័ន្ធ 5G គម្រោងប្រព័ន្ធ OTT គម្រោងសាងសង់អគារមជ្ឈមណ្ឌលព័ត៌មានមេគង្គ-ឡានឆាង និងគម្រោងថ្នាលទូរទស្សន៍ជាតិ។ លោកប្រធានក្រុមហ៊ុន ខេមបូឌា ឌីជីថល បានសម្ដែងនូវការអរគុណចំពោះ ឯកឧត្ដម ខៀវ កាញារីទ្ធ ក៏ដូចជាថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដែលបានគាំទ្រ និងធ្វើកិច្ចសហការល្អ ដើម្បីអាចឲ្យរុមហ៊ុន ដំណើរការងារបានដោយរលូន តាំងពីដើម រហូតមកដល់បច្ចុប្បន្ននេះ។ លោក HUANG JIANG ក៏បានគោរពជូនពរ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងឱកាសថ្ងៃខួបកំណើតគម្រប់៧០ ឈានចូល៧១ឆ្នាំ, សូមមានសុខភាពល្អរឹងមាំ ដើម្បីបន្តបំពេញកិច្ចការងារបម្រើឲ្យវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជាកាន់តែរីកចម្រើនថែមទៀត។ ឯកឧត្ដម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានបញ្ជាក់ពីជំហរក្នុងការបន្តពង្រឹងកិច្ចសហការល្អជាមួយក្រុមហ៊ុន ខេមបូឌា ឌីជីថល ធីវី ខូអិលធីឌី និងទូរទស្សន៍ ខេត្តយូណាន ដើម្បីទទួលបានជោគជ័យថ្មីៗ បន្តទៀតក្នុងកិច្ចការអាជីវកម្មប្រពន្ធ័ផ្សព្វផ្សាយនៅកម្ពុជា៕សម្រួលដោយ ទៀង បុណ្ណរី