ក្រសួងបរិស្ថាន និងអង្គការជំនាញគ្រោងយកក្រពើភ្នំពីអារ៉ែងទៅបង្កាត់ពូជជាមួយក្រពើភ្នំនៅទន្លេស្រែពក
ក្រសួងបរិស្ថាន និងអង្គការមូលនិធិសកលសម្រាប់ធម្មជាតិ ហៅកាត់ WWF កំពុងជំរុញការបង្កើនចំនួនប្រជាសាស្ត្រសត្វក្រពើភ្នំទៅក្នុងធម្មជាតិនៃដែនជម្រក សត្វព្រៃស្រែពក បន្ទាប់ពីការសិក្សាស្រាវជ្រាវបានប្រាកដថា ពិតជាមានវត្តមានក្រពើភ្នំនៅទន្លេស្រែពក។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រសួង និងអង្គការ WWF កំពុងសិក្សារួមគ្នាបង្កាត់ពូជក្រពើភ្នំ ដើម្បីបង្កើនចំនួនក្នុងដែនជម្រកសត្វព្រៃស្រែពកក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ខណៈបច្ចុប្បន្នការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រនៃក្រុមការងារអភិរក្សជីវៈចម្រុះ បង្ហាញថា នៅទូទាំងប្រទេសកម្ពុជាមានក្រពើភ្នំ ចន្លោះពី២០០ ទៅ៤០០ក្បាល ដែលជាចំនួនច្រើនជាងគេលើពិភពលោក។ ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងអំឡុងទស្សនកិច្ចជីវៈចម្រុះនៅដែនជម្រកសត្វព្រៃស្រែពក កាលពីចុងសប្តាហ៍កន្លងទៅ ឯកឧត្តម បានបញ្ជាក់ថា ស្ថានភាពនៃការបង្កាត់ពូជសត្វក្រពើភ្នំគឺក្រុមការងារជំនាញវិទ្យាសាស្ត្រអនុវត្តបានជោគជ័យរួចហើយ ដោយក្នុងនោះ បានបង្កាត់ពូជ និងលែងចូលទៅតំបន់អារ៉ែង។ ដូច្នេះទើបមានគម្រោងបង្កើនចំនួនបន្ថែមនៅដែនជម្រកសត្វព្រៃស្រែពក។ សំឡេង៖ ពីមុនមកយើងដឹងថា សូមបញ្ជាក់ថា អង្គការWWF បានធ្វើការសិក្សាលើសត្វក្រពើភ្នំនៅដែនជម្រកសត្វព្រៃស្រែពក តាំងពីឆ្នាំ២០០៥មក បន្ទាប់ពីមានស្លាកស្នាមលាមក ដានជើង និងដានកន្ទុយរបស់វា។ កញ្ញា មីលូ ហ្រូអិណេបឺក (Milou Groenenberg) ប្រធានផ្នែកស្រាវជ្រាវ និងតាមដានជីវៈចម្រុះនៃអង្គការ WWF បានឱ្យដឹងថា កាលពីខែកញ្ញា ឆ្នាំ២០២១ គេបានឃើញផ្ទាល់នូវវត្តមានរបស់កូនក្រពើភ្នំក្នុងដែនជម្រកសត្វព្រៃស្រែពក ពិសេសនៅតាមបណ្ដោយដងទន្លេស្រែពក ដែលមានប្រមាណជាង១០ក្បាល។ កញ្ញា មីលូ ថ្លែងថា «គំហើញនៃហ្វូងកូនសត្វក្រពើភ្នំនៅតំបន់ស្រែពក ពិតជាផ្តល់នូវក្តីសង្ឃឹមសម្រាប់ស្រាវជ្រាវ ការអភិរក្ស និងការពារការរស់រានរបស់សត្វនេះនៅក្នុងទីជម្រកធម្មជាតិរបស់វា ដែលវាមានសារសំខាន់ណាស់សម្រាប់កម្ពុជា និងពិភពលោកទាំងមូល»។ ផ្អែកតាមការស្រាវជ្រាវរបស់ក្រុមអ្នកវិទ្យាសាស្រ្ត ប៉ាន់ប្រមាណថា ប្រទេសកម្ពុជា គឺជាទីជម្រកសំខាន់ជាសកលមួយសម្រាប់ការរស់រាននៃសត្វក្រពើភ្នំ ដែលមានចន្លោះពី២០០ទៅ ៤០០ក្បាល កំពុងរស់នៅក្នុងទីជម្រកធម្មជាតិនានាក្នុងប្រទេស ខណៈនៅលើពិភពលោក មានមិនលើសពី១ពាន់ក្បាលនោះឡើយ៕សម្រួលដោយ ទៀង បុណ្ណរី