ភ្ញៀវទេសចរផ្ទៃក្នុងប្រចាំសប្តាហ៍នេះ មានការថមថយ៤,៧៣ភាគរយ ដោយសារបញ្ហាអាកាសធាតុ និងលទ្ធភាព នៃការកើតមានជំនន់ទឹកភ្លៀងនៅតាមបណ្តាខេត្តមួយចំនួន
ប្រភពពីក្រសួងទេសចរណ៍បានឱ្យដឹងកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ថា ភ្ញៀវទេសចរផ្ទៃក្នុងប្រចាំសប្តាហ៍ ពីថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០២២ នៅទូទាំងប្រទេស មានចំនួនសរុប ២២២៨៥៣នាក់ ក្នុងនោះភ្ញៀវជាតិ ២០០៦៤៥នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ២២២០៨នាក់។ ប្រភពដដែលបានគូសបញ្ជាក់ថា តួលេខខាងលើមានការថមថយ៤,៧៣ភាគរយ ធៀបនឹងសប្តាហ៍កន្លងមក។ មិនខុសពីសប្តាហ៍កន្លងមក បញ្ហាអាកាសធាតុ និងលទ្ធភាព នៃការកើតមានជំនន់ទឹកភ្លៀងនៅតាមបណ្តាខេត្តមួយចំនួនតាមការណែនាំរបស់ក្រសួងធនធានទឹក និងឧតុនិយម ធ្វើឱ្យចរន្តភ្ញៀវមានការប្រែប្រួលឡើងចុះពីមួយសប្តាហ៍ទៅមួយសប្តាហ៍។
ជាមួយគ្នានេះដែរ ក្រសួងទេសចរណ៍ ក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រង និង អភិវឌ្ឍន៍សហគមន៍ទេសចរណ៍និងអេកូទេសចរណ៍ បាន និងកំពុងសហការជាមួយ ក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍ ជំរុញការដំឡើងអង់តែនទូរស័ព្ទ និងសេវាអ៊ីន ធើណែត ១០០បង្គោល នៅតាមគោលដៅទេសចរណ៍អាទិភាព ពិសេសតំបន់អេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ដែលនៅដាច់ស្រយាល។
សូមបញ្ជាក់ថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន ខេត្តសៀមរាប ៣៣ ៩៦៨នាក់ ខេត្តព្រះសីហនុ ៣១ ៨១៥នាក់ ខេត្តកំពត ២៨ ០៤០នាក់ ខេត្តបាត់ដំបង ២០ ៧៩០នាក់ រាជធានីភ្នំពេញ ១៩ ៧៩៩នាក់ ខេត្តកណ្តាល ១៣ ៩៧៥នាក់ ខេត្តកែប ១១ ៥៥៩នាក់ ខេត្តពោធិ៍សាត់ ១០ ៣៦៤នាក់៕ by PATOM