ឯអគ្គរាជទូតថៃ បញ្ចប់អាណត្តិបេសកកម្មការទូត ជម្រាបលាសម្ដេចតេជោ ហ៊ុន សែន
ឯកឧត្ដម Panyyarak Poolthup ឯអគ្គរាជទូតនៃព្រះរាជាណាចក្រថៃ ប្រចាំកម្ពុជា ដែលបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជានោះ ត្រូវបានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម និងជម្រាបលា នាព្រឹកថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០២២ នៅវិមានសន្តិភាព។ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោបានឱ្យដឹងក្រោយជំនួបនោះថា ឯកឧត្ដម Poolthup បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះសម្ដេចតេជោ រាជរដ្ឋាភិ បាលកម្ពុជា ដែលបានផ្ដល់វ៉ាក់សាំងដល់ឯកឧត្ដម និងមន្ត្រីស្ថានទូតទាំងអស់ ដែល មិនត្រឹមតែមន្ត្រីស្ថានទូតថៃនោះទេ គឺមន្ត្រីស្ថានទូតទាំងអស់ដែលកំពុងស្នាក់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្ដម ក៏បានសម្ដែងនូវការអបអរសាទរចំពោះសម្ដេចតេជោ រាជរដ្ឋាភិបាលកម្ពុជា ដែលបានទប់ស្កាត់ការរីករាល ដាលជំងឺកូវីដ១៩ បានយ៉ាងជោគជ័យ ហើយក្នុងនាមជាប្រធានអាស៊ាន បានបើកប្រទេសឡើងវិញ និងដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធទទួលជោគជ័យ ដែលនេះសបញ្ជាក់ពីតួនាទីដ៏រឹងមាំរបស់កម្ពុជាលើឆាកអន្តរជាតិ។ ឯកឧត្ដម Panyyarak Poolthup បានជម្រាបជូនសម្ដេចតេជោថា ក្នុងពេលដែលឯកឧត្ដមទើបមកបំពេញបេសកកម្មការទូតនៅកម្ពុជាកាលពីឆ្នាំ២០១៨ ឯកឧត្ដមបានប្ដេជ្ញាជូនសម្ដេចថា នឹងពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងឡើង ដោយឈរលើមូលដ្ឋានដែលមានស្រាប់ ហើយនៅពេលនេះឯកឧត្ដមបានសម្រេចតាមការប្ដេជ្ញារបស់ឯកឧត្ដមហើយ ដែលកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ ត្រូវបានពង្រីកនិងពង្រឹង ដែលទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើង១០ភាគរយ ទោះបីស្ថិតក្នុងដំណាក់កាលកូវីដ១៩ក៏ដោយ វិស័យអប់រំការអភិវឌ្ឍធនធានមនុស្ស និងវិស័យដទៃទៀតក៏មានការរីកចម្រើនផងដែរ។ ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះឯកឧត្ដម Poolthup ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តបំពេញបេសកកម្មកការទូត នាំឱ្យព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ មានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរឡើង។ សម្ដេចតេជោមានប្រសាសន៍ថា ទោះបីស្ថិតក្នុងកាលៈទេសៈកូវីដ១៩ក៏ដោយ យើងបានខិតខំរួមគ្នាធ្វើការបានល្អ ជំរុញទំនាក់ ទំនងរវាងប្រទេសទាំងពីរផង និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យ ពាណិជ្ជកម្ម អប់រំ និងវិស័យដទៃទៀតបានយ៉ាង ល្អជាទីមោទនៈ៕ សម្រួលដោយ ទៀង បុណ្ណរី