កីឡាការិនីប៊ីយ៉ាការ៉ុមដ៏ឆ្នើម ស្រួង ភាវី រំភើបចិត្តខ្លាំងពេលក្លាយជាបេក្ខភាពប្រជែងមេដាយ ស៊ីហ្គេម ២០២៣

កីឡការិនីដ៏ឆ្នើមរបស់កម្ពុជា ស្រួង ភាវី លើប្រភេទកីឡាស្នូកឃ័រការ៉ុម ដែលជាម្ចាស់ជ័យលាភីអន្តរជាតិជាច្រើនព្រឹត្តិការណ៍បានបង្ហាញក្តីរីករាយរំភើបជាខ្លាំង ដែលខ្លួនទទួលបានដំណឹងថា ខ្លួននឹងក្លាយជាបេក្ខភាព១រូប ចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។ កីឡាការិនី ស្រួង ភាវី បានបញ្ជាក់ប្រាប់ពីប្រទេសកូរ៉េ តាមរយៈសារអេឡិចត្រូនិកដល់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៅថ្ងៃសុក្រ ទី១៩ ខែសីហា ឆ្នាំ២០២២នេះថា ពីមុនមានភាពស្រពិចស្រពិល លើវិញ្ញាសាស្នូកឃ័រការ៉ុម សម្រាប់គោលដៅស៊ីហ្គេម ២០២៣ ប៉ុន្តែពេលនេះច្បាស់លាស់ជាផ្លូការហើយ បន្ទាប់ពីលោកស្រីទទួលបានដំណឹងពីសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា ដោយ ឱ្យលោកស្រីហ្វឹកហាត់ត្រៀមខ្លួន ចូលរួមការប្រកួតស៊ីហ្គេម។ កីឡាការិនីស្នូកឃ័រការ៉ុមកម្ពុជា ដែលកំពុងល្បីល្បាញ និងរស់នៅប្រទេសកូរ៉េខាងត្បូងរូបនេះបន្ថែមថា ការចង់ឈ្នះមេដាយ អ្នកណាក៏ចង់បានដែរ ហើយលោកស្រីប្តេជ្ញាថា នឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីដណ្តើមមេដាយជូនជាតិ ពីព្រោះថា នេះជាឱកាសដ៏កម្រសម្រាប់ស៊ីហ្គេម រៀងរាល់២ឆ្នាំម្តង ហើយត្រូវបានរៀបចំជាលើកដំបូងនៅកម្ពុជា។ « ខ្ញុំពិតជាសប្បាយចិត្ត ដែលនាងខ្ញុំមានឱកាសត្រៀមចូលរួមប្រកួតដណ្តើមមេដាយ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដោយសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជាបានដាក់បញ្ជូលនូវវិញ្ញាសាការ៉ុម ដែលខ្ញុំចេះស្រាប់។ នេះជាកម្លាំងចិត្តរំភើប និងសប្បាយចិត្តគ្មានអ្វីប្រៀបផ្ទឹមពុំបាន »។ សមាជិកសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជារូបនេះ បានបង្ហាញនូវមោទកភាពជាតិយ៉ាដូច្នេះបន្ថែមទៀតថា «នាងខ្ញុំធ្លាប់បានជម្រាបជូនសហព័ន្ធដែរ នាងខ្ញុំប្តេជ្ញាចិត្តថា នឹងប្រឹងប្រែងហ្វឹកហាត់ឱ្យបានខ្លាំងក្លាបន្ថែមទៀត ក្នុងការដាក់ចិត្តដាក់កាយត្រៀមខ្លួនឱ្យល្អរឹងមាំល្អជាងការប្រកួតនៅកូរ៉េ និងការប្រកួតអន្តរជាតិនានាទៅទៀត »។ បើតាមការបញ្ជាក់ពីសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា បានឱ្យដឹងថា សហព័ន្ធបានត្រៀម១០វិញ្ញាសា សម្រាប់ស៊ីហ្គេម ២០២៣ ដោយក្នុងនោះមានផ្នែកបុរស៦វិញ្ញាសា និងនារី៤វិញ្ញាសា។ កម្ពុជាបានដាក់ត្រៀមនូវវិញ្ញាសាសរុបជាង ៥០០វិញ្ញាសា លើ៤០ប្រភេទកីឡា សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣៕ សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង