បើទោះបីជារដូវវស្សា ក៏តំបន់ទេសចរណ៍សំខាន់ៗក្នុងខេត្តក្រចេះ នៅតែអាចដំណើរការ ទទួលភ្ញៀវទេសចរបានជាធម្មតា
ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ បានលើកឡើងថា បើទោះបីជារដូវវស្សា ក៏តំបន់ទេសចរណ៍សំខាន់ៗក្នុងខេត្តក្រចេះ នៅតែអាចដំណើរការទទួលភ្ញៀវទេសចរបាន ជាធម្មតា ដោយសារតែតំបន់ទាំងនេះ មានភាពអំណោយផលនិងសម្បូរធនធានធម្មជាតិ ធ្វើឱ្យតំបន់ទេសចរណ៍ទំាងនោះកាន់តែមាន សម្រស់ស្រស់ស្អាត។ លោក ចាន់ សុគន្ធី ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះមានប្រសាសន៍ថា ខេត្តក្រចេះមាន សក្ដានុពលទេសចរណ៍រហូតដល់១៩ទីតាំង ប៉ុន្តែនៅក្នុងរដូវវស្សានេះ មានតំបន់ទេសចរណ៍ សំខាន់ៗមួយចំនួនតែប៉ុណ្ណោះ ដែលនៅតែអាចបន្តទទួលស្វាគមន៍ភ្ញៀវទេសចរបាន។លោកប្រធានបានបន្តថា តំបន់ទេសចរណ៍ដែលនៅតែអាចបន្តទទួលភ្ញៀវទេសចរបានជាធម្មតា រួមមាន ៖ ក្រុងក្រចេះ សហគមន៍ទេសចរណ៍កោះទ្រង់ សហគមន៍ក្រឡាន ភ្នំសំបុក អន្លង់ផ្សោតកាំពីនិងកាំពី វិហារសសរ១០០ជាដើម ដែលតំបន់ទាំងអស់នេះ នៅតែជាទីតាំង ដ៏មានសក្ដានុពលនិងមានធនធានធម្មជាតិដ៏សម្បូរបែបនៅក្នុងរដូវវស្សានេះ ។ « សរុបសេចក្ដីទៅតំបន់ទេសចរណ៍នៅក្នុងខេត្តក្រចេះ ក្នុងរដូវវស្សាសព្វថ្ងៃនេះ គឺយើងមានវិហារសសរ១០០ កាំពី និង អន្លង់ផ្សោតកាំពី កោះទ្រង់ ហើយបន្ទាប់មកមានវិហារ រកាកណ្តាល តំបន់ក្រុងក្រចេះដែលមានផ្សារធំ ងាកទៅស្រុកស្នួលគឺមានវិមានពីរធ្នូ ដោយចុះមកមានភ្នំសុពណ៌កាលី ហើយតែអែបជើងភ្នំនោះ គេហៅថារមណីយដ្ឋាន កែច្នៃឆ្នេរសុពណ៌កាលីកំពុងតែដំណើរការទទួលទេសចរបានក្នុងរដូវវស្សា និងភ្នំសំបុក » ។ លោកប្រធានមន្ទីរបានបន្ថែមថា បច្ចុប្បន្ននេះក្រុមការងារពាក់ព័ន្ធ បាននិងកំពុងធ្វើការទៅលើ វិធានការសុវត្ថិភាពតាមការណែនាំរបស់ក្រសួងទេសចរណ៍ ដើម្បីធានាបាននូវសុវត្ថិភាព ដល់ភ្ញៀវទេសចរ ក៏ដូចជាចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការ ឆ្លងរាតត្បាត នៃជំងឺកូវីដ១៩ ។ សូមបញ្ជាក់ថា ខេត្តក្រចេះ មានតំបន់ទេសចរណ៍សរុប១៩ទីតាំង រួមមាន៖ រមណីយដ្ឋាន ធម្មជាតិចំនួន១៣កន្លែង រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រចំនួន៥កន្លែង និងរមណីយដ្ឋាន វប្បធម៌ធម្មជាតិចំនួន១កន្លែង ៕សម្រួលដោយ ទៀង បុណ្ណរី