កម្ពុជាបញ្ជូនកីឡាករកីឡាការិនីជម្រើសជាតិចំនួន១៥៩នាក់ទៅហ្វឹកហាត់ នៅប្រទេសចិនរយៈពេល ៦ខែ
ភ្នំពេញ៖កម្ពុជាបានបញ្ជូនកីឡាករកីឡាការិនីជម្រើសជាតិ ចំនួន១៥៩នាក់ទៅហ្វឹកហាត់ នៅប្រទេសចិនរយៈពេល ៦ខែ ចាប់ពីថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២២រហូតដល់ខែមីនាឆ្នាំ២០២៣ ដើម្បីដកស្រង់បទពិសោធន៍និងបច្ចេកទេស យកមកប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ថ្លែងក្នុងពិធីសំណេះសំណាល និងជូនដំណើរ កីឡាករ កីឡាការិនី ជម្រើសជាតិកម្ពុជា ចេញ ទៅហ្វឹកហាត់នៅប្រទេសចិនក្រោមកម្មវិធីជំនួយផ្នែកបច្ចេកទេសកីឡា ដែលជាជំនួយឥតសំណង របស់រដ្ឋាភិបាលចិន នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា លោក Wu Guoquan ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជាបានចូលរួមអបអរសាទរ ចំពោះកីឡាករកីឡាការិនីនិងគ្រូបង្វឹកកម្ពុជាទាំងអស់ដែលនឹងត្រូវចេញទៅហ្វឹកហាត់ នៅប្រទេសចិនក្នុងរយៈពេលខាងមុខនេះ។ លោកបន្តថា គម្រោង នៃការ បញ្ជូនកីឡាករកីឡាការិនីកម្ពុជាទៅរៀននៅប្រទេសចិននេះ ក្នុងគោលបំណង លើកកម្ពស់កម្រិតការប្រកួតកីឡារបស់កម្ពុជាតាមរបៀបហ្វឹកហាត់រួមគ្នាដោយភាគី ចិនផ្តល់សម្ភារៈហ្វឹកហាត់ បញ្ជូនគ្រូឱ្យមកបង្ហាត់នៅកម្ពុជាផ្ទាល់និងបញ្ជូនកីឡាករកីឡាការិនីឱ្យទៅហ្វឹកហាត់នៅប្រទេសចិន។ ការអនុវត្តន៍គម្រោងនេះ ដើម្បីពង្រឹងទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយ នៃប្រទេសទាំងពីរកាន់តែរឹងមាំស៊ីជម្រៅថែមទៀត ខណៈកីឡាជាភាសាទូទៅនៃការប្រាស្រ័យគ្នានៅលើពិភពលោក ហើយក៏ជាវិស័យមួយដ៏សំខាន់ក្នុងការជំរុញការស្គាល់គ្នា យល់ចិត្តគ្នាទៅវិញទៅមករវាងចិននិងកម្ពុជា។ នៅក្នុងឱកាសនោះដែរ ឯកឧត្តមវ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ បានអរគុណដល់មិត្តចិនដែលបានគាំទ្រដល់វិស័យកីឡានៅកម្ពុជានាពេលកន្លងមកតាមរយៈការកសាងពហុកីឡដ្ឋានជាតិមរតកតេជោ និងការជួយដល់កីឡាករកីឡាការិនីកម្ពុជា ក្នុងការហ្វឹកហាត់ប្រកបដោយប្រសិទ្ធភាព។ ឯកឧត្តមបញ្ជាក់ថា ការជួយហ្វឹកហាត់ដល់កីឡាករកីឡាការិនីកម្ពុជានៅពេលនេះ គឺមានសារសំខាន់ណាស់សម្រាប់កម្ពុជាជាពិសេសសម្រាប់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ៦៤ឆ្នាំដែលកម្ពុជារង់ចាំធ្វើជាម្ចាស់ផ្ទះនៃការប្រកួត កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ខាងមុខនេះ ។ « ដើម្បីតបស្នងសងគុណដល់ភាគីចិនដែលបានជួយយើង កីឡាករកីឡាការិនីទាំងអស់ត្រូវខិតខំហ្វឹកហាត់យកចំណេះដឹងយកមកលើកកម្ពស់វិស័យកីឡាកម្ពុជាឱ្យកាន់តែរីកចម្រើន។ត្រូវរៀបចំខ្លួនផ្សារភ្ជាប់ជាមួយប្រជាជនចិន និងគ្រូបង្ហាត់ចិន ត្រូវរក្សាវិន័យ សេចក្តីថ្លៃថ្នូរ គោរពច្បាប់ និងការណែនាំរបស់អាជ្ញាធរចិនឱ្យបានល្អជាពិសេសវិធានការការពារកូវីដ១៩ព្រោះការចេញទៅហ្វឹកហាត់នៅប្រទេសចិនលើក នេះ ទៅក្នុងនាមកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលចិនពោលគឺតំណាងប្រទេសជាតិ ទាំងមូល»។ កញ្ញាសុខ វល័ក្ខណ៍កីឡាការិនីហែលទឹកដែលត្រៀម ទៅហ្វឹកហាត់នៅប្រទេសចិនបានបង្ហាញពីមោទនភាពដែលបានទៅចូលរួមហ្វឹកហាត់លើជំនាញហែលទឹកនៅប្រទេសចិននេះ ព្រោះប្រទេសចិនមានគ្រូល្អៗ បទពិសោធខ្ពស់ និងមានសម្ភារៈគ្រប់គ្រាន់។ ជាមួយគ្នានោះដែរ កញ្ញាបូរ អ៊ីន ស៊ូ ជាកីឡាការិនីវាយកូនឃ្លីលើតុអរគុណដល់រដ្ឋាភិបាលចិន នឹងប្តេជ្ញាខិតខំហ្វឹកហាត់ឱ្យទទួលបានជោគជ័យនៅប្រទេសចិន ហើយយកចំណេះដឹងនោះមកសាងកេរ្តិ៍ឈ្មោះឱ្យប្រទេសជាតិកម្ពុជា។សូមបញ្ជាក់ថា កីឡាករ កីឡាការនីដែលត្រូវហ្វឹកហាត់នៅប្រទេសចិននៅពេលនេះ សរុបចំនួន១៥៩នាក់ មានដូចជាមកពីសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាចំនួន១១នាក់ ខេម សហព័ន្ធយូដូ ៥នាក់ សហព័ន្ធកីឡាវ៉ូស៊ូកម្ពុជាចំនួន១០នាក់ សហព័ន្ធកីឡាបាល់បោះកម្ពុជាចំនួន១៥នាក់ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ចំនួន១០នាក់ សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តចំនួន២០នាក់ សហព័ន្ធកីឡាចំបាប់កម្ពុជាចំនួន១៥នាក់ សហព័ន្ធកីឡាវាយសីកម្ពុជាចំនួន១២នាក់ សហព័ន្ធកីឡាហែលទឹកកម្ពុជា១១នាក់ សហព័ន្ធលើកទម្ងន់កម្ពុជាចំនួន១០នាក់ សហព័ន្ធបាល់ទាត់កម្ពុជាចំនួន២៥នាក់ សហព័ន្ធកីឡាបាល់ទះកម្ពុជាចំនួន១៥នាក់ និងអ្នកដឹកនាំចំនួន២នាក់៕សម្រួលដោយ ទៀង បុណ្ណរី