ចំណុចប្រសាសន៍សំខាន់ៗរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ
ចំណុចប្រសាសន៍សំខាន់ៗរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោគ និងជាប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា៖
១. សូមចូលរួមអបអរសាទរចំពោះសមិទ្ធផល ដែលនិស្សិតជ័យលាភីទាំងអស់ទទួលបានក្នុងថ្ងៃនេះ និងក៏ជាមោទនភាពមួយដ៏ធំធេងសម្រាប់ខ្លួនឯង និងក្រុមគ្រួសារ ក៏ដូចជាសង្គមជាតិទាំងមូល ដោយពីមួយថ្ងៃទៅមួយថ្ងៃ ប្រទេសជាតិយើង កាន់តែមានធនធានមនុស្សប្រកបដោយសក្តានុពលបន្តកើនឡើង។
២. សូមថ្លែងអំណរគុណចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានកែសម្រួលស្ថានការណ៍ និងដាក់ទិសដៅបន្ទាន់ ដោយរៀបចំឱ្យមានការបង្រៀនតាមអនឡាញ និងសូមអរគុណផងដែរចំពោះសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត ព្រមទាំងក្រុមគ្រួសារ ដែលបានចូលរួមសម្របសម្រួលបត់បែនតាមកាលៈទេសៈនេះ។ ក្នុងន័យនេះ ស្ថានភាពនៃវិបត្តិកូវីដ-១៩ ពិតជាបានពន្លឿននូវការចាប់យកបច្ចេកវិទ្យា ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងការរៀនសូត្រ ដែលជានិន្នាការសាកល។ យ៉ាងណាក៏ដោយ ទាំងបច្ចុប្បន្ន និងតទៅអនាគត រាជរដ្ឋាភិបាលក៏នៅបន្តកសាងសាលារៀន និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីជំរុញ និងរក្សាសន្ទុះនៃការសិក្សាដោយផ្ទាល់នៅក្នុងសាលា ដែលនៅតែជាការងារសំខាន់ជាអាទិភាព ពីព្រោះការអប់រំត្រូវមានលក្ខណៈមូលជុំគ្រប់ជ្រុងទាំងអស់តាមរយៈសកម្មភាព ទំនាក់ទំនង និងការគិតពិចារណា ទើបអាចធានាបាននូវប្រសិទ្ធភាពជាក់ស្តែងទាន់ពេលវេលា។
៣. សមិទ្ធផលធំបំផុតរបស់ប្រទេសជាតិ ដែលកើតឡើងក្រោយឆ្នាំ១៩៧៩ ដោយផ្អែកលើការផ្តល់អាទិភាពលើការអនុវត្តគោលនយោបាយ និងចក្ខុវិស័យលើវិស័យអប់រំតាំងពីជំនាន់នោះមក គឺការទទួលបាននូវធនធានមនុស្សដែលមានសមត្ថភាព លទ្ធភាព គុណធម៌ និងសីលធម៌ និងដែលបានចូលរួមក្នុងការដឹកនាំ គ្រប់គ្រង កសាង និងអភិវឌ្ឍប្រទេសដោយឯករាជ្យម្ចាស់ការលើគ្រប់វិស័យ ទាំងផ្នែករដ្ឋ វិស័យឯកជន និងអង្គការសង្គមស៊ីវិល។ នេះ គឺជាមោទនភាព ហើយដែលយើងត្រូវរួមគ្នាបន្តពង្រឹងទៅមុខទៀត ដើម្បីនិរន្តរភាពនៃការអភិវឌ្ឍជាតិ។ ធនធានមនុស្សម្នាក់ គឺជាសសរមួយដើមដែលទ្រទ្រង់ប្រទេសជាតិ ជាពិសេសសរជំនាន់ថ្មីៗដែលទទួលបានឱកាសពេញលេញក្នុងការសិក្សារៀនសូត្រ គឺត្រូវខិតខំកសាងពង្រឹងខ្លួនឱ្យបានរឹងមាំ ដើម្បីទ្រទ្រង់ និងទទួលបន្ទុកភារកិច្ចបន្តកសាងប្រទេស ដែលចេះតែរីកចម្រើនធំធាត់។
៤. ការអប់រំបណ្តុះបណ្តាលធនធានមនុស្ស មិនត្រឹមតែចូលរួមពង្រឹងឯករាជ្យម្ចាស់ការរបស់ប្រទេសជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ដើរតួនាទីសំខាន់ក្នុងការជំរុញភាពប្រកួតប្រជែងដែលកាន់តែស្វិតស្វាញក្នុងចរន្តសាកលភាវូបនីយកម្មក្នុងពេលបច្ចុប្បន្ននេះផងដែរ។ គម្លាតខួរក្បាល ខុសពីគម្លាតផ្នែកហេដ្ឋារចនាសម្ព័ន្ធ។ យើងត្រូវប្រើពេលវេលាខ្លះដើម្បីកាត់បន្ថយគម្លាតហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែចំពោះគម្លាតខួរក្បាល គឺអាចត្រូវបានដោះស្រាយបានលឿនជាង ប្រសិនបើយើងមានឱកាសអប់រំសិក្សារៀនសូត្រ និងការបង្កលក្ខណៈ ជាពិសេសក្នុងដំណាក់កាលសុខសន្តិភាពដូចពេលបច្ចុប្បន្ន ពីព្រោះថាមនុស្សមានសមត្ថភាពខួរក្បាលដូចគ្នាដើម្បីអភិវឌ្ឍខ្លួនទៅមុខ ដោយមិនបែងចែងរវាងជាតិសាសន៍ និងប្រទេសតូចធំនោះឡើយ។
៤. ការអភិវឌ្ឍ ខុសពីកំណើន។ កំណើនសំដៅតែទៅលើការកើនឡើងតួលេខ ឬលទ្ធផលប៉ុណ្ណោះ។ រីឯការអភិវឌ្ឍ គឺត្រូវពឹងផ្អែកទៅលើការកែប្រែប្រព័ន្ធការងារក្នុងការដឹកនាំគ្រប់គ្រង, ផ្នត់គំនិត និងវិធីសាស្ត្រ ពីលក្ខណៈប្រពៃណីដោយឈានទៅទំនើបកម្ម ព្រមទាំងការប្រែប្រួលរបៀបរបបធ្វើការទាំងលក្ខណៈបុគ្គល និងស្ថាប័ន ដើម្បីអាចធានាបាននូវចីរភាព និងនិរន្តរភាពយូរអង្វែង។ ក្នុងន័យនេះ ការអភិវឌ្ឍមិនអាចនៅនឹងថ្កល់នោះទេ ហើយទាមទារឱ្យមានប្រព័ន្ធអប់រំមួយរស់រវើស ដែលត្រូវជំរុញទាំងការសិក្សារៀនសូត្រដោយខ្លួនឯងតាមរយៈការស្រាវជ្រាវ និងការរៀនក្នុងបរិយាកាសខាងក្រៅ តាមប្រព័ន្ធសាលារៀន និងកន្លែងធ្វើការ ជាដើម។
៥. សម្រាប់ទិសដៅទៅអនាគត គន្លឹះធំបំផុតនៃការកសាងធនធានមនុស្ស គឺការពង្រឹងគុណភាពអប់រំនៅថ្នាក់បឋម រហូតដល់ថ្នាក់ទី១២ ជាពិសេសនៅតាមបណ្តាគ្រឹះស្ថានរដ្ឋ ដោយសារនេះ គឺជាមូលដ្ឋានគ្រឹះដើមដំបូង ដែលត្រូវចម្រាញ់យកគុណភាពឱ្យបានជាចាំបាច់ ពីព្រោះគុណភាពអាស្រ័យជាចម្បងលើការផ្តល់ការអប់រំ និងហាត់ពត់លត់ដំតាំងពីក្មេងវ័យ ជាពិសេសនៅក្នុងមជ្ឈដ្ឋានសាលា និងគ្រួសារតែម្តង ដើម្បីទទួលបាននូវធនធានមនុស្ស ដែលគ្រប់ជ្រុងជ្រោយ ទាំងលើកត្តាសមត្ថភាពចំណេះដឹង, សុខភាព, គុណធម៌, សីលធម៌, វិន័យ និងការទទួលខុសត្រូវ ព្រមទាំងបន្ថែមដោយការលើកកម្ពស់ការយល់ដឹងអំពីវប្បធម៌-អរិយធម៌ផងដែរ សំដៅធ្វើយ៉ាងណាឱ្យទំពាំងស្នងឫស្សីរបស់យើង អាចធ្វើការវិភាគចាប់យកអ្វីល្អ បោះចោលអ្វីមិនល្អ និងអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ។ ជារួម នេះគឺជាអភិក្រមនៃការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស ដែលផ្តោតទៅលើការកែប្រែផ្នត់គំនិតនៃការប្រកួតប្រជែង និងការជឿទុកចិត្តលើសមត្ថភាពខ្លួនឯង ដោយត្រូវអនុវត្តចាប់ពីអាយុក្មេងវ័យឡើងមក។សម្រួលដោយ ទៀង បុណ្ណរី