ផ្ទុះកំហឹងដេញវ៉ៃគ្នាផ្អើលដូចរឿងកុនចិន នៅកាស៊ីណូ”ប៉ាស៊ីហ្វិច”ហៅដំរី២ ខណៈសមត្ថកិច្ចៈកំពុងស្រាវជ្រាវ!
កណ្ដាល៖ មានការភ្ញាក់ផ្អើលជាខ្លាំងដោយក្រុមអ្នកញៀនល្បែង រួមនិងបុគ្គលិក-មេការកាស៊ីណូ«ប៉ាស៊ីហ្វិច» ហៅ(ដំរី២) ស្ថិតនៅក្បែរច្រកទ្វារព្រំដែនអន្តរជាតិ កម្ពុជា-វៀតណាម ជ្រៃធំ ស្រុកកោះធំ ខេត្តកណ្ដាល.។
ផ្ទុះកំហឹងដេញវ៉ៃគ្នា ពពាក់ពពូន ពេញបរិវេណមុខកាស៊ីណូ និងលើផ្លូវ ខណៈអ្នកខ្លះរត់ធ្លាក់ទឹកហែលព្រាត មើលទៅហាក់បីដូច ជារឿងកុនចិន ដែលគេសម្ដែង។ហេតុការណ៍នេះ បានកើតឡើង នៅកាស៊ីណូ«ប៉ាស៊ីហ្វិច»ហៅ(ដំរី២) ស្ថិតនៅក្បែរច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ស្រុកកោះធំ ខេត្តកណ្ដាល.នៅថ្ងៃត្រង់ថ្ងៃទី១៨.០៨.២០២២។ សេចក្ដីរាយការណ៍បានឱ្យ«ដើមរាំង»ដឹងថាៈ ករណីហិង្សាដ៏កក្រើកមួយនេះ មូលហេតុមកពីខាងកាស៊ីណូ«ប៉ាស៊ីហ្វិច»បង្ខាំងបុគ្គលិក ទុកក្នុងកាស៊ីណូ ។ ដោយភូតកុហក់ថាៈ រើសបុគ្គលិកទាំងនោះ យកទៅធ្វើការនៅកាស៊ីណូមួយទៀត ឯខេត្តព្រះសីហនុ!។ប៉ុន្តែផ្ទុយទៅវិញ មិនបានយកពួកគាត់ទៅធ្វើការនៅកាស៊ីណូ ខេត្តព្រះសីហនុឡើយ។
ទើបកើតជារឿងឈ្លោះប្រកែកគ្នា រវាងបុគ្គលិកមេការ កាស៊ីណូ រហូតផ្ទុះកំហឹង ដ៏ចម្រូងចម្រាស ប្រើអំពើហិង្សាដោយក្រុមបុគ្គលិក ព្យាយាមទម្លុះទ្វារ។ សម្រុករត់ចេញមកខាងក្រៅ កាស៊ីណូ ខ្លះកាន់ដំបង កំណាត់ឈើនិងដៃ ដេញវាយគ្នា ពពាក់ពពូន ជាមួយមេការ សន្តិសុខ លាយឡំនិងភ្ញៀវអ្នកលេងល្បែង រត់ប្រសេកប្រសាច ពាសពេញបរិវេណមុខកាស៊ីណូ និងលើផ្លូវ ។ក្នុងនោះអ្នកខ្លះរត់ធ្លាក់ទឹក ហែលឡើងគោកវិញ បណ្ដាលឱ្យរបួសចន្លោះពី៥ទៅ១០នាក់។ ករណីនេះលោក ស៊ឹម ឃាង អធិការស្រុកកោះធំ បាននិយាយយ៉ាងខ្លីថាៈខ្ញុំកំពុងស្រាវជ្រាវហើយលើ ករណីនេះ។ករណីនេះមិនមែនហិង្សាទេ គឺបុគ្គលិកវៀតណាម រៀបចំផែនការប្រមូលគ្នាទម្លុះទ្វាររបង រត់ចេញប៉ះគ្នាជាមួយសន្តិសុខ របួសសន្តិសុខ៣នាក់ មូលហេតុនៃដើមរឿង ជំនាញខេត្តកំពុងធ្វើការជាមួយក្រុមហ៊ុន។ ពលរដ្ឋនៅតំបន់នោះ បានលើកឡើងថាៈ តាំងពីមុនរហូតដល់បច្ចុប្បន្នៈកាស៊ីណូ«ប៉ាស៊ីហ្វិច»ហៅដំរី២ ខាងលើ។ គឺបើកដំណើរការ ឱ្យខ្មែរចូលលេងល្បែងស៊ីសង ម៉ាសេរីឡូកឡំ ជាមួយជនបរទេស ដោយពុំមានការទប់ស្កាត់ ពីអាជ្ញាធរ និងមន្ត្រីជំនាញឡើយ ។ ការអនុញ្ញាតឱ្យខ្មែរ ចូលលេងល្បែងជាអចិន្ត្រៃយ៍ក្នុងកាស៊ីណូ បែបនេះ គឺផ្ទុយពីគោលការរបស់រាជរដ្ឋាភិបាល ដែលកំណត់ថាៈ រាល់អាជីវកម្មបើកល្បែងកាស៊ីណូនីមួយៗ គេតម្រូវឱ្យតែជនជាតិបរទេស ចូលលេងល្បែងប៉ុណ្ណោះ.ក្នុងនោះបើខ្មែរ ចូលបម្រើការងារក្នុងកាស៊ីណូ គឺជារឿងត្រឹមត្រូវ ។ ប៉ុន្តែបើកាស៊ីណូ មួយណា ហ៊ាន អនុញ្ញាតឱ្យខ្មែរចូលលេងល្បែង គឺជារឿងខុសច្បាប់.!។តែផ្ទុយទៅវិញ កាស៊ីណូ«ប៉ាស៊ីហ្វិច»ហៅដំរី២ បើកឱ្យខ្មែរចូលលេងល្បែងរាល់ថ្ងៃយ៉ាង ពេញបន្ទុក.!។ បែរជាអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ មើលមិនឃើញស្ដាប់មិនឮ នូវរាល់សកម្មភាពទាំងនេះ។
បណ្ដាលឱ្យខ្មែរមួយចំនួន ដែលជាអ្នកញៀនល្បែងស៊ីសង សម្រុកនាំគ្នាចូលលេងល្បែងក្នុងកាស៊ីណូ«ប៉ាស៊ីហ្វិច»ហៅដំរី២ យ៉ាងគគ្រឹកគគ្រេងបំផុត។ អ្នកលេងល្បែងៈពេលឈ្នះមុខខ្លាញ់ ពេលចាញ់មុខខ្លា បើចាញ់ច្រើនកាលណា អ្វីៗក៍ហ៊ានធ្វើ អាចកើតជាអំពើចោរលួច ចោរប្លន់ ឬអំពើហិង្សាក្នុងគ្រួសារជាដើម ដោយសារចាញ់ល្បែងជំពាក់បំណុលគេ។ ទោះជាយ៉ាងណាក៍ដោយ ក្រោយផ្ទុះរឿងហិង្សាដ៏កក្រើកមួយនេះ គេសង្ឃឹមថាៈ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល លោក ឈឿន សុចិត្ត ស្នងការខេត្តកណ្ដាល នឹងរឹតបន្តឹងទប់ស្កាត់ហាមឃាត់ ចំពោះខ្មែរដែលចូលលេងល្បែងក្នុងកាស៊ីណូមួយនេះ៕ សម្រួលដោយ ទៀង បុណ្ណរី