ពុទ្ធបរិស័ទមិនពេញចិត្ត ចំពោះការសម្រេចរបស់សម្ដេចព្រះចៅអធិការវត្តមង្គលវ័ន ហៅវត្តស្វាយដង្គំ ដែលឲ្យរុះរើសចេតិយដាក់ធាតុ និងសពចេញកន្លែងចាស់

TNM(ភ្នំពេញ)៖ ពុទ្ធបរិស័ទមិនពេញចិត្ត ចំពោះការសម្រេចចិត្តរបស់សម្ដេចព្រះមហាអរិយវង្សបណ្ឌិត ឃី សុវណ្ណរតនា ព្រះចៅអធិការ វត្តមង្គលវ័ន ហៅវត្តស្វាយដង្គំ ដែលឲ្យម្ចាស់ ចេតិយដាក់ធាតុ និងបញ្ចុះសពទាំងអស់នៅក្នុងវត្ត ត្រូវរុះរើសចេញទៅកន្លែងផ្សេងជាការកំណត់របស់វត្ត ក្រោមហេតុផលថា ត្រូវរៀបចំទីធ្លាវត្តឡើងវិញ។

ម្ចាស់ចេតិយបានអះអាងថា ចេតិយដាក់ធាតុ និងបញ្ចុះសពរបស់ជីដូន ជីតា ឬក្រុមគ្រួសារសាច់ញាតិរបស់ពួកគាត់ បានរៀបចំនៅក្នុងវត្តនេះយូរណាស់ហើយ ដូច្នេះមានភាពលំបាកក្នុងការរុះរើចេញទៅដាក់កន្លែងផ្សេង។ ពួកគាត់បានបញ្ជាក់ថា ម្ចាស់ ចេតិយដាក់ធាតុ មិនសូវជាមានបញ្ហាច្រើន ក្នុងការផ្លាស់ប្ដូរនោះទេ ប៉ុន្ដែសម្រាប់ ចេតិយដែលបញ្ចុះសពនៅខាងក្នុង លំបាកក្នុងការផ្លាស់ប្ដូរចេញ។

មូលហេតុដែលលំបាកនោះ ត្រូវបានពួកគាត់លើកឡើងថា ដោយតម្រូវឲ្យធ្វើបុណ្យតាមប្រពៃណី ទើបអាចផ្លាស់ប្ដូរបានជាដើម។ ពលរដ្ឋខ្លះទៀតអះអាងថា ពួកគាត់មិនចង់ផ្លាស់ប្ដូរលំនៅរបស់ដូនតារបស់ពួកគាត់ ដែលស្លាប់ទៅហើយនោះទេ ដោយសំអាងថា ខុសដំណមជាដើម។

យ៉ាងណាមិញ ក្នុងលិខិតរបស់សម្ដេចព្រះចៅអធិការវត្តមង្គលវ័ន បានមានសង្ឃដីកាថា ការតម្រូវឲ្យផ្លាស់ប្ដូរនេះ គឺដើម្បីរៀបចំទីធ្លាបរិវេណក្នុងវត្តឲ្យមានទីធ្លាទូលាយ និងមានសោភ័ណភាពល្អប្រសើរជាពេលបច្ចុប្បន្ន។

សម្ដេចព្រះមហាអរិយវង្ស បណ្ឌិត ឃី សុវណ្ណរតនា បានមានសង្ឃដីកាបន្ដថា ចេតិយ៍នៅជុំវិញព្រះវិហារ អាចផ្លាស់ប្ដូរកន្លែងចាស់យកទៅដម្កល់នៅកន្លែងថ្មី នៅខាងលើអគារថ្មីជាន់ទី២ នៃអគារដម្កល់សពធ្វើបុណ្យ និងដម្កល់អដ្ឋិធាតុដោយនៅទីនោះ មានកន្លែងសម្រាប់ដម្កល់ធាតុដែលបានកសាង និងរៀបចំកន្លែងសម្រាប់ដម្កល់រួចរាល់ ហើយមានលក្ខណៈជាប្រអប់ៗ និងជាជួរៗស្មើគ្នាស្ដង់ដារដូចគ្នាទាំងអស់៕

 

អត្ថបទដែលជាប់ទាក់ទង