ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបពិភាក្សាការងារជាមួយក្រុមតំណាងរាស្រ្តសឹង្ហបុរី ដឹកនាំដោយឯកឧត្តម Patrick Tay
ឆ្លៀតក្នុងដំណើរទស្សនកិច្ចផ្លូវការតាមការអញ្ជើញរបស់ឯកឧត្តម Vivian Balakrishnan រដ្ឋមន្រ្តីការបរទេសសឹង្ហបុរី គណៈប្រតិភូកម្ពុជា ដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៏ នៃរដ្ឋសភាកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយក្រុមតំណាងរាស្រ្តសឹង្ហបុរី ដឹកនាំដោយឯកឧត្តម Patrick Tay សមាជិកសភា និងជាប្រធានក្រុមមិត្តភាពសមាជិកសភាសឹង្ហបុរីអាស៊ីអាគ្នេយ៏។ កិច្ចពិភាក្សាបានផ្តល់ឱកាសឲ្យក្រុមការងារសភាកម្ពុជាលើកឡើងពីចេតនាក្នុងការបង្កើតគណៈកម្មាធិការរៀបចំរបស់សមាជិកសភាវ័យក្មេងអាយប៉ា ដែលសមភាគីសមាជិកសភាសឹង្ហបុរី បានបង្ហាញការឯកភាពខ្ពស់ចំពោះគំនិតផ្តួចផ្តើមនេះ និងថែមទាំងបានបញ្ជាក់ពីចេទនានៃការចូលរួមក្នុងកិច្ចប្រជុំលើកទី១ នៃសមាជិកសភាវ័យក្មេងអាយប៉ា ដែលគ្រោងនឹងធ្វើឡើងនៅខែវិច្ឆិកា ខាងមុខនេះ នៅរាជធានីភ្នំពេញ។ ឆ្លៀតឱកាសនៃជំនួបនោះដែរ ក្រុមការងារក៏បានសិក្សាស្វែងយល់ពីច្បាប់ស្តីពីការការពារព័ត៌មានក្លែងក្លាយ និងការបំភ្លៃព័ត៌មានអនឡាញ—Protection from Online Falsehoods and Manipulation Act (POFMA) ដែលកំពុងអនុវត្តនៅក្នុងប្រទេសសឹង្ហបុរីផងដែរ៕ សម្រួលដោយ ទៀង បុណ្ណរី