ឯកឧត្តមមាស សុភា៖វិស័យពុទ្ធចក្ររីកចម្រើនអាស្រ័យដោយវិស័យអាណាចក្រមានការអភិវឌ្ឍ
ព្រះវិហារ៖ ឯកឧត្តម មាស សុភា ទេសរដ្ឋមន្ដ្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារបានលើកឡើងថា វិស័យពុទ្ធចក្រមានការរីកចម្រើន ទៅបាន គឺអាស្រ័យដោយវិស័យអាណាចក្រមានការអភិវឌ្ឍ ប្រជាពលរដ្ឋមានជីវភាពល្អប្រសើរផងដែរ។ ការលើកឡើង បែបនេះក្នុងឱកាសដែលឯកឧត្តមទេសរដ្ឋមន្ដ្រី និងថ្នាក់ដឹកនាំខេត្តព្រះវិហារ បានរៀបចំ បុណ្យកាន់បិណ្ឌវេនទីមួយ នៅក្នុងវត្តប្រាសាទគោកបេង ស្ថិតនៅក្នុងភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារកាលពីព្រឹកថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២២។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំង ឯកឧត្តម លោក ជំទាវ លោក លោកស្រី ជាអភិបាលរងខេត្ត ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ លោកយាយ លោកតា និងពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើនរូបថែមទៀតផងដែរ។ នាឱកាសនោះ ឯកឧត្តម មាស សុភា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពី សំណាក់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ប្រគេនដល់ ព្រះសង្ឃ គ្រប់ព្រះអង្គ ជូនដល់ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ ព្រមទាំងលោកតា លោកយាយ និងពុទ្ធបរិស័ទ ទាំងអស់ទូទាំងខេត្តព្រះវិហារ ។ ឯកឧត្តម ក៏បានឱ្យដឹងថា បុណ្យកាន់បិណ្ឌ គឺជាពិធីបុណ្យតាមបែបពុទ្ធសាសនា ដែលរាជរដ្ឋាភិបាល ក៏ដូចជា ប្រជាពលរដ្ឋ ខ្មែរយើងតែងតែបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ មិនដែលអាក់ខាន ដើម្បីឧទ្ទិសនូវបុណ្យ កុសល ជូនទៅដល់វិញ្ញាណក្ខន្ធ បុព្វការីជន មានមាតា បិតា ញាតិកាទាំងប្រាំពីរសន្ដាន ដែលបានចែកឋាន ទៅកាន់ លោកខាងមុខ ព្រមទាំងឧទ្ទិសកុសលទៅដល់យុទ្ធជនយុទ្ធនារី ដែលបានពលីជីវិតក្នុងបុព្វហេតុ រំដោះជាតិមាតុភូមិរបស់យើង និងដើម្បីប្រគេនទេយ្យទានដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស។ ឯកឧត្តមក៏បានកោតសរសើរ អំពីការរីកចម្រើន ក្នុងវិស័យពុទ្ធសាសនាដោយបានលើកឡើងថា ដោយសារ បាវចនាជាតិបាន ចាត់ទុកពុទ្ធសាសនា ជាសាសនារបស់ជាតិ អាស្រ័យហេតុនេះបានជាពុទ្ធសាសនា ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ ក្នុងការជួយទំនុកបម្រុង រហូតធ្វើឱ្យវិស័យពុទ្ធសាសនាមានការ រីកចម្រើន នៅគ្រប់ទីកន្លែង ហើយមិនត្រឹមតែពុទ្ធសាសនាប៉ុណ្ណោះទេ សាសនាផ្សេងៗ ទៀតក៏មានការរីក ចម្រើនគួរឱ្យកត់សម្គាល់ផងដែរ។ ឯកឧត្តមបញ្ជាក់ថា វិស័យពុទ្ធចក្រ និងអាណាចក្រ គឺដើរទន្ទឹមគ្នា ដូច្នេះ បើពុទ្ធសាសនាមាន ការរីកចម្រើន គឺអាស្រ័យដោយវិស័យអាណាចក្រមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហើយការរីកចម្រើន ទាំងនេះក៏ អាស្រ័យលើប្រទេសមាន សន្តិភាពស្ថិរភាពនិង សន្តិសុខសង្គមផងដែរ ។ ដូច្នេះហើយ ឯកឧត្តម ក៏បាន ផ្តាំផ្ញើដល់ព្រះសង្ឃ ព្រមទាំងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋទាំងអស់ត្រូវរួមគ្នាថែរក្សាឱ្យបាននូវសន្តិភាព ដើម្បីយើងមានឱកាស អភិវឌ្ឍប្រទេសជាតិរបស់យើង ឱ្យមានការរីកចម្រើនជាបន្តទៀត។ក្នុងឱកាសនោះផងដែរ ឯកឧត្តម និងក្រុមការងារ ក៏បានបង្សុកូល រាប់បាត្រ និងបានប្រគេនបច្ច័យ សម្រាប់ វេនកាន់បិណ្ឌទី១ ចំនួន១០, ២៣៥,០០០ រៀល និងជូនលោកតាជី យាយជី ដែលបានចូលរួមនូវថវិកាមួយ ចំនួនផងដែរ ៕សម្រួលដោយ ទៀង បុណ្ណរី