ពិធីប្រកាសចូលកាន់តំណែងអភិបាលនៃគណៈអភិបាល ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង ៖ គណៈអភិបាលស្រុករលាប្អៀរថ្មីចំនួន៤រូប ត្រូវបានប្រកាសចូលកាន់តំណែងហើយ កាលពីថ្ងៃ១ ខែកញ្ញា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌល កំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សា ខេត្ត ព្រមទាំងលោក លោកស្រីជាថ្នាក់ដឹកនាំ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ។ យោងតាម អនុក្រឹត្យរបស់រាជរដ្ឋាភិបាល ត្រូវបានតែងតាំង លោកសេង វិចិត្រ ពីអភិបាលរងមកជា អភិបាលស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ យោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ត្រូវបានផ្ទេរភារកិច្ចលោក ចែម ភក្តិ ពីអភិបាលរងស្រុកបរិបូរណ៍ មកជាអភិបាលរងស្រុករលាប្អៀរ ។ ដោយឡែក លោក យ៉ង់ វណ្ណា និង លោក ស៊ីវ សារិន ត្រូវបានប្រកាសតែងតាំង ជាអភិបាលរងស្រុករលាប្អៀរ ។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ថា ការប្រកាសតែងតាំងអភិបាលស្រុកនាពេលនេះ ដើម្បីបំពេញនូវសេចក្តីត្រូវការនៃការគ្រប់គ្រងរដ្ឋបាលមូលដ្ឋាន ដើម្បីបម្រើប្រជាពលរដ្ឋតាមគោល នយោបាយ របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ ឱ្យបានល្អប្រសើរ រួមសាមគ្គីឯកភាពផ្ទៃក្នុងសហការឱ្យបានជិតស្និទ្ធជាមួយក្រុមប្រឹក្សាស្រុក ប្រកបដោយ ឆន្ទៈតែមួយ ក្នុងស្មារតីទទួលខុសត្រូវត្រួតពិនិត្យយ៉ាងហ្មត់ចត់ និង លើកវិធានការ គោលការណ៍ដឹកនាំ លើគ្រប់វិស័យ ក្នុងនោះការងារចម្បងមាន ការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តន៍ គោលនយោបាយវិមជ្ឈការ និង វិសហមជ្ឈការ និងការងារសេដ្ឋកិច្ចសង្គម ជាពិសេសយកចិត្តទុកដាក់ បង្កើនមុខរបរនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អ។ ឯកឧត្តមបន្តថា ការប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលស្រុកថ្មីនាពេលនេះ នឹងជួយ បង្កើនប្រសិទ្ធភាពថ្មីក្នុងការអនុវត្តន៍បំពេញភារកិច្ច សិក្សាស្រាវជ្រាវស្វែងយល់ បន្តចូលរួមគ្រប់គ្រង អភិវឌ្ឍន៍ស្រុក ដោយបង្កើតបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត បន្តសហការ ការពារសុខសន្តិភាព ស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ៕សម្រួលដោយ ទៀង បុណ្ណរី