បេក្ខជនប្រឡងបាក់ឌុបគាំទ្រការពន្យារពេលប្រឡង ព្រោះមានលទ្ធភាពមើលមេរៀនកាន់តែច្រើន

 បេក្ខជនប្រឡងបាក់ឌុប បានបង្ហាញការគាំទ្រចំពោះការពន្យារពេលនៃការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាកឌុប) របស់ក្រសួងអប់រំ ដែលបានធ្វើឱ្យសិស្សានុសិស្ស កាន់តែមាន ពេលវេលាច្រើនសម្រាប់សិក្សាបន្ថែមទៀត។ យុវសិស្ស នូ មុន្នី ជាសិស្សថ្នាក់ទី១២ រៀននៅវិទ្យាល័យជាស៊ីមសន្ធរម៉ុក បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ប្អូនប្រុស មានអារម្មណ៍រីករាយនិងគាំទ្រ នៅពេលដែលក្រសួងអប់រំ បានពន្យារពេលនៃការប្រឡង សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ដែលគ្រោងរៀបចំ នៅថ្ងៃទី១៤ និងទី១៥ខែវិច្ឆិកាឆ្នាំ២០២២ ទៅថ្ងៃទី២១ និងទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ វិញ។ យុវសិស្សរូបនេះ បានបន្ដថា ការពន្យារពេលនៃការប្រឡងនេះវាជាឱកាសល្អ ដើម្បី ឱ្យប្អូនមានពេលវេលាច្រើនបន្ថែមទៀតក្នុងការសិក្សាស្រាវជ្រាវ ព្រមទំាងដើម្បីបញ្ចៀសការរំខាននានា ដល់កិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ «ដោយឃើញក្រសួងអប់រំបានចេញសេចក្តីប្រកាសពន្យារពេល សម្រាប់ប្រឡងបាក់ឌុបឆ្នាំហ្នឹង ខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តដោយសារតែខ្ញុំឃើញថាជំងឺកូវីដរាងងើបឡើងវិញខ្លះៗ។ ហើយមួយទៀត គឺវាជាពេលវេលាមួយសម្រាប់ឱ្យពួកខ្ញុំបានត្រៀមខ្លួនបន្ថែមទៀត សិក្សាបន្ថែមទៀត មុននឹងត្រៀមដល់ ថ្ងៃប្រឡង»។ ចំណែកយុវតី ចិន នីកា ជាសិស្សថ្នាក់ទី១២ រៀននៅវិទ្យាល័យជាស៊ីមសន្ធរម៉ុកដែរនោះ ក៏បានឱ្យដឹងដែរថា បន្ទាប់ពីក្រសួងអប់រំ បានប្រកាសពីការពន្យារពេលនៃការប្រឡង គឺ ពិតជាត្រេកអរខ្លាំង ព្រោះអាចមាន ពេលវេលាគ្រប់គ្រាន់នៅក្នុងការរៀនបន្ថែម ដើម្បីជាទុនយកទៅប្រឡងឱ្យស្របតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។ សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីជូន ដំណឹងពីការពន្យារពេលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២១ – ២០២២ ដែលគ្រោងរៀបចំនៅថ្ងៃទី១៤ និងទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ទៅថ្ងៃទី២១ និងទី២២ ខែវិច្ឆិកា ឆ្នាំ២០២២វិញ ដើម្បីបញ្ចៀសការរំខាននានាដល់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំ កំពូលពាក់ព័ន្ធ និងដើម្បីធានាថាដំណើរការប្រឡងសញ្ញាបត្រប្រព្រឹត្តទៅដោយរលូន ហើយក៏ជាឱកាសមួយ ផ្ដល់លទ្ធភាពឱ្យសិស្សមានពេលវេលាគ្រប់គ្រាន់ នៅក្នុងការរៀនបន្ថែម ដើម្បីជាទុនយកទៅប្រឡង ឱ្យស្រប តាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ស្របនឹងវិធានការសុវត្ថិភាព សុខភាពតាមការគ្រោងទុក៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង