អភិបាលខេត្តស្ទឹងត្រែងប្រាប់ឱ្យអាជ្ញាធរមូលដ្ឋានរួមគ្នាថែរក្សាផ្លូវកៅស៊ូថ្មីសម្រាប់ប្រើប្រាស់ បានយូរអង្វែង
ស្ទឹងត្រែង៖ ឯកឧត្តមអភិបាលខេត្តស្ទឹងត្រែង បានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន រួមគ្នា ទប់ស្កាត់រថយន្តធំ ដឹកលើសទម្ងន់ ឆ្លងកាត់តាម ផ្លូវកៅស៊ូថ្មីចូលទៅកាន់តំបន់ប្រវត្តិសាស្ត្រ ស្តូបអនុស្សាវរីយ៍សម្តេចឪសម្តេចតា នៅស្រុកបុរីអូរស្វាយសែនជ័យ ។ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវវកៅស៊ូនៅស្រុកបុរីអូរស្វាយសែនជ័យកាលពីថ្ងៃទី០៦កញ្ញាឆ្នាំ២០២២ ឯកឧត្តមស្វាយសំអ៊ាង អភិបាលខេត្តស្ទឹងត្រែង មានប្រសាសន៍ថា ៖ នេះជាផ្លូវថ្មីមួយមកកាន់តំបន់ប្រវត្តិសាស្ត្រសម្តេចឪ សម្តេចតានៃយើង បានបង្កើតឡើង កាល ពីទសវត្សរ៍ទី៦០ ហើយស្ថិតក្រោមការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល បានបង្កើតស្រុកថ្មី បង្ហាញពីភាពរីកចម្រើននៅតំបន់ព្រំដែននេះ និងដើម្បីធ្វើឱ្យការរស់នៅរបស់បងប្អូន ប្រជាពលរដ្ឋយើងឱ្យមានភាពសប្បូរសប្បាយ។ ឯកឧត្តមមានប្រសាសន៍ទៀតថា៖ យើងមានផ្លូវមានក្តីសង្ឃឹម ហើយផ្លូវកៅស៊ូថ្មីរបស់យើង នេះមានកម្រិតធានាការដឹកជញ្ជូនបានតែ ២០ទៅ៤០ តោនតែប៉ុណ្ណោះ បើរថយន្តធំៗដឹកជញ្ជូន រហូតដល់ ៦០តោន ៧0តោនវាលើសទម្ងន់ បណ្តាលឲ្យផ្លូវត្រូវស្រុត ស្ពានត្រូវបាក់ លូក៏ខូច។ សំឡេង៖«អ៊ីចឹងយើងក៏សូមឲ្យប្រជាពលរដ្ឋយើងទាំងអស់រួមគ្នាប្រើប្រាស់ផ្លូវនេះឲ្យបានធានានូវគុណភាពជាពិសេសគឺទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់នេះកុំឲ្យវាមានការខូចខាតផ្លូវរបស់យើង»។ លោក ស គឹមណាត ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបានបញ្ជាក់ថា មន្ត្រីជំនាញនិងពិគ្រោះយោបល់ជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋនៅមូលដ្ឋាននេះ រៀបចំដាក់បង្គោលសុវត្ថិភាពនៅដើមផ្លូវចូល ស្កាត់មិនឱ្យរថយន្តធុនធំចូលមកបានទេ ។ ហើយប្រសិនបើម្ខាស់រថយន្តធំៗចង់ដឹកទំនិញចេញចូលឬផលកសិកម្ម សូមប្រើប្រាស់ រថយន្តធុនតូច ឬគោយន្តដឹកបនុ្ត ដើម្បីយើងរួមគ្នាថែរក្សាសមិទ្ធផលថ្មីនេះ កុំឱ្យរងការខូចខាត ដោយសារការដឹកលើសទម្ងន់ ធ្វើឱ្យខូចដល់ផ្លូវ។ លោកបន្តថា នៅក្នុងស្រុកបុរីអូរស្វាយសែនជ័យនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីស៊ុនចាន់ថុល សម្រេចឱ្យសាងសង់ផ្លូវកៅស៊ូដើម្បីលើកសោភ័ណភាពនៅទីរួមស្រុកនេះផង និងបានផ្លូវល្អ សម្រាប់ការធ្វើចរាចរណ៍របស់ភ្ញៀវទេសចរមកលេងកម្សាន្តនៅតំបន់នេះផង ព្រោះមាន ភូមិសាស្ត្រនៅជាប់នឹងទឹកដីនៃប្រទេសឡាវ ហើយនៅឆ្នាំ២០២៣ ក្រសួងសម្រេចស្ថាបនាផ្លូវ មួយខ្សែទៀតទៅដល់អន្លង់មរកតតែម្តង។ លោក រដ្ឋ ស៊ុន មេឃុំអូរស្វាយ តំណាងឱ្យប្រជាពលរដ្ឋនៅឃុំនេះ បានសម្ដែងការសាទរ ចំពោះការយកចិត្តទុកដាក់របស់អាជ្ញាធរខេត្ត និងមន្ត្រីជំនាញ ហើយលោកនិងដឹកនាំ ប្រជាពលរដ្ឋរៀបចំដាក់បង្គោលសុវត្ថិភាពទប់ស្កាត់រថយន្តធំបើកបរតាមផ្លូវនេះក្នុងគោលបំណងតែមួយគឺថែរក្សាផ្លូវថ្មីនេះសម្រាប់ប្រជាពលរដ្ឋយើងធ្វើចរាចរណ៍បានយូរអង្វែង។ សូមបញ្ជាក់ថាះផ្លូវកៅស៊ូនេះត្រូវបានដាក់ឈ្មោះជាលេខ៣៧៩អា ចូលពីផ្លូវជាតិលេខ០៧ តភ្ជាប់មកដល់ទីរួមស្រុកបុរីអូរស្វាយសែនជ័យ មានប្រវែងសរុប ១២គីឡូម៉ែត្រទទឹង៧ម៉ែត្រ ដែលជាផ្លូវកៅស៊ូសាងសង់ថ្មី កើតមានលើទឹកដីស្រុកបុរីអូរស្វាយសែនជ័យ បានសម្ពោធដាក់ឱ្យ ប្រប្រាស់ជាផ្លូវការ ហើយ៕សម្រួលដោយ ទៀង បុណ្ណរី