ក្នុងរយៈពេល៧ខែ ឆ្នាំ២០២២នេះ ខេត្តសៀមរាបទទួលបានភ្ញៀវអន្តរជាតិជាង៨ម៉ឺននាក់
រយៈពេល៧ខែ ឆ្នាំ២០២២នេះ ខេត្តសៀមរាបទាំងមូលទទួលបានភ្ញៀវទេសចរសរុបចំនួន១ ២៤២ ៨៥៤នាក់ កើនឡើង៨៩០.១៧ភាគរយ ប្រៀបធៀបពេលដូចគ្នានៅឆ្នាំ២០២១ ក្នុងនោះ មានភ្ញៀវទេសចរជាតិចំនួន ១ ១៥៩ ០០០ នាក់ និងភ្ញៀវទេសចរអន្តរជាតិ ចំនួន ៨៣ ៨៥៤ នាក់។ នេះបើយោងតាមក្រសួងទេសចរណ៍។បើតាមការបញ្ជាក់របស់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឱ្យដឹងថា ភ្ញៀវទេសចរដែលចូលមកកម្សាន្តក្នុងខេត្តសៀមរាបក្នុងរយៈពេល៧ខែ ឆ្នាំ២០២២ គឺមានចំនួន ១ ២៤២ ៨៥៤ នាក់ កើនឡើង ៨៩០.១៧ភាគរយ ប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ២០២១ (ចំនួន ១២៥ ៥១៩ នាក់) ដែលក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ១ ១៥៩ ០០០ នាក់ កើនឡើង៧៩៨.៤៦ភាគរយ និងភ្ញៀវទេសចរអន្តរជាតិមានចំនួន៨៣ ៨៥៤ នាក់ កើនឡើង១៣៥១.៧៧ភាគរយ។ ឯកឧត្តមរដ្ឋមន្រ្ដីបានបន្តថា ក្នុងរយៈពេល៧ខែឆ្នាំ២០២២ដូចគ្នានេះដែរ ជើងហោះហើរក្រៅប្រទេសដែលចូលមកកាន់ខេត្តសៀមរាបមានចំនួន៥៥០ជើង និងមានអ្នកដំណើរសរុបចំនួន ៤៨ ៧៦៥ នាក់ ក្នុងនោះក្រុមហ៊ុន Singapore Airline (សិង្ហបុរី-សៀមរាប) ក្រុមហ៊ុន Air Asia (គូឡាឡាំពួ-សៀមរាប និងបាងកក-សៀមរាប) ក្រុមហ៊ុន Cambodia Angkor Air (ហូជីមីញ-សៀមរាប និងដាណាង-សៀមរាប) ក្រុមហ៊ុន Vietnam Airline (ហូជីមីញ-សៀមរាប) ក្រុមហ៊ុន Thai Smile (បាងកក-សៀមរាប) ក្រុមហ៊ុន China Eastern (គួនមីង-សៀមរាប) ក្រុមហ៊ុន Bangkok Air (បាងកក-សៀមរាប) ក្រុមហ៊ុន Air Iceland (កោះហ្កាំ-សៀមរាប)។ ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានលើកឡើងពីជើងហោះហើរក្នុងស្រុក ដែលមានក្រុមហ៊ុន Cambodia Angkor Air ភ្នំពេញ-សៀមរាប មានចំនួន១៤៥ជើង និងកំពង់សោម-សៀមរាប មានចំនួន១៣ជើង។ ក្រៅពីនោះមានក្រុមហ៊ុន Cambodia Airway ភ្នំពេញ-សៀមរាប) មានចំនួន៣ជើង។ យោងតាមស្ថិតិខាងលើនេះបង្ហាញថា ភ្ញៀវទេសចរអន្តរជាតិចូលមកខេត្តសៀមរាបតាមផ្លូវអាកាសមានប្រមាណ៧០ភាគរយ នៃចំនួនភ្ញៀវអន្តរជាតិសរុប។ មកដល់ពេលនេះមានការហោះហើរ៧-៨ជើងក្នុងមួយថ្ងៃ មានអ្នកដំណើរជាមធ្យម ៧០០-៨០០នាក់ ក្នុងមួយថ្ងៃ។ ជាមួយគ្នានេះដែរ ឯកឧត្តម ថោង ខុន បានបង្ហាញការរីករាយជាមួយនឹងកំណើនភ្ញៀវទេសចរនៅខេត្តសៀមរាបយ៉ាងដូច្នេះ៕សម្រួលដោយ ទៀង បុណ្ណរី