ឯកឧត្តមបណ្ឌិតសោមពិសិដ្ឋអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណ:អភិបាលស្រុកដំណាក់ចង្អើរ

កែប ៖ នៅសាលប្រជុំសាលាស្រុកដំណាក់ចង្អើរ នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ មានរៀបចំពិធីប្រកាសចូលកាន់មុខតំណែង អភិបាលនៃគណៈអភិបាលស្រុកដំណាក់ចង្អើរ ក្រោមអធិបតី ភាព ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណ:អភិបាលខេត្តកែប និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងទាំងបី និងអាជ្ញាធរមូលដ្ឋាន ជាច្រើនរូប។ យោងតាមអនុក្រឹត្យលេខ ៦៧១អនក្រ.តត របស់រាជរដ្ឋាភិបាល ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ សម្រេច តែងតាំង លោក ឆាង ឆៃ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ជាអភិបាលនៃគណ:អភិបាលស្រុក ដំណាក់ ចង្អើរ។ បន្ទាប់ពីលោកស្រី គឹម ចន្នី អតីតអភិបាលស្រុក រាយការណ៍អំពីការងាររបស់រដ្ឋបាលស្រុក ដែលបាន អនុវត្តនាពេលកន្លងមករួចហើយ លោក ឆាង ឆៃ ដែលទើបទទួលតំណែងជាអភិបាលស្រុកថ្មី មានចំណាប់អារម្មណ៍ និងសម្តែងនូវក្តីកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាល ដែលបាន ផ្តល់កិត្តិយស និង ទំនុកចិត្ត ប្រគល់តួនាទីជាអភិបាលស្រុកដល់រូបលោក ដើម្បីចូលរួមចំណែកលើកកម្ពស់ ប្រសិទ្ធភាពការងារ ពិសេស ការអភិវឌ្ឍមូលដ្ឋាន ពង្រឹងការផ្ដល់សេវាសាធារណៈ អនុវត្តភូមិឃុំមាន សុវត្ថិភាពឱ្យកាន់តែមានប្រសិទ្ធភាព និងរីកចម្រើនលើគ្រប់វិស័យ ។ ជាការតបស្នងទៅនឹងទំនុកចិត្តក្នុងការប្រគល់ភារកិច្ចថ្មីនេះ                                លោកអភិបាលស្រុកដំណាក់ចង្អើរថ្មី បានប្តេជ្ញាថា៖

១-គោរព និងប្រតិបត្តិដោយភក្ដីភាពចំពោះ´´ជាតិ សាសនា ព្រះមហាក្សត្រ“

២-ខិតខំ និងយកចិត្តទុកដាក់ក្នុងការចូលរួមអនុវត្តឱ្យបានជោគជ័យនូវកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ និងដំណាក់កាលជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល

៣-ខិតខំរៀនសូត្រពង្រឹងនិងបង្កើនសមត្ថភាពបន្ថែម ដើម្បីអនុវត្តតួនាទីភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូន

៤-ប្តេជ្ញាពង្រឹងរបៀបរបបធ្វើការងារ និងទំនាក់ទំនងល្អរវាងក្រុមប្រឹក្សានិងគណ:អភិបាល

៥-ប្តេជ្ញាពង្រឹងការអនុវត្តន៍គោលនយោបាយ´´ភូមិ-ឃុំ មានសុវត្ថិភាព“

៦-រក្សាសាមគ្គីភាពផ្ទៃក្នុង គណៈអភិបាលក្រុមប្រឹក្សា និងមន្ត្រី-បុគ្គលិកក្រោមឱវាទរដ្ឋបាលស្រុក ពង្រីកកិច្ចសហការល្អជាមួយបណ្ដាមន្ទីរនានា។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណអភិបាលខេត្តមានប្រសាសន៍ថា៖ សមិទ្ធផលនានាក្នុងស្រុកទាំងអស់ ដែលលោកស្រី គឹម ចន្នី អតីតអភិបាលស្រុកបានរាយការណ៍ នៅពេលនេះគឺកើតឡើងពីការខិតខំប្រឹងប្រែង រួមគ្នារវាងថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក និងមន្ទីរ អង្គភាពជំនាញ ដែលមានក្នុងខេត្តទាំងអស់ លើសពីនេះ ឯកឧត្តមបណ្ឌិត បានបន្ថែមទៀតថា កិច្ចការអភិវឌ្ឍន៍ទាំងអស់ គឺមានគោលបំណង បម្រើផលប្រយោជន៍ទូទៅ បង្កើតការងារ និងបង្កើន ប្រាក់ចំណូលជូនប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាល ជូនប្រជាពលរដ្ឋ។

ឯកឧត្តមបណ្ឌិតបាន កោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះសមិទ្ធផល ដែលរដ្ឋបាលស្រុកសម្រេចបាន នាពេលកន្លងមក ដែលជាការរួមចំណែក យ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ៕សម្រួលដោយទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង