ទឹកធ្លាក់អូរឆាំឆាខេត្តកំពង់ស្ពឺ កំពុងក្លាយជាគោលដៅទេសចរណ៍ធម្មជាតិដ៏មានប្រជាប្រិយភាព ប្រចាំតំបន់ឧទ្យានជាតិជួរភ្នំក្រវាញ

សម្រស់ទឹកធ្លាក់អូរឆាំឆាខេត្តកំពង់ស្ពឺ បាន ក្លាយជាគោលដៅទេសចរណ៍ធម្មជាតិ ដ៏មានប្រជាប្រិយភាពមួយ ប្រចាំតំបន់ឧទ្យានជាតិជួរភ្នំក្រវាញ ដែលមានភ្ញៀវទេសចរទៅលេងជាបន្តបន្ទាប់ ដោយសារនៅទីនោះមានទេសភាពព្រៃភ្នំខៀវស្រងាត់ លាយឡំនឹងផ្កាព្រៃចម្រុះពណ៌ដ៏គួរឱ្យទាក់ទាញ ពិសេសមានទឹកធ្លាក់លើផ្ទាំងថ្មជាថ្នាក់ៗ ដែលធ្វើឱ្យភ្ញៀវដែលទៅលេងកម្សាន្តអាចបំបាត់អស់នូវទុក្ខកង្វល់។លោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺបានប្រាប់វិទ្យុជាតិកម្ពុជាថា ទឹកអូរឆាំឆារ ដែលអ្នកខ្លះ ហៅថា ទឹកធ្លាក់អូរខ្មែរក្រហម បានលាក់ឆោម បាំងកាយក្នុងព្រៃឧទ្យានជាយូរឆ្នាំមកហើយៗទឹកធ្លាក់ ធម្មជាតិនេះ បានក្លាយជាគោលដៅទេសចរណ៍ធម្មជាតិមួយ ប្រចាំតំបន់ឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល ដូចគ្នាទៅនឹងគោលដៅភ្នំខ្នងផ្សារ និងភ្នំខ្នងក្រពើដែរ ពីព្រោះទីតាំងទឹកធ្លាក់នេះ ក៏ស្ថិតនៅក្បែរខាងលិច ជើងភ្នំខ្នងក្រពើនោះស្រាប់។ លោកបានបន្តថា តំបន់ទេសចរណ៍ នេះមានភាពទាក់ទាញខ្លាំង ដោយចាប់ ពីផ្លូវឡើងទៅកាន់ទីនោះ គឺមាន ទេសភាពបៃតង និងជីវៈចម្រុះជាច្រើន ដោយរួមទាំងផ្កាព្រៃជាច្រើនប្រភេទ គឺ ផ្កាបំពង់ក្រឡោម ព្រមទាំងផ្កាចាហួយ និងបុប្ផាផ្កាព្រៃមួយចំនួនទៀត ។ លោកបានបន្តទៀតថា ពេលទៅ ដល់ភ្ញៀវទេសចរនឹងបានទស្សនាទឹកធ្លាក់ពីលើកំពូលភ្នំបែកខ្ចាយលើផ្ទាំងសិលា សាយភាយចំហាយត្រជាក់ មកប៉ះរាងកាយអ្នកទេសចរ ឱ្យទទួលបានអារម្មណ៍ស្រស់ស្រាយ លើសពីនោះទឹកធម្មជាតិនេះ ហូរធ្លាក់ តាមជម្រាលថ្មមិនចេះរីងស្ងួតទាំងរដូវប្រាំង និងរដូវស្សាដែលអំណោយផលសម្រាប់អ្នកទេសចរ ងូតទឹក លេងកម្សាន្តមិនចេះជិនណាយ។ ចំពោះទឹកធ្លាក់អូរឆាំឆានេះ គឺវាស្ថិតនៅក្នុងតំបន់ខ្នងផ្សារ ដែលយើងមានផ្លូវ២ដែលយើងទៅដល់ ទឹកធ្លាក់នេះ គឺផ្លូវទីមួយ យើងឡើងទៅតាមខ្នងសំពៅហើយហួសទៅខ្នងផ្សារ និងខ្នងវិហារ ទើបយើងអាច ទៅលេងនៅតំបន់ទឹកធ្លាក់នេះបាន ហើយទីពីរទៀត គឺយើងឡើងតាមខ្នងវិហារនិងខ្នងក្រពើ ហើយទឹកធ្លាក់ អូរឆាំឆានេះ គឺវាមានទេសភាពស្រស់ស្អាតសម្រាប់ភ្ញៀវថតរូប មានទឹកសម្រាប់ភ្ញៀវងូតលេងកម្សាន្តផងដែរ ។ លោកបានបញ្ជាក់ថា ដើម្បីងាយស្រួលក្នុងការទៅកម្សាន្តនៅរមណីយដ្ឋានមួយនេះ ភ្ញៀវទេសចរ ត្រូវ ទំនាក់ទំនងជាមួយសហគមន៍អេកូទេសចរណ៍តាំងបំពង់ ដែលមានទីតាំងស្ថិតនៅភូមិតាំងបំពង់ (តំបន់រលាក់កងជើង) ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីរកមគ្គុទ្ទេសក៍សម្រាប់នាំផ្លូវ និងបម្រើ សេវាសហគមន៍មួយចំនួន ពីព្រោះមានតែប្រជាសហគមន៍នៅតំបន់នេះទេ ដែលអាចស្គាល់ផ្លូវនាំអ្នក ទេសចរ ទៅដល់ទឹកធ្លាក់នេះបាន៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង