ប្រជាពលរដ្ឋ ឈប់រកអនុផលព្រៃឈើ នៅស្រុកកោះញែក ងាកមកចាប់អារម្មណ៍ដាំដុះដំណាំកសិកម្មផ្សេងៗ សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ

មណ្ឌលគិរី៖ លោក ម៉ន សាមាន រស់នៅភូមិអរបួន ឃុំអរបួនលើ ស្រុកកោះញែក តំណាងឲ្យសមាជិកសហគមន៍ទន្សោងកោះញែក បានឲ្យដឹងថា មុនចាប់ផ្ដើមដាំបន្លែបង្ការនេះ គាត់ធ្លាប់បានចូលទៅក្នុងព្រៃ ដើម្បីកាប់ឈើ និងប្រមូលផលអនុផល ព្រៃឈើ ជាមួយអ្នកភូមិ ដើម្បីរកប្រាក់ចិញ្ចឹមជីវិត។ លោកបន្តថា ដោយកាលនោះ មុខរបរចូលព្រៃ ប្រមូលអនុផលព្រៃឈើ របស់គាត់មិនអាចធ្វើឱ្យជីវភាពល្អ ប្រសើរនោះទេ។ ក្រោយទទួលបានការបណ្ដុះបណ្ដាលពីមន្ត្រីជំនាញ និងការផ្សព្វផ្សាយរបស់អង្គការក្រុមអភិវឌ្ឍន៍ជនបទកម្ពុជា ឬហៅកាត់ថា CRDT គាត់បានចាប់ផ្ដើមដាំដំណាំបន្លែសុវត្ថិភាពនេះ ហើយអាចធ្វើឱ្យជីវភាពគ្រួសារមានភាពប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ បន្ទាប់ពីបានដាំបន្លែមួយរយៈធំ គាត់អាចសន្សំលុយ ទិញបានដីស្រែចម្ការប្រមាណជាង៣ហិកតា ដើម្បីពង្រីក ផ្ទៃដីដាំបន្លែរបស់គាត់ ឱ្យកាន់តែធំជាងមុន។ កសិករ ម៉ន សាមាន បានបន្តថា បន្ទាប់ពីទទួលបានការប្រឹក្សាយោបល់ និងបច្ចេកទេស ពីមន្ត្រីជំនាញ និងអង្គការ ស៊ីអឌីធី គាត់អាចផលិតបន្លែសុវត្ថិភាព ផ្គត់ផ្គង់ទៅតាមតម្រូវការទីផ្សារនៅក្នុងខេត្ត និងទីផ្សារទំនើបនៅឯរាជធានីភ្នំពេញ បន្លែដែលគាត់ដាំនោះ មានច្រើនប្រភេទទៅតាមរដូវកាល ដូចជា ត្រសក់ ត្រឡាច ស្ពៃ សណ្តែកកួរ ម្ទេស ត្រប់ ខ្ញី ស្លឹកខ្ទឹម ពោត ល្ហុង ននោង ខាត់ណា ខាត់ណាដើម ម្រះ ល្ពៅ និងស្រូវផ្ការំដួល ដែលសុទ្ឋតែគ្មានជាតិគីមី។ លោកបានសំណូមពរដល់ប្រជាពលរដ្ឋ និងអតិថិជនទាំងអស់ សូមជួយគាំទ្រនូវផលិតផលរបស់សហគមន៍របស់យើង ដែលជាបន្លែធម្មជាតិ មិនមានសារធាតុគីមី មិនប៉ះពាល់ដល់សុខភាព និងជាបន្លែមានគុណភាពខ្ពស់។ សហគមន៍ទន្សោងកោះញែក គឺជាសហគមន៍មួយ បង្កើតឡើងដោយអង្គការ ក្រុមអភិវឌ្ឍន៍ជនបទកម្ពុជា (ស៊ីអឌីធី) ក្នុងគោលបំណង ដើម្បីបង្កើនឲ្យមានការចូលរួមលើការអនុវត្តន៍វិស័យកសិកម្ម ដោយផ្តោតទៅលើដំណាំបន្លែ និងដំណាំស្រូវរបស់ប្រជាកសិករ នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី ដើម្បីឲ្យពួកគាត់ងាកមកចាប់អារម្មណ៍ ក្នុងការដាំដុះបន្លែ និងដំណាំស្រូវ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងខេត្ត និងទៅក្រៅខេត្ត ក្នុងការប្រែក្លាយជីវភាពរបស់ពួកគាត់ ឲ្យមានជីវភាពសមរម្យ។ លោក ហ៊ីន រ៉ន ជំទប់ទី២ ឃុំអរបួនលើ ស្រុកកោះញែក បានឲ្យដឹងថា បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិរបស់គាត់ ជាច្រើនគ្រួសារដែលកន្លងមក ធ្លាប់តែជាអ្នកចូលក្នុងព្រៃប្រមូលអនុផលព្រៃឈើ ដើម្បីចិញ្ចឹមជីវិតក្នុងក្រុមគ្រួសារនោះ បច្ចុប្បន្នពួកគាត់ បានងាកមកដាំដុះបន្លែសម្រាប់លក់ដូរវិញ។ ហើយបងប្អូនមួយចំនួនទៀត ក៏មានការចិញ្ចឹមសត្វ ជ្រូក គោក្របី មាន់ទា ជាដើម។ ក្នុងនាមលោកជាអាជ្ញាធរមូលដ្ឋាន ពិតជាសប្បាយរីករាយយ៉ាងខ្លាំង ដែលម្ចាស់គម្រោង បានផ្ដល់ជំនួយមកដល់សហគមន៍ទន្សោងកោះញែករបស់យើង ឲ្យមានភាពប្រសើរឡើង នៅក្នុងពេលបច្ចុប្បន្ននេះ។ ជាពិសេស ក៏សូមអរគុណដល់អង្គការ ស៊ីអឌីធី ដែលតែងសហការជាមួយអាជ្ញាធរ ក្នុងការអនុវត្តន៍ការងារ និងតែងតែចុះមកតាមដាន ផ្ដល់វគ្គបណ្ដុះបណ្ដាល បច្ចេកទេសផ្សេងៗ ដល់កសិករក្នុងសហគមន៍នេះផងដែរ។ លោក ផល្លិត ស៊ីលីន តំណាងអង្គការ CRDT បានឲ្យដឹងថា សហគមន៍ទន្សោងកោះញែក បានបង្កើតឡើងនៅក្នុងឆ្នាំ ២០១៩ ដែលមានការទទួលស្គាល់ពីមន្ទីរបរិស្ថាន និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី។ បច្ចុប្បន្ន សហគមន៍ទន្សោងកោះញែក មានសមាជិក ១២០គ្រួសារ ដែលមាន ៣ឃុំ និង៥ភូមិ ក្នុងស្រុកកោះញែក។ កម្មវិធីនេះបង្កើតឡើង ក្នុងគោលបំណង ដើម្បីបង្កើនឱកាស សេដ្ឋកិច្ចសម្រាប់គ្រួសារដៃគូដែលរស់នៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច និងដែនជម្រកសត្វព្រៃស្រែពក និងបង្កើនតួនាទីក្នុងការទទួលខុសត្រូវ លើការអនុវត្តកសិកម្ម ដែលទទួលបានជំនួយពីពលរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប តាមរយៈអង្គការ WWF ដែលអនុវត្តដោយអង្គការ CRDT៕សម្រួលដោយ ទៀង បុណ្ណរី

អត្ថបទដែលជាប់ទាក់ទង