ឯកឧត្តម នេត្រ ភក្ត្រា៖ ការដាក់អន្ទាក់ចាប់សត្វព្រៃ ការបរបាញ់សត្វព្រៃ និងចាប់សត្វព្រៃដោយការប្រើប្រាស់ឆ្កែប្រមាញ់គឺជាកត្តាគំរាមកំហែងដែលកំពុងតែកើតឡើងមកលើសត្វព្រៃក្នុងតំបន់ការពារធម្មជាតិ
«ការដាក់អន្ទាក់ចាប់សត្វព្រៃ ការបរបាញ់សត្វព្រៃ និងចាប់សត្វព្រៃដោយការប្រើប្រាស់ឆ្កែប្រមាញ់ដោយខុសច្បាប់ គឺជាកត្តាគំរាមមកំហែងដែលកំពុងតែកើតឡើងមកលើសត្វព្រៃក្នុងតំបន់ការពារធម្មជាតិដែលចាំបាច់គ្រប់ភាគីទាំងអស់ត្រូវចូលរួមក្នុងការដោះស្រាយបញ្ហាអន្ទាក់នេះដើម្បីផ្តល់សុវត្ថិភាពដល់សត្វព្រៃ ទាំងជម្រក ប្រភពទឹក និងកន្លែងរកចំណី»។ នេះគឺជាការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាននៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ នៅក្នុងអំឡុងពេលដឹកនាំអ្នកសារព័ត៌មានធ្វើទស្សនកិច្ចនៅក្នុងដែនជម្រកសត្វព្រៃស្រែកពក ស្ថិតក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរីដើម្បីពិនិត្យលើការសិក្សាស្រាវជ្រាវរបាយសត្វព្រៃរបស់ក្រុមអ្នកជំនាញនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី និងអង្គការ WWF។ ដំណើរទស្សនកិច្ចស្វែងយល់ពីការគ្រប់គ្រងនិងការងារអភិរក្សធនធានធម្មជាតិរួមមានព្រៃឈើ និងសត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃស្រែពកដែលជាតំបន់ព្រៃល្បោះធំជាងគេនៅអាស៊ីអាគ្នេយ៍ដែលមាន ផ្ទៃដីសរុបទំហំជាង ៣៧ម៉ឺនហិកតា។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា យោងតាមរបាយការណ៍សិក្សាស្រាវជ្រាវរបស់មន្ត្រីជំនាញនៃមន្ទីរបរិស្ថាន និងអង្គការ WWF បរិមាណសត្វកម្រៗមួយចំនួនក្នុងដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃភ្នំព្រេចនៅតែប្រឈមមុខនឹង ការធ្លាក់ចុះគួរឱ្យកត់សម្គាល់។ ការធ្លាក់ចុះនេះដោយសារតែកត្តាគំរាមកំហែងចម្បងគឺអន្ទាក់ ការប្រើប្រាស់ កាំភ្លើងពិតនិងកាំភ្លើងកែច្នៃដើម្បីបាញ់សត្វព្រៃ និងការប្រើប្រាស់សត្វឆ្កែប្រមាញ់សត្វព្រៃដោយខុសច្បាប់ នៅតែកើតមាន។ ឯកឧត្តមបានថ្លែងថា ថ្វីត្បិតតែចំនួនសត្វក្រចកជើងចំពាមមានការប្រឈមមុខថយចុះ តែទន្ទឹមនឹងនេះប្រភេទសត្វព្រៃខ្លះប្រភេទពានររួមមានសត្វស្វាកន្ទុយស ស្វាព្រាម មានចំនួនថេរ និងមានការកើនឡើង ហើយប្រភេទសត្វស្លាបដូចជាសត្វត្មាតមានវត្តមានឡើងវិញក្នុងដែនជម្រកសត្វព្រៃស្រែពក។ ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថាគ្រប់ភាគីទាំងអស់កំពុងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការអភិរក្សសត្វព្រៃឱ្យបានគង់វង្ស និងខិតខំដាក់ចុះវិធានការផ្សេងៗរួមទាំងវិធានការ ច្បាប់និងវិធានការសេដ្ឋកិច្ចទន្ទឹមគ្នា។ បើតាមការឱ្យដឹងរបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី នៅឆ្នាំ ២០២១ កន្លងទៅ អន្ទាក់ជាង ១២០០០ ត្រូវបានដោះចេញពីដែនជម្រកសត្វព្រៃភ្នំព្រេច និងដែនជម្រកសត្វព្រៃភ្នំព្រេច។ កត្តាអន្ទាក់បាននឹងកំពុងគំរាមកំហែងជីវៈចម្រុះក្នុងតំបន់ការពារធម្មជាតិ។ កញ្ញា Milou Groenenberg ប្រធានផ្នែកស្រាវជ្រាវនិងតាមដានជីវៈចម្រុះនៃអង្គការ WWF បានថ្លែងថា បើប្រៀបធៀបទិន្នន័យសត្វព្រៃក្នុងដែនជម្រកសត្វព្រៃស្រែពក និងភ្នំព្រេចពីឆ្នាំ២០១០ មកដល់ឆ្នាំ២០២២ ក្នុងរយៈ ពេល ១១ ឆ្នាំ ចំនួនសត្វទន្សោងធ្លាក់ចុះចំនួន ៨៩% គឺពីចំនួន ៣០១៣ ក្បាលនៅឆ្នាំ២០១០ (ក្នុងនោះនៅក្នុងដែនជម្រកសត្វព្រៃស្រែពលមានទន្សោងចំនួន ១៩១១ ក្បាល និងដែនជម្រកសត្វព្រៃភ្នំព្រេចមានចំនួន ១១០២ ក្បាល) មកនៅត្រឹម ៤៣៩ ក្បាល (ស្រែពកចំនួន ១២២ ក្បាល និងភ្នំព្រេចចំនួន ៣១៧ក្បាល) នៅឆ្នាំ២០២២នេះ។ សត្វឈ្លូសធ្លាក់ចុះចំនួន ៦៥% ពីចំនួនសត្វឈ្លូសចំនួន ៦៩៩៦ ក្បាល (ស្រែពកចំនួន ៤៤៥៣ក្បាល និងភ្នំព្រេចចំនួន ២៥៤៣ក្បាល) មកនៅចំនួន ២៤៦៦ ក្បាល (ស្រែពកចំនួន ១២៤៧ និងភ្នំព្រេចចំនួន ១២១៩)។ សត្វជ្រូកព្រៃធ្លាក់ចុះចំនួន ១៥% ពីចំនួន ៤៩០៩ក្បាល (ស្រែពកចំនួន ៣៣១៩ ក្បាល និងភ្នំព្រេចចំនួន ១៥៩៥) មកនៅចំនួន ៤១៦២ក្បាលនៅឆ្នាំ២០២២ (ស្រែពកចំនួន ៣៣៦៥ និងភ្នំព្រេច ៧៩៧ក្បាល។ លោក សេង ទៀក ប្រធានអង្គការ WWF ប្រចាំកម្ពុជាបានថ្លែងថាតំបន់ទេសភាពភាគខាងកើតគឺជាគ្រាប់ពេជ្រមិនទាន់ច្នៃដែលមានសក្តានុពលទេសចរណ៍ធម្មជាតិខ្ពស់ជាពិសេស នៅដែនជម្រកសត្វព្រៃស្រែពកជាតំបន់ព្រៃល្បោះដែលជាជម្រកសត្វប្រភេទក្រចកជើងចំពាមជាពិសេសសត្វទន្សោង ដែលតំណាងឱ្យ ៦០%នៃសត្វទន្សោងនៅលើពិភពលោក រស់នៅតំបន់ដែនជម្រកសត្វព្រៃនៅខេត្តមណ្ឌលគិរីនេះ។ លោកបានគូសបញ្ជាក់ពីភាពចាំបាច់ដែលត្រូវគ្រប់គ្រងនិងអភិរក្សឱ្យបានលើតំបន់អភិរក្សនេះដើម្បីបង្កើនចំនួនជីវៈចម្រុះ។ ក្នុងអំឡុងទស្សនកិច្ចនេះដែរ ក្រុមការងារក្រសួងបរិស្ថាន និងអង្គការ WWF បានចុះពិនិត្យការរៀបចំការប្រមូលទិន្នន័យនៅលើទីវាលពីសំណាក់ក្រុមអ្នកស្រាវជ្រាវ។ ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានថ្លែងថា ការសិក្សាពីរបាយសត្វព្រៃមានសារៈសំខាន់ដើម្បីរៀបចំរបាយការណ៍ពីវត្តមានសត្វព្រៃក្នុងតំបន់អភិរក្ស និងផ្តល់ធាតុចូលបន្ថែមសម្រាប់ក្រសួងបរិស្ថាន និងអង្គការ WWF ដែលបានផ្តល់ជំនួយបច្ចេកទេសក្នុងការអភិរក្សដែនជម្រកសត្វព្រៃស្រែពក និងភ្នំព្រេចរៀបចំផែនការសកម្មភាព និងវិធានការចាំបាច់អាទិភាពនានា ដើម្បីការពារថែរក្សាអភិរក្សសត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃទាំងពីរនេះ ឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត ខណៈសត្វព្រៃនៅតែទទួលរងនូវការគំរាមកំហែងពីអន្ទាក់គ្រប់ប្រភេទ៕សម្រួលដោយ ទៀង បុណ្ណរី