សម្ដេចតេជោ ហ៊ុន សែន៖ ឆ្នាំ២០២៣ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធក៏ដូចជា និវត្តន៍ជន អ្នកចូលនិវត្តន៍ នឹងទទួលបានការដំឡើងបៀវត្សរ៍

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា នៅឆ្នាំ២០២៣ខាងមុខនេះ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ក៏ដូចជា និវត្តន៍ជន អ្នកចូលនិវត្តន៍ និងគ្រប់តួអង្គដែលធ្វើការឱ្យរដ្ឋ នឹងទទួលបានការដំឡើងបៀវត្សរ៍ បន្ទាប់ពីអាក់ខានរយៈពេលពីរឆ្នាំដោយសារជំងឺកូវីដ ១៩ នោះ។ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី របស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ចំនួន ៣ ០៧៥ នាក់ ដែលធ្វើឡើង នៅសាលពិព័រណ៍ជ្រោយចង្វារ នាព្រឹកថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ពិត ហើយ នៅក្នុងរយៈពេលពីរឆ្នាំចុងក្ រោយនេះ លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យរបស់យើង ក៏ដូចជាមន្ត្រីរាជការទូទាំងប្រទេស មិនបានទទួលការដំឡើងប្រាក់បៀវត្សរ៍នោះទេ ដោយសារយើងត្រូវខិតខំសន្សំសំចៃថវិកានោះ ដើម្បីឆ្ពោះទៅរកការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ នៅឆ្នាំ២០២៣នេះ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធរបស់យើង ក៏ដូចជា និវត្តន៍ជន អ្នកចូលនិវត្តន៍ និងគ្រប់តួអង្គដែលធ្វើការឱ្យរដ្ឋ នឹងទទួលបានការដំឡើងបៀវត្សរ៍។ សម្ដេចតេជោថ្លែងបន្តថា ស្ថានភាពវាបញ្ច្រាស់គ្នាបន្តិច ឆ្នាំ២០២០ និងឆ្នាំ២០២១ ចំណូលធ្លាក់ចុះ តម្រូវការចំណាយគឺកើនឡើង។ ឯឆ្នាំ២០២២នេះ ចំណូលកើនឡើង ជាមួយនិងការចំណាយត្រូវបានកាត់បន្ថយ ដូចជាការព្យាបាលទៅលើជំងឺកូវីដ។ ដែលពេលនោះយើងមានការចំណាយច្រើន ឯចំណូលក៏មានការធ្លាក់ចុះ ដោយសារយើងបិទប្រទេស ហើយសកម្មភាព ការនាំចេញនាំចូល និងសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម ក៏មានការថមថយ។ ប៉ុន្តែឥឡូវនេះគឺការចំណាយមានការធ្លាក់ចុះបន្តិចទៅលើបញ្ហាការព្យាបាលកូវីដ ឯចំណូលក៏មានការកើនឡើងគួរសម ពិតមែនតែវាមិនទាន់គ្រប់ទេ ក៏ប៉ុន្តែឱកាសនេះការដំឡើងបៀវត្សរ៍ត្រូវបានគ្រោងរៀបចំហើយ។ ក្នុងនោះ គ្រូបង្រៀន និងគ្រូពេទ្យ ត្រូវជាអាទិភាពដែលទទួលបានប្រាក់បៀវត្សរ៍ខ្ពស់ជាងគេ ដែលយើងផ្ដល់អាទិភាពសម្រាប់ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល។ សម្ដេចតេជោនាយករដ្ឋមន្ត្រី សង្ឃឹមថាកម្លាំងប្រដាប់អាវុធ ក៏ដូចជា មន្ត្រីរាជការដទៃទៀត មិនច្រណែនជាមួយនិងគ្រូបង្រៀន និងគ្រូពេទ្យនោះទេ៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង