មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ចាម ចុះបង្ក្រាបបទល្មើសនេសាទក្នុងភូមិសាស្ត្រឃុំពាមជីកង ស្រុកកងមាស
កំពង់ចាម៖ មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសហការជាមួយអាជ្ញាធរស្រុកកងមាស និងកងកម្លាំងសមត្ថកិច្ចនគរបាលស្រុកកងមាស បង្ក្រាបបទល្មើសនេសាទក្នុងភូមិសាស្ត្រឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម។ បេីតាមការបញ្ជាក់ពី លោក អ៊ុក ណារិន នាយខណ្ឌជលផលកំពង់ចាម បានប្រាប់ឲ្យដឹងថា ក្រោយពីមានសេចក្តីរាយការណ៍ពលរដ្ឋ ថានៅចំណុចកោះតូច ឃុំពាមជីកង ជាប់ស្រុកស្រីសន្ធរ និងតបតាមការអនុញ្ញាតពីលោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញារងនៃអយ្យាកាអមសាលាដំបូងខេត្តកំពង់ចាម បានចាត់មន្ត្រីខណ្ឌរដ្ឋបាលជលផល សហការជាមួយជាមួយនគរបាលស្រុកកងមាស ចុះបង្ក្រាបបទល្មើសជលផល ដែលមានស្បៃមុងរាប់រយម៉ែត្រ និងឧបករណ៍ខុសច្បាប់មួយចំនួន។ ក្នុងប្រតិបត្តិការបបង្ក្រាបនេះធ្វេីឡេីងនៅព្រឹកថ្ងៃទី5 ខែកញ្ញា ឆ្នាំ២០២២ កងកម្លាំងសមត្ថកិច្ចបានចុះបង្ក្រាបបីករណី ក្នុងរួមមាន៖ករណីទី០១ រកឃេីញឧបករណ៍រ៉ាវចំនួន ០២មាត់, របាំងរ៉ាវប្រវែង ៣៥០ម៉ែត្រ, បង្គោលចម្រឹងចំនួន ១៧៥ដើម, និងចាក់លែងត្រីចម្រុះទម្ងន់ ០២គីឡូក្រាម។ ចំពោះករណីទី០២ រកឃេីញឧបករណ៍លូស្បៃមុងចំនួន ១២មាត់, របាំងស្បៃមុងប្រវែង ៣៦០ម៉ែត្រ, បង្គោលចម្រឹងចំនួន ១៨០ដើម, ចាក់លែងត្រីចម្រុះចំនួន ២៤គីឡូក្រាម នៅចំណុចកោះមុខពាមជីកង ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម។ ហេីយចំពោះករណីទី០៣រកឃេីញឧបករណ៍លូស្បៃមុងចំនួន ០៨មាត់, របាំងស្បៃមុងប្រវែង ២៤០ម៉ែត្រ, បង្គោលចម្រឹងចំនួន ១២០ដើមនិងចាក់លែងត្រីចម្រុះចំនួន ១៦គីឡូក្រាម នៅចំណុចកោះតូច ឃុំអង្គរបាន ស្រុកកមាស ខេត្តកំពង់ចាម ។ក្រោយពីបង្ក្រាបរួច កងកម្លាំងជំនាញ បានកសាងសំណុំរឿងតាមនិតិវិធីនៃច្បាប់ ស្តីពីជលផល និងរុះរើបំផ្លាញចោលវត្ថុតាងនៃបទល្មើសជលផលនៅនឹងកន្លែងតែម្តង។ ទោះបីយ៉ាងក៍ដោយ ពលរដ្ឋនិងជាពិសេសនោះ អ្នកនេសាទជាលក្ខណៈសាទរចំពោះការចុះបង្ក្រាបនេះ ក៍ប៉ុន្តែពលរដ្ឋស្នេីឲ្យមន្ត្រីជំនាញមេត្តាជួយទប់ស្កាតបទល្មេីសទាំងឡាយដែលខុសច្បាប់ផង ព្រោះដេីម្បីថែរក្សាពូជត្រីឲ្យច្រេីនតដល់កូនចៅជំនាន់ក្រោយទៀត៕ រាយការណ៍ដោយសហការីប្រចាំខេត្តត្បូងឃ្មុំ។ សម្រួលដោយ ទៀង បុណ្ណរី