ក្រុមមិត្តភាពកងមាសគ្រោងរៀបចំកម្មវីធីដាក់បិណ្ឌសាមគ្គីមិត្តភាពកងមាសលើកទី៩ នៅក្នុងវត្តនិគ្រោធារាម នាថ្ងៃទី១៧ ខែកញ្ញា ខាងមុខ

ក្រុមមិត្តភាពកងមាសនៃវិទ្យាល័យ សម្តេច ហ៊ុន សែន ពាមជីកង គ្រោងនឹងរៀបចំ កម្មវីធីដាក់បិណ្ឌសាមគ្គីមិត្តភាពកងមាសលើកទី៩ នៅក្នុងវត្តនិគ្រោធារាម ស្ថិតនៅភូមិដំណាក់ជ្រៃ ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីធ្វើបុណ្យនិងសាង កុសលផលបុណ្យរួមគ្នា ជាពិសេសរឹតចំណងមិត្តភាពនិងសាមគ្គីភាព ឱ្យកាន់តែស្អិតល្មួតនិងស្ថិតស្ថេរ យូរអង្វែង ។ លោក គិត ឆៃអ៊ីម អនុប្រធាននាយកដ្ឋានអង្គរក្សនៃក្រសួងមហាផ្ទៃ និងជាអ្នកផ្តើមរៀបចំកម្មវីធីដាក់បិណ្ឌ សាមគ្គីមិត្តភាពកងមាសលើកទី៩ បានមានប្រសាសន៍ថា ការរៀបចំកម្មវិធីដាក់បិណ្ឌសាមគ្គីមិត្តភាព កងមាសលើកទី៩នេះ គឺក្រុមមិត្តភាពកងមាស បានធ្វើលិខិតអញ្ជើញ លោកគ្រូ អ្នកគ្រូចូលនិវត្តន៍ និង មិត្តភក្តិទាំងក្នុងនិងក្រៅប្រទេស ដើម្បីរៀបចំទេយ្យទាន គ្រឿងឧបភោគបរិភោគ សម្រាប់ប្រគេនព្រះសង្ឃ គង់នៅវត្តនិគ្រោធារាម រៀបចំអាហារសាមគ្គីពីព្រឹករហូតដល់ល្ងាច ជូនលោកគ្រូ អ្នកគ្រូ និងមានការច្រៀង រាំលេងកម្សាន្តតាមប្រពៃណីខ្មែរថែមទៀតផង ។ លោកបានបន្តថា ដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ ទើបធ្វើឱ្យក្រុមមិត្តភាពកងមាស អាចរៀបចំកម្មវិធីនេះឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងបង្ហាញពីការរួបរួមសាមគ្គីគ្នា បង្ហាញពីការនឹក រលឹកគ្នាទៅវិញទៅមក និងរំលឹកអនុស្សាវរីយ៍កាលពីវ័យសិក្សា ។ ម្យ៉ាងវិញទៀតក៏ជាការធ្វើបុណ្យជូនជីដូនជីតា កុងម៉ា ញាតិកាទាំង៧សន្តាន ធ្វើបុណ្យជូនលោកគ្រូ អ្នកគ្រូ និងមិត្តភក្តិ ដែលបានទទួលមរណកាលទៅ ជាពិសេសបានបច្ច័យសម្រាប់ជួយកសាងវត្តអារាម សាលារៀន ក្នុងទីវត្តអារាម ជូនដល់លោកគ្រូ អ្នកគ្រូ និងចាស់ជរាចូលនិវត្តន៍ថែមទៀតផង ។ « ដោយមានសន្តិភាពដែលមានប្រមុខដឹកនាំដ៏ឆ្នើមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យប្រជាជនក្នុងប្រទេសធ្វើបុណ្យតាមជំនឿរៀងៗខ្លួន ជាពិសេសក្រុមមិត្តភាពកងមាសយើងខ្ញុំតែងតែរៀបចំពិធីកាន់បិណ្ឌជារៀងរាល់ឆ្នាំនេះឡើង ។ បើយើងពិនិត្យមើលពិធីនេះកម្រមានក្រុមណាផ្សេងប្រារព្ធធ្វើឡើងណាស់ ដូច្នេះពួកយើងយល់ឃើញថា ពិធីនេះ ជាពិធីមួយដ៏សំខាន់ ដែលពួកយើងបានជួបជុំគ្នាផង ធ្វើបុណ្យរួមគ្នាផង សាងកុសលបុណ្យរួមគ្នាផង មានភាពស្និទ្ធស្នាលរវាងមិត្តភក្តិ និងស្វាមី ឬភរិយាមិត្តភក្តិបានរាប់អានជាមិត្តបន្តជាមួយគ្នា» ។ តាងនាមឱ្យក្រុមមិត្តភាពកងមាស លោក គិត ឆៃអ៊ីម សូមគោរពអញ្ជើញ លោកគ្រូ អ្នកគ្រូ និង មិត្តភក្តិដែលជាអតីតសិស្សរៀននៅវិទ្យាល័យ សម្តេច ហ៊ុន សែន ពាមជីកង ទាំងអស់ មេត្តាចូលរួម ឱ្យបានកុះករនិងអធិកអធម ប្រកបដោយក្តីស្រឡាញ់ ស្នាមញញឹម និងភាពសប្បាយរីករាយជាទីបំផុត ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌនាពេលនេះ។ សូមបញ្ជាក់ថា ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ ក្រុមមិត្តភាពកងមាសបានអាក់ខាន រៀបចំកម្មវិធី ជួបជុំដាក់បិណ្ឌរួមគ្នានេះចំនួន២ឆ្នាំជាប់ៗគ្នា ប៉ុន្តែសម្រាប់ឆ្នាំនេះដោយសារស្ថានភាពនៃជំងឺ កូវីដ១៩ រាងធូរស្រាលជាងមុន ទើបក្រុមសមាជិកទំាងអស់បានសម្រេចរួមគ្នារៀបចំ កម្មវីធីដាក់បិណ្ឌសាមគ្គី មិត្តភាពកងមាសលើកទី៩ នៅក្នុងវត្តនិគ្រោធារាម ស្ថិតនៅភូមិដំណាក់ជ្រៃ ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង