ភ្លៀងលាយខ្យល់កន្ត្រាក់ បណ្តាលឲ្យប៉ើងដំបូលសាលាបឋមសិក្សាក្បាលបឹងសេះចំនួន០៥ខ្នង ភ្លាមៗអភិបាលខេត្តត្បូងឃ្មុំ ចុះពិនិត្យ និងចាត់ឲ្យជួសជុលជាបន្ទាន់ សម្រាប់ក្មួយៗបានចូលរៀនឡើងវិញ

(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដឹកនាំអភិបាលរងខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យដោយផ្ទាល់ និងចាត់ឲ្យជួសជុលឡើងវិញភ្លាមៗ នូវអគារសាលាបឋមសិក្សាក្បាលបឹងសេះ ដែលត្រូវបានខ្យល់កន្រ្តាក់ប៉ើងដំបូល ស្ថិតក្នុងភូមិក្បាលបឹងសេះ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានសម្ដែងនូវការសោកស្ដាយ ជាខ្លាំង និងបានអំពាវនាវប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិ ចំពោះហេតុការណ៍ ដែលបានបង្កឡើងដោយសាគ្រោះធម្មជាតិនេះ ហើយវាបណ្ដាលឲ្យប៉ើងរដំបូងសាលាជាហេតុធ្វើឱ្យរំខានដល់ការសិក្សារបស់ក្មួយៗ ។ ប៉ុន្តែ ជាសំណាងល្អ ដែលមិនមានបងប្អូនប្រជាពលរដ្ឋ និងក្មួយៗ ណាម្នាក់មានអ្នករងបួសស្នាម។ សូមបញ្ជាក់ផងដែរថា កាលពីល្ងាច ទី០៤ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញ មានភ្លៀងមួយមេធំ លាយលំជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់ បានធ្វើឲ្យដំបូលសាលាបឋមសិក្សាក្បាលបឹងសេះ រងការខូចខាតយ៉ាងដំណំ អស់ដំបូលសាលា៥ខ្នង គិតជាប្រាក់អស់ប្រមាណជាង១០០០០ដុល្លារ។ ភ្លាមៗឯឧត្តមបណ្ឌិត អភិបាលខេត្ត បានចាត់ឲ្យមន្ត្រីជំនាញ សហការជាមួយអាជ្ញាធរមូលដ្ឋាន ស្វែងរកក្រុមជាង ជួសជុលសាលារៀននេះជាបន្ទាន់ ខណៈថវិកាចំណាយទាំងឯកឧត្តមបណ្ឌិត ជាអ្នករ៉ាប់រង ដើម្បីឱ្យក្មួយៗ បានចូលសិក្សាឡើងវិញ៕ រាយការណ៍ដោយសហការីប្រចាំខេត្តត្បូងឃ្មុំ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង