កុមារីអាយុ១២ឆ្នាំម្នាក់ នៅឫស្សីកែវ បានឆ្លងជំងឺកូវីដ-១៩ ពីឪពុកម្តាយ

TNM(ភ្នំពេញ)៖ ពិតជាគួរអោយអាណិតណាស់ ដែលកុមារីអាយុ១២ឆ្នាំម្នាក់ រស់នៅផ្ទះលេខ១១៣២ ផ្លូវបេតុង ក្រុមទី១១ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានឆ្លងជំងឺកូវីដ-១៩ ពីឪពុកម្តាយ ។

លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ ថ្លែងនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ នេះ តាមបណ្តាញសង្គម Facebook ថា កុមារីអាយុ១២ឆ្នាំម្នាក់នេះ ត្រូវជាកូនរបស់ស្ត្រីអាយុ៣៦ឆ្នាំ និង បុរស អាយុ៣៩ឆ្នាំ ដែលមានវិជ្ជមាននឹងមេរោគកូវីដ-១៩ ។

សូមបញ្ជាក់ថា នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៩ ក្រុមគ្រូពេទ្យ បានប្រមូលយកសំណាកទៅធ្វើតេស្ដជាលើកទី២ មានចំនួន១២នាក់ ប្រុស៥នាក់ និង ស្រី៧នាក់ ជាលទ្ធផលរកឃើញមាន អ្នកវិជ្ជមាននឹងមេរោគកូវីដ-១៩ម្នាក់ ដែលជាកុមារីខាងលើ ។

បច្ចុប្បន្នកុមារីនេះ ត្រូវបានក្រុមគ្រូពេទ្យយកទៅព្យាបាល នៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញព្រែកព្នៅ ។

ដោយឡែក ក្រសួងសុខាភិបាល នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ នេះ ប្រកាសរកឃើញមានអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ចំនួន២៨នាក់បន្ថែមទៀត ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ខណៈ ៣នាក់ផ្សេងទៀត ជាអ្នកដំណើរចូលមកកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង